ម្ចាស់ Facebook Page គ្រួសារកក់ក្តៅ លោក អ៊ុច សម្បត្តិ ដែលបានអះអាងថា លោកជាស្ថាបនិកហាង ២៥០០៛ ដំបូងគេនៅក្នុងប្រទេសកម្ពុជា ឲ្យដឹងថា លោកធ្លាប់ធ្វើជាអ្នកលក់ប្រហិតនៅក្នុងតំបន់កម្សាន្ត Dream Land មុននឹងក្លាយជាស្ថាបនិកហាង ២៥០០៛ និងជាម្ចាស់ដេប៉ូភេសជ្ជៈមួយដែលទើបនឹងបាននាំចូលបច្ចេកវិទ្យាថ្មីគឺទូរលក់ភេសជ្ជៈដោយស្វ័យប្រវត្តិ។
គួររម្លឹកថា ទូរលក់ភេសជ្ជៈដោយស្វ័យប្រវត្តិ គឺជាបច្ចេកវិទ្យាកំពុងទទួលបានការពេញនិយមនៅបស្ចិមប្រទេសជាច្រើនឆ្នាំមកហើយ។
ម្ចាស់ដេប៉ូភេសជ្ជៈហ៊ាទ្រីលោក អ៊ុច សម្បតិ្ត បានឲ្យ TheBNEWS ដឹងថា ជាការពិតទូរលក់ភេសជ្ជៈដោយស្វ័យប្រវត្តិនេះ បើនិយាយសម្រាប់ប្រជាពលរដ្ឋខ្មែរជាអ្វីដែលថ្មី ប៉ុន្តែបើយើងនិយាយពីប្រទេសគេវិញ វាគឺជារឿងចាស់ ព្រោះប្រជាពលរដ្ឋនៅប្រទេសគេ បានប្រើប្រាស់ទូរប្រភេទនេះរយៈពេលប្រមាណជាង ២០ឆ្នាំរួចមកហើយ។
លោកបានថ្លែងដូច្នេះថា ៖«ជាក់ស្ដែង ដូចជាហាង២៥០០៛ បើនិយាយពីប្រទេសគេវិញ គឺគេមានហាងប្រភេទនេះយូរមុនយើង ដូចជាម៉ាតលក់ទំនិញទាំងអស់សុទ្ធតែមានតម្លៃ១$ និងហាងលក់ទំនិញដែលមានតម្លៃ១០-២០សេនជាដើម ប៉ុន្តែនៅពេលយើងយកគំនិតដែលយើងគិតថាចាស់នៅស្រុកគេ វាបែរជារឿងមួយថ្មី អីចឹងរឿងទូរទឹកកកនេះទៀតសោតក៏ជារឿងថ្មីសម្រាប់ប្រជាពលរដ្ឋកម្ពុជាដែរ បើទោះជាចាស់សម្រាប់ស្រុកគេក៏ដោយ»។
សហគ្រិនរូបនេះបានយល់ឃើញថា អ្វីដែលសំខាន់ លោកចង់ឲ្យប្រជារដ្ឋកម្ពុជា អាចសាកល្បងនូវអ្វីដែលជាការវិវត្តន៍របស់ពិភពលោក។
ម្ចាស់Facebook Page គ្រួសារកក់ក្ដៅរូបនេះ បានរៀបរាប់ពីទូរលក់ដោយស្វ័យប្រវត្តិនេះបន្តថា លោកទើបតែបានតាំងបង្ហាញ ក៏ដូចជាដាក់ឲ្យសាកល្បងទូរនេះបានរយៈពេលបីថ្ងៃនោះទេ គឺនៅទីតាំងហាង ២៥០០៛ ទល់មុខបឋមសិក្សាទួលគោក។
ន្ទាប់ពីដាក់ឲ្យមានការប្រើប្រាស់សាកល្បងបានមួយសប្ដាហ៍រួចមក លោក នឹងបើកឲ្យមានការដាក់ពាក្យស្នើសុំទូរលក់ភេសជ្ជៈដោយស្វ័យប្រវត្តិនេះ ទៅដល់ដៃគូរសហប្រតិបត្តិការ (ចំនួនប្រហែល ៣០០គ្រឿង សម្រាប់អ្នកដែលចង់រកស៊ី តែនៅមិនទាន់ដឹងថាគួររកស៊ី ឬចាប់ផ្ដើមពីចំណុចណា) ពោលគឺ លោកនឹងឲ្យទាំងទូរ និងភេសជ្ជៈ ដើម្បីដាក់លក់ ដោយអ្នកដែលចង់បានទូរនេះ គ្រាន់តែដាក់ប្រាក់កក់ណាមួយដែលលោកតម្រូវតែប៉ុណ្ណោះ។
លោកសម្បត្តិឲ្យដឹងបន្តថា គម្រោងរបស់លោក គឺចង់ដាក់ទូរនេះឲ្យបាន ១០០០គ្រឿង ទាំងនៅតាមខេត្ត និងក្នុងរាជធានីភ្នំពេញ ។ លោកថា ទូរលក់ភេសជ្ជៈដោយស្វ័យប្រវត្តិនេះ អាចផ្ទុកភេសជ្ជៈបានចំនួន ៣០០ដប និងមានតម្លៃដូចនៅលើទីផ្សារ ហើយទូរនេះ ក៏មានប្រព័ន្ធគិតលុយ និងអាប់លុយខ្មែរ ដោយស្វ័យប្រវត្តិ និងវាស្គាល់តែលុយខ្មែរ ចាប់ពីក្រដាស ប្រាំពាន់ចុះក្រោម)។
សូមបញ្ជាក់ថា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញក៏មាននាំចូលម៉ាស៊ីនលក់ភេសជ្ជៈដោយស្វ័យប្រវត្តិដែរប៉ុន្តែមិនអាចអាប់លុយបាននោះទេ៕
0 comments:
Post a Comment