ភាពខ្មាសអៀន ភ័យផងអរផង អារម្មណ៍មិននឹងនរ ចង់បង្ហាញការងារភ្លាមៗយ៉ាងតក់ក្រហល់ជាដើម គឺជារឿងធម្មតាទៅហើយនៅក្នុងថ្ងៃការងារដំបូងរបស់ប្រិយមិត្តទូទៅ។ ទោះបីជាបែបនេះក្តី ទាំងនេះជាសញ្ញាណមិនល្អមួយដែលអ្នកគួរជៀសវាង ហើយគិតពីអ្វីដែលអ្នកគួរធ្វើជំនួសវិញនៅកំឡុងពេលនេះ។ ចំណុចសំខាន់ៗទាំង ១៤ ខាងក្រោមនេះអាចទុកធ្វើជាត្រីវិស័យជួយបង្ហាញផ្លូវដល់ប្រិយមិត្តបាននៅពេលធ្វើការងារថ្ងៃដំបូងនេះ។
១) មកឲ្យបានមុនម៉ោង
ថ្ងៃធ្វើការដំបូងរបស់អ្នក អ្នកត្រូវមកធ្វើការឲ្យបានមុនគេ យ៉ាងហោចណាស់ឲ្យបាន ១៥ នាទីមុនម៉ោងធ្វើការដែរ ដើម្បីបង្ហាញពីភាពសកម្មមួយរបស់អ្នកនៅក្នុងការងារថ្មីនេះ និង អាចមានពេលគ្រប់គ្រាន់ក្នុងការត្រៀមខ្លួនមុនការងារចាប់ផ្តើម។
២) ត្រៀមខ្លួន និង លើកចម្ងល់ឡើង
លោកអ្នកគួរតែស្តាប់ឲ្យបានច្រើនបន្តិចពីអ្នកគ្រប់គ្រង និង ក្រុមការងារ ហើយចាប់ផ្តើមសាកសួរសំនួរឲ្យបានច្រើននូវចម្ងល់នានាជុំវិញការងាររបស់អ្នក ជាពិសេសនៅពេលមានភាពស្រពិចស្រពិលពីតួនាទីដែលអ្នកត្រូវធ្វើនៅក្នុងការងារថ្មីនេះតែម្តង។
៣) បង្កើតទំនាក់ទំនង
កត្តាដ៏សំខាន់ចំនួនពីរនៅទីនេះគឺថា អ្នកមិនត្រឹមតែចាប់ផ្តើមបង្កើនទំនាក់ទំនងជាមួយក្រុមការងាររបស់អ្នកតែប៉ុណ្ណោះទេ តែអ្នកក៏ត្រូវសម្លឹងមើលបុគ្គលិកឯទៀតដែលអ្នកយល់ថា គឺជាបុគ្គលដែលគួរឲ្យរាប់អាន។ នេះនឹងធ្វើឲ្យអ្នកមានពង្រីកបណ្ដាញទំនាក់ទំនងកាន់តែធំឡើង និង បង្កើតភាពស្និទ្ធស្នាលគ្រប់ច្រកល្ហកនៅក្នុងកន្លែងការងាររបស់អ្នក។
៤) សម្រាក
អ្នកត្រូវចាំថា នៅថ្ងៃដំបូងរបស់អ្នក ក៏ជាថ្ងៃដែលអ្នកត្រូវសម្រាកផងដែរដើម្បីយកពេលពិនិត្យមើលយុទ្ធសាស្ត្រជាច្រើនជួយបង្កើនប្រសិទ្ធភាពការងារ។ អ្នកត្រូវប្រាកដថា អ្នកពិតជាបានសម្រាក ត្រៀមខ្លួន និង មានហេតុផលគ្រប់គ្រាន់ដើម្បីបំពេញការងារបានទាន់ពេលវេលា។
៥) ញញឹម
