ពេលវេលាគឺជាមាសប្រាក់ ដូច្នេះហើយ មនុស្សម្នាក់ៗត្រូវតែចេះរៀបចំឬ គ្រប់គ្រងពេលវេលាឲ្យបានល្អ បើមិនដូច្នោះទេ ពួកគេនឹងខាតបង់ធ្ងន់ធ្ងរ។ បើមិនចេះរៀបចំពេលវេលាទេ មានន័យថា អ្នកមិនដឹងថា គួរធ្វើអ្វីមុន និង ធ្វើអ្វីជាក្រោយឡើយ ព្រោះក្នុងមួយថ្ងៃៗមានការងារជាច្រើនដែលត្រូវធ្វើ។
បើអ្នកជាមនុស្សពូកែរៀបចំពេលវេលា មានន័យថា អ្នកមានសង្ឃឹមច្រើនក្នុងសម្រេចជោគជ័យលើអ្វីដែលខ្លួនអ្នកប្រាថ្នាចង់បាន។ ប៉ុន្តែបើមិនចេះរៀបចំទេ ប្រាកដណាស់ថាអ្នកនឹងប្រឈមបញ្ហាស្មុគស្មាញរាប់មិនអស់ ហើយវាពិតជាពិបាកក្នុងការរកដំណោះស្រាយខ្លាំងណាស់។
ខាងក្រោមនេះ គឺជាកំហុសមួយចំនួនដែលនាំរុញច្រានឲ្យអ្នកក្លាយជាមនុស្សដែលមិនចេះគ្រប់គ្រងពេលវេលាឲ្យបានល្អ៖
១) មិនដែលនឹកគិតអំពីការងារនៅថ្ងៃស្អែក
អ្នកជោគជ័យទាំងឡាយ តែងនឹកគិតជាស្រេចថា នឹងត្រូវធ្វើអ្វីនៅថ្ងៃស្អែក បើទោះបីជានាពេលនេះ ពួកគេកំពុងរវល់មួយការងារច្រើនជំពូកក៏ដោយ។ ប៉ុន្តែ បើសង្កេតមើលទូទៅវិញ ពួកគេមិនសូវខ្វាយខ្វល់ច្រើនថា ត្រូវគិតធ្វើអ្វីនោះទេសម្រាប់ថ្ងៃស្អែក ជាហេតុនាំឲ្យពួកគេមិនដឹងថា គួរធ្វើអ្វីដែលសំខាន់មុន។ មនុស្សប្រភេទនេះ គេហៅថា មនុស្សគ្មានការគិតវែងឆ្ងាយ ពោលគឺ បានត្រឹមនិយាយពាក្យថា «ដើរមួយជំហានគិតមួយជំហាន»។ ហេតុដូច្នេះហើយបានជាពួកគេពិបាកក្នុងការស្វែងរកផ្លូវទៅកាន់ភាពជោគជ័យខ្លាំងណាស់។
២) មានទម្លាប់គេងទ្រមក់
គ្មានមនុស្សជោគជ័យណាដែលចូលចិត្តគេងទ្រមក់នោះទេ ពោលគឺពួកគេតែងតែក្រោកពីដំណេកតាំងពីព្រលឹម ព្រោះការធ្វើបែបនេះជួយឲ្យពួកគេ មានពេលវេលាគ្រប់គ្រាន់ដើម្បីធ្វើកិច្ចការជាច្រើន ក្នុងនោះរាប់ទាំង ការហាត់ប្រាណដើម្បីសុខភាពផងដែរ។ ប៉ុន្តែបើអ្នកជាមនុស្សដែលចូលចិត្តគេងទ្រមក់ ប្រាកដណាស់ថា អ្នកប្រឈមបញ្ហាជាច្រើន មានដូចជា មិនអាចទទួលទានអាហារពេលព្រឹកគ្រប់គ្រាន់ ទៅធ្វើការ ឬ សិក្សាយឺតពេល និង មានបញ្ហាសុខភាពជាដើម។ ដូច្នេះហើយ អ្នកគួរតែផ្លាស់ប្តូរទម្លាប់អាក្រក់នេះចេញ ព្រោះវានាំឲ្យខាតបង់ពេលវេលា ក្នុងការធ្វើកិច្ចការសំខាន់ៗ។
៣) ផ្ដោតលើអ្វីដែលអត់ប្រយោជន៍
មនុស្សភាគច្រើនចូលចិត្តធ្វើអ្វីដែលធ្វើឲ្យអារម្មណ៍រីករាយ ប៉ុន្តែពួកគេមិនបានគិតថា វាមានប្រយោជន៍អ្វីខ្លះនោះទេ។ ដូចដែលបានដឹងហើយថា ពេលវេលាពិតជាសំខាន់ខ្លាំងណាស់ ហើយបើអ្នករវល់តែធ្វើរឿងដែលអត់ប្រយោជន៍នោះ ប្រាកដណាស់ថា អ្នកមិនអាចមានពេលឯណាទៅធ្វើរឿងសំខាន់នោះទេ ព្រោះមួយថ្ងៃមានតែ ២៤ម៉ោងប៉ុណ្ណោះ។ ដូច្នេះហើយ មុននឹងសម្រេចចិត្តធ្វើអ្វីមួយ ត្រូវគិតឲ្យច្បាស់ថា អ្វីដែលសំខាន់ និង មិនសំខាន់ ដើម្បីឲ្យច្បាស់ក្នុងចិត្តថា អ្នកមិនចំណាយពេលវេលាអត់ប្រយោជន៍លើកិច្ចការទាំងនោះ៕
0 comments:
Post a Comment