មិត្តភាពដែលល្អ គឺជាមិត្តភាពដែលស្ថិតស្ថេរយូរអង្វែងទោះបីជាស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ។ ជាទូទៅគេសង្កេតឃើញថា មិត្តភាពដែលយូរអង្វែងតែងបង្កប់នូវភាពស្មោះត្រង់ និង ផ្តល់ភាពជឿជាក់ឲ្យគ្នាទៅវិញទៅមកដោយមិនគិតតែពីផលប្រយោជន៍តែមួយមុខ ដូចគេនិយាយថា មិនហុតទឹកសម្លឹងកាក។
ប៉ុន្តែ មានមិត្តភាពខ្លះបានកសាងឡើងហើយបែរជាបញ្ចប់ទៅវិញយ៉ាងងាយស្រួល ស្ទើរតែត្រៀមខ្លួនមិនទាន់។ តើសញ្ញាណណាខ្លះទៅដែលបញ្ជាក់ថា មិត្តភាពមួយកំពុងឈានដល់ផ្លូវបញ្ចប់? ខាងក្រោមនេះជាសញ្ញាណសំខាន់ៗចំនួន៥ ស្តីពីការឈានទៅរកការបាក់បែកទំនាក់ទំនងនេះ។
១) ចាប់ផ្តើមធុញគ្នាទៅវិញទៅមកខុសពីធម្មតា
មិត្តភាពស្តែងឲ្យឃើញពីចំណុចរួមមួយគឺ ការចែករំលែកភាពសប្បាយរីករាយឲ្យគ្នា ល្អូកល្អើនជាមួយគ្នា ជាពិសេសនោះគឺចូលចិត្តធ្វើអ្វីៗដូចគ្នាតែម្តង។ យ៉ាងណាមិញ នៅពេលដែលអ្នកកត់សម្គាល់ថា មិត្តភក្ដិរបស់អ្នកចាប់ផ្តើមមានសញ្ញាណធុញទ្រាន់ ឬ នៅពេលអ្នកត្រូវការពឹងពាក់ម្តងៗ នេះវាបញ្ជាក់បានថា មិត្តភាពរបស់អ្នកកំពុងឈានទៅរកការប្រេះស្រាំហើយ។
២) ដាច់ការទាក់ទងគ្នាបន្តិចម្តងៗ
នេះជាសញ្ញាណមួយទៀតដែលបង្ហាញពីការឈានទៅរកផ្លូវបំបែកនៃមិត្តភាពរបស់អ្នក។ អ្នកប្រហែលជាធ្លាប់ដើរកម្សាន្តជាមួយគ្នាជាញឹកញយ ទៅណាមកណាទៅជាមួយគ្នា ណាត់ញាំអីជាមួយគ្នា ឬ ឧស្សាហនិយាយទូរស័ព្ទសួរសុខទុក្ខគ្នាជាដើម។ ប៉ុន្តែ បើអ្វីៗទាំងនេះ មានខុសពីប្រក្រតី មិត្តភក្ដិទៅណាក៏មិនទៅជាមួយគ្នាដូចមុន មិនសូវសួរសុខទុក្ខគ្នា ចូលចិត្តដើរលេងជាមួយអ្នកផ្សេងវិញ ហើយមើលរំលងអ្នក នេះវាច្បាស់ណាស់ថា មិត្តភាពរបស់អ្នកចាប់ផ្តើមងាកចេញពីគ្នាបន្តិចម្តងៗ។
៣) គ្មានចំណុចរួមដូចមុន
នេះជាបញ្ហាដ៏ធំមួយប៉ះពាល់ដល់មិត្តភាព ជាពិសេសអ្នកដែលធ្លាប់រាប់អានគ្នាយូរឆ្នាំ។ ពីមុនអ្នកចូលចិត្តធ្វើអ្វីដូចគ្នា មានចំណាប់អារម្មណ៍ដូចគ្នា និយាយឆាប់ចុះសម្រុងគ្នាបានល្អ មិនមានការខ្វែងគំនិតគ្នា និង លើកសរសើរគ្នាទៅវិញទៅមកជាដើម។ ផ្ទុយទៅវិញ បើចំណុចទាំងនេះបានបង្កើតទៅជាសកម្មភាពដើរផ្សេងគ្នាហើយនោះ វាជាសញ្ញាណមួយបញ្ជាក់ថា មិត្តភាពរបស់អ្នកកំពុងរសាត់តាមខ្យល់ហើយ។
៤) អ្នកជាជម្រើសចុងក្រោយរបស់គេ
កាលពីមុន នៅពេលមានព័ត៌មានគួរឲ្យចាប់អារម្មណ៍ រឿងរ៉ាវប្លែកៗ ដើរកម្សាន្ត ជួបជុំកម្មវិធីសប្បាយៗ ឬ គ្រាអាសន្នផ្សេងៗ មិត្តសម្លាញ់របស់អ្នកអាចនឹកឃើញដល់អ្នកមុនគេ មិនមើលរំលងអ្នកនោះឡើយសូម្បីតែម្តង។ តែវាជារឿងសោកស្តាយហើយ បើនៅពេលនេះ អ្នកក្លាយជាជម្រើសចុងក្រោយមិត្តសម្លាញ់របស់អ្នក នៅពេលអ្នកត្រូវបានមើលរំលងនៅរាល់សកម្មភាពទាំងអំបាលម៉ានខាងលើនេះ រហូតដល់ថែមទាំងភ្លេចអ្នកទៀតផង។
៥) រិះគន់ឬ ស្អប់អ្នកខុសពីប្រក្រតី
ពិតមែនហើយ អ្នកចូលចិត្តបង្កើតភាពសប្បាយរីករាយជាមួយគ្នា បង្អាប់គ្នាលេងចុះឡើង សុខចិត្តអត់មានស៊ីឃ្លានជាមួយគ្នា យកអាសាគ្នាដោយមិនចេះធុញថប់ ត្អូញត្អែរ និង មិនគិតគុណអាស្រ័យជាដើម។ ទោះបីជាបែបនេះក្តី អ្នកត្រូវយល់ថា មិត្តភាពរបស់អ្នកលែងដូចមុន នៅពេលដែលមនុស្សដែលអ្នករាប់អានពីមុនមក ចាប់ផ្តើមយកលេសនេះយកលេសនោះ ឬ ត្អូញត្អែរច្រើននៅពេលអ្នកសុំជំនួយ មិនចូលចិត្តអ្នក និង ថែមរិះគន់អ្នកដោយមិនលាក់លៀមនៅពេលដែលអ្នកបានប្រព្រឹត្តកំហុសឡើង។ បញ្ហាទាំងនេះ ទោះបីជាអ្នកមិនព្យាយាមច្រាន ក៏ដួលដោយខ្លួនឯងដែរ៕
0 comments:
Post a Comment