កុំភ្លេចណា! នៅពេលដែលអ្នកឈានជើងចូលធ្វើការងារក្នុងថ្ងៃដំបូង សូមបង្កើនស្នាមញញឹមទៅមនុស្សគ្រប់គ្នាឲ្យបានច្រើន ជាពិសេសអ្នករួមក្រុមការងារ ព្រោះវាអាចផ្តល់ថាមពលជួយបង្កើនភាពស្និទ្ធស្នាល ការរាប់អាន និង ក្តីសង្ឃឹមមួយប្រកបដោយភាពជឿជាក់គ្នាទៅវិញទៅមក ហើយនេះតំណាងឲ្យភាពពេញចិត្តពេញថ្លើមនៅកន្លងការងារតែម្តង។
៦) ស្លៀកពាក់ឲ្យបានត្រឹមត្រូវ
នៅពេលដែលអ្នកស្លៀកពាក់មិនសមរម្យពេក តុបតែងខ្លួនជ្រុល ឬ ស៊ីវិល័យពេកខុសពីបទបញ្ជាផ្ទៃក្នុងនៃឯកសណ្ឋានការងារ នឹងធ្វើឲ្យក្រុមការងាររបស់សម្លឹងមកអ្នកក្នុងផ្លូវអវិជ្ជមានមួយ។ ចំណុចនេះ អ្នកគ្រាន់តែស្លៀកពាក់ឲ្យសមសួននឹងការងាររបស់អ្នក ឬបើមិនច្បាស់ទេ គួរសាកសួរផ្នែករដ្ឋបាល (Admin) គឺអាចបង្ហាញផ្លូវអ្នកដោះស្រាយបញ្ហានេះបាន។
៧) កុំខ្មាសអៀន
ភាពខ្មាសអៀន មិនគួរកើតមាននៅថ្ងៃចូលធ្វើការដំបូងរបស់អ្នកនោះឡើយ ពោលគឺអ្នកត្រូវបង្ហាញខ្លួនដោយស្វាហាប់ និង មានទំនុកចិត្តរាល់ពេលបង្ហាញខ្លួនទៅកាន់មនុស្ស ឬ បុគ្គលិកថ្មីៗនៅកន្លែងការងាររបស់អ្នក ទើបជាជម្រើសដ៏ល្អប្រសើរ។
៨) កុំព្យាយាមធ្វើការខ្លាំងពេក
នៅថ្ងៃដំបូង អ្នកប្រហែលជាចង់បង្ហាញភាពទាក់ទាញទៅបុគ្គលិកគ្រប់គ្នាថា អ្នកជាបុគ្គលិកមួយដ៏សកម្មម្នាក់។ យ៉ាងណាក៏ដោយ ចំណុចនេះកុំអាលតក់ក្រហល់អ្វី ពោលគឺត្រូវសម្រួលឥរិយាបថជាធម្មតា ធ្វើការមួយៗ រង់ចាំបញ្ចេញថាមពលរបស់អ្នកនៅថ្ងៃបន្ទាប់ក៏មិនយឺតពេលដែល។
៩) កុំបដិសេធន៍ពេលមានគេអញ្ជើញទទួលទានអាហារថ្ងៃត្រង់
ប្រសិនបើអ្នករួមការងារ ចៅហ្វាយ ឬ អ្នកគ្រប់គ្រងរបស់អ្នកអញ្ជើញអ្នកទៅទទួលទានអាហារថ្ងៃត្រង់នៅថ្ងៃដំបូងនេះ អ្នកត្រូវយល់ព្រមភ្លាមៗ ព្រោះថានេះបានបង្ហាញពីការចូលរួមរបស់អ្នកក្នុងក្រុមការងារថ្មី ដែលជាតម្រូវការដ៏ចាំបាច់សម្រាប់ប្រសិទ្ធភាពការងារនេះឯង។
១០) ស្តាប់ និង អង្កេតដោយយកចិត្តទុកដាក់
ចំណុចដ៏ល្អបំផុតដែលអ្នកគួរតែធ្វើនៅក្នុងថ្ងៃដំបូងនៃការងាររបស់អ្នក គឺត្រូវស្តាប់ហើយស្តាប់ទៀត ស្តាប់ឲ្យបានច្រើន។ វាមិនមែនជាពេលវេលាដ៏សមស្របមួយសម្រាប់អ្នកឲ្យបញ្ចេញទស្សនៈឲ្យបានច្រើននោះទេ ហើយអ្នកត្រូវប្រាកដថា ការស្តាប់របស់អ្នកប្រកបដោយភាពរីករាយរាក់ទាក់ ញញឹម និង យកចិត្តទុកដាក់បំផុតដើម្បីដឹងពីការងារដែលអ្នកត្រូវធ្វើ។
