ប្រិយមិត្តមានដឹងឬអត់ថាតារាចម្រៀងមកពីប្រទេសអង់គ្លេសមានឈ្មោះល្បីដូចសព្វថ្ងៃដោយបទណាខ្លះ? ក្នុងឱកាសតារាចម្រៀងលំដាប់អន្តរជាតិ Jessie J នឹងមកសម្ដែងក្នុងប្រទេសកម្ពុជានៅថ្ងៃទី ១២ ខែធ្នូ ខាងមុខនេះ Sabay សូមណែនាំបទមួយចំនួនដែលបានធ្វើឲ្យ Jessie មានឈ្មោះបោះសំឡេងដូចសព្វថ្ងៃ។
Jessica Ellen Cornish កើតថ្ងៃទី ២៣ ខែមីនា ឆ្នាំ ១៩៨៨ ដែលត្រូវបានគេស្គាល់ច្រើនតាមរហស្សនាមថា Jessie J គឺជាតារាចម្រៀងនិងកវីនិពន្ធជនជាតិអង់គ្លេសម្នាក់។ Jessie ធំដឹងក្ដីឡើងនៅទីក្រុង London ហើយចាប់ផ្ដើមអាជីពជាតារាចម្រៀងរបស់ខ្លួននៅអាយុ ១១ ឆ្នាំ។ តារាចម្រៀងរូបនេះបានចូលរៀននៅសាលាសិល្បៈ BRIT School មុនពេលចុះកុងត្រាជាមួយផលិតកម្មចម្រៀង Gut Records។ ក្រោយមកទៀត នាងចាប់ផ្ដើមនិពន្ធចម្រៀងឲ្យតារាចម្រៀងល្បីឈ្មោះដូចជា Chris Brown និង Miley Cyrus។
បន្ទាប់ពីក្លាយជាតារាក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Universal Republic, Jessie J បានបញ្ចេញបទចម្រៀងទោលទីមួយរបស់ខ្លួនដែលមានចំណងជើងថា “Do It Like a Dude”។ យ៉ាងណាមិញ បទមួយនេះមិនទាន់បានពាំនាំមកឲ្យ Jessie នូវភាពជោគជ័យអ្វីគួរឲ្យកត់សម្គាល់នោះទេ។ រហូតដល់ពេលតារាចម្រៀងវ័យ ២៧ ឆ្នាំនេះបញ្ចេញបទទោល “Price Tag” ទើបធ្វើឲ្យទស្សនិកជនបានស្គាល់នាងច្រើនជាងមុន។ “Price Tag” បានជាប់ចំណាត់លេខមួយនៅលើតារាងបទចម្រៀងពិភពលោកក្នុង ១៩ ប្រទេសរួមមានចក្រភពអង់គ្លេសផងដែរ។ ជាមួយនឹងភាពជោគជ័យនេះ Jessie បន្តបញ្ចេញអាល់ប៊ុមទីមួយរបស់ខ្លួនដែលមានចំណងជើងថា “Who You Are” ក្នុងឆ្នាំ ២០១១។ បទទោល “Domino” ក្នុងអាល់ប៊ុមដដែលនេះ បាននាំមកនូវភាពជោគជ័យបន្តទៀតឲ្យ Jessie នៅលើឆាកអន្តរជាតិដោយបានជាប់លេខមួយក្នុងតារាង “Billboard Hot 100” របស់អាមេរិក។
ក្នុងឆ្នាំ ២០១៣ អាល់ប៊ុម “Alive” របស់ Jessie ត្រូវបានបញ្ចេញហើយមានបទចម្រៀងជាច្រើនក្នុងអាល់ប៊ុមមួយនេះក្លាយជាបទ Hit របស់នាង។ នៅក្នុងនោះបទដែលទទួលបានការចាប់អារម្មណ៍ជាងគេនោះគឺបទ “Bang Bang” ដែលបានជាប់លេខមួយក្នុងតារាងចម្រៀងអង់គ្លេសនិងបណ្ដាប្រទេសជាច្រើនទៀតលើពិភពលោក។ “Bang Bang” គឺជាការសហការគ្នារវាងតារាចម្រៀងល្បីៗបីរូបគឺ Nicki Minaj, Ariana Grande និង Jessie J ខ្លួនឯងផ្ទាល់។
ដើមឆ្នាំ ២០១៥ ក្រុមហ៊ុនផលិតភាពយន្ត Gold Circle Films បានអញ្ជើញ Jessie J ឲ្យច្រៀងបទ “Flashlight” ឲ្យរឿង “Pitch Perfect 2” របស់ខ្លួន។ បទនេះត្រូវបាននិពន្ធដោយកវី Sia Furler និងតារាចម្រៀងអង់គ្លេស Sam Smith។ បើទោះបីជាមិនទទួលបានជោគជ័យខ្លាំងដូចបទមុនៗរបស់ខ្លួនក៏ដោយ តែ “Flashlight” ទទួលបានចំណាប់យ៉ាងច្រើនពីសំណាក់អ្នកគាំទ្ររបស់ Jessie ដោយបទនេះត្រូវបានគេ cover ហើយបង្ហោះឡើងហូរហែលើ Youtube និង Facebook និងត្រូវបានគេទស្សនារាប់លានដងនៅលើគេហទំព័រទាំងនេះ៕
0 comments:
Post a Comment