១១) យកចិត្តទុកដាក់ស្តាប់ការសម្រេចចិត្តលើយុទ្ធសាស្ត្រការងារ
ការស្តាប់ និង អង្កេតដោយយកចិត្តទុកដាក់មិនទាន់គ្រប់គ្រាន់សម្រាប់អ្នកនៅឡើយទេ។ ហេតុដូច្នេះ អ្វីដែលជាការងារបន្ទាប់របស់អ្នកនោះគឺថា តើចៅហ្វាយ អ្នកគ្រប់គ្រង ឬ ក្រុមការងាររបស់អ្នកបានសម្រេចចិត្តលើយុទ្ធសាស្ត្រការងារដោយរបៀបណា? នៅពេលមានកិច្ចប្រជុំ ឬ យុទ្ធសាស្ត្រត្រូវបានធ្វើឡើង វាជាឱកាសដ៏ល្អដើម្បីផ្តល់ឲ្យអ្នករៀនសូត្របាន។
១២) ពិនិត្យមើលតួនាទីការងារ
ជាការពិតនៅថ្ងៃដំបូងរបស់អ្នក ភាគីក្រុមហ៊ុននឹងលើកឡើងពីតួនាទីរបស់អ្នកជាលាយលក្ខណ៍អក្សរ ឬ ដោយផ្ទាល់មាត់ថា តើអ្នកត្រូវធ្វើអ្វីខ្លះ? អ្នកត្រូវមើលពីតួនាទីនីមួយៗរបស់អ្នក និង ដើម្បីដឹងពីអ្វីដែលនឹងកើតមានលើការងាររបស់អ្នកនៅពេលខាងមុខ។
១៣) ទូរស័ព្ទត្រូវដាក់សម្លេងស្ងាត់
ថ្ងៃដំបូងនៃការងារ ជាពេលវេលាមួយដែលអ្នកត្រូវយកចិត្តដាក់ស្តាប់ ស៊ើបអង្កេត និង ពិនិត្យមើលសកម្មភាពជាច្រើននៅកន្លែងការងាររបស់អ្នក។ វាមិនសមទំនងនោះឡើយដែលអ្នកត្រូវទំនាក់ទំនងទៅមនុស្សខាងក្រៅនៅក្នុងថ្ងៃនេះ ដូច្នេះហើយមានតែដាក់ទូរស័ព្ទចុះ និង ដាក់សម្លេងស្ងាត់ប៉ុណ្ណោះទើបជាជារឿងត្រឹមត្រូវ។
១៤) ប្រើភាសាកាយវិការឲ្យបានត្រឹមត្រូវ
អ្នកអាចជាបុគ្គលិកមួយនិយាយបានល្អ តែងាកមកមើលកាយវិការវិញ បញ្ចេញអាកប្បកិរិយាឆ្គាំឆ្គងមិនសមទំនងទៅនឹងអ្វីដែលអ្នកនិយាយ វានឹងធ្វើឲ្យថ្ងៃការងារដំបូងនេះក្លាយជារឿងមួយរអាក់រអួលផងដែរ។ ម្ល៉ោះហើយ ចំណាយពេលពិនិត្យវាឲ្យបានដិតដល់បន្តិចទៅ ថាតើកាយវិការរបស់អ្នកអាចធ្វើឲ្យអ្នករួមការងារចាប់អារម្មណ៍ដូចម្តេចខ្លះ? ដំណោះស្រាយដ៏ល្អដើម្បីឲ្យកាយវិការរបស់អ្នកក្លាយជាភាសាទំនាក់ទំនងយ៉ាងមានប្រសិទ្ធភាព អ្នកត្រូវសម្រួលអារម្មណ៍ឲ្យបាននឹងនរ និយាយមួយៗ កុំភ័យ ហើយកុំភ្លេចស៊កពាក្យកំប្លុកកំប្លែងបន្តិចផងនោះ គឺកាន់តែល្អតែម្តងក្នុងពេលនេះ៕
0 comments:
Post a Comment