អ្វី​ទៅ​ជា​ វដ្ដ​​​ផលិតផល​ (Product Lifecycle)?


​ 
និយាយ​ដោយ​ស្រួល​ស្ដាប់​ វដ្ដ​ផលិតផល​​បង្ហាញ​ពី​​ដំណាក់​កាល​ទាំង​ប្រាំ​នៃ​​​​​ការ​វិវឌ្ឍ​​​ផលិតផល។ ចំពោះ​​ពាក្យ​នេះ​ គេ​ច្រើន​ហៅ​វា​ដោយ​ខ្លី​ថា​ PLC។ ​ទ្រឹស្ដី​អាជីវកម្ម​មួយ​នេះ​នឹង​បង្រៀន​លោក​អ្នក​​ឱ្យ​បាន​ដឹង​ថា​ តើ​ថា​ផលិតផល​​នី​មួយ​ៗ​មាន​ការ​​វិវឌ្ឍ​យ៉ាង​ណា​ ជា​ពិសេស​​ដំណាក​កាល​ណា​ នឹង​លេខ​មុខ​​គូ​ប្រជែង​ច្រើន។ ​​​ដំណាក់​កាល​សំខាន់​ៗ​ទាំង​ប្រាំ​នោះ​មាន​៖

​១)​ ការ​អភិវឌ្ឍន៍​ (Development)៖ ​គឺ​ជា​ដំណាក់​កាល​ដំបូង​នៃ​ផលិតផល។ ​​វា​ស្ថិត​នៅ​ក្នុង​សាកល្បង​​ ឬ​ស្ថិត​នៅ​ក្នុង​មន្ទីរ​ពិសោធន៍​នៅ​ឡើយ។ ​​​ផលិតផល​បាន​លេច​ចេញ​ជា​រូប​រាង​នៅ​ក្នុង​ដំណាក់កាល​នេះ​ គឺ​កើត​ចេញ​ពី​ការ​ស្រាវជ្រាវ​ពី​តម្រូវ​ការ​ ​​​និង​ការ​ចង់​បាន​ពី​អតិថិជន។ ​​ ​​​បើ​សិន​​ជា​ការ​សាកល្បង​ទទួល​បាន​ផល​ជា​វិជ្ជមាន​ ​​វា​នឹង​​ឈាន​ដល់​ការ​ផលិត​​​។ ជា​ទូទៅ​ដំណាក់​កាល​នេះ​គឺ​ជា​ដំណាក់​កាល​ក្រុមហ៊ុន​ចំណាយ​ច្រើន​ គ្មាន​ទទួល​​​បាន​ចំណូល​ (ព្រោះ​ផលិតផល​មិន​ទាន់​លក់​បាន) ពោល​គឺ​មាន​តែ​ចំណាយ​មួយ​គត់។ ​​

​២) ដំណាក់​កាល​ចាប់​ផ្ដើម (Introduction) ៖ ​ជា​ដំណាក់​កាល​ដែល​ផលិតផល​ត្រូវ​បាន​ដាក់​នៅ​លើ​ទីផ្សារ​ជា​លើក​ដំបូង។ ដំណាក់​កាល​នេះ​គឺ​ការ​លក់​មាន​ទំហំ​តូច​ព្រោះ​ថា​អតិថិជន​មិន​ទាន់​ស្គាល់​ច្រើន។ ​​ការ​ចំណាយ​ផ្សេង​ៗ​ក៏​មាន​ចំនួន​ច្រើន​ដែរ​ ជា​ពិសេស​គឺ​​កញ្ចប់​ថវិកា​ចំណាយ​សម្រាប់​​ការ​ផ្សព្វផ្សាយ​តែ​ម្ដង​ព្រោះ​ដើម្បី​ឱ្យ​អតិថិជន​បាន​ស្គាល់​ផលិតផល​​​ឱ្យ​បាន​ច្រើន។ ​​គោលដៅ​ចំណង​នៃ​ដំណាក់​កាល​នេះ​ គឺ​​​បង្កើត​ទីផ្សារ​​មួយ​សម្រាប់​ផលិតផល​ និង​​បង្កើត​តម្រូវ​ការ​មក​លើ​ផលិតផល​នោះ។ ​

​៣) ដំណាក់​កាល​កើន​ឡើង​ (Growth)៖ ​​ប្រសិន​បើ​ការ​ផ្សព្វផ្សាយ​​​បាន​​ល្អ​ ​ស្រប​ពេល​ដែល​ក្រុមហ៊ុន​អាច​បង្កើត​ទីផ្សារ (បង្កើត​តម្រូវ​ការ) ​មួយ​សម្រាប់​ផលិតផល​របស់​ខ្លួន​​បាន​ជោគជ័យ​​ហើយ​នោះ​ នោះ​គឺ​ឈាន​ដល់​ដំណាក់កាល​នៃ​​កំណើន។ ​​​មាន​ន័យ​ថា​ ការ​លក់​ចាប់​ផ្ដើម​មាន​ការ​កើន​ឡើង​ ​ហើយ​ជា​​ពេល​ដែល​ក្រុមហ៊ុន​អាច​ទទួល​បាន​ចំណេញ​ក្រាស់​ក្រែល​ផង​ដែរ។ ​

​៤)​ ដំណាក់​កាល​​ឆ្អែត (Maturity) ៖​ គឺ​ជា​ដំណាក់​កាល​នៃ​ការ​ទទួល​បាន​​​ប្រាក់​ចំណេញ​ខ្ពស់​បំផុត​ (កម្រិត​អតិបរមា)​​ ​ព្រោះ​ថា​ការ​លក់​នឹង​កើន​ឡើង​យ៉ាង​គំហុក​តែ​ម្ដង។ ​​​​ម៉ាក​ ឬ​យីហោ​នៃ​ផលិតផល​គឺ​​​មាន​អតិថិជន​ស្គាល់​ទូលំទូលាយ​ ​ ​​អ្វី​ដែល​ជា​សញ្ញាណ​ថ្មី​មួយ​ទៀត​នោះ​គឺ​ការ​លេច​មុខ​គូ​ប្រកួត​ដែល​ជា​​លទ្ធផល​ ​​នឹង​កាត់​បន្ថយ​ចំណែក​ទីផ្សារ​ និង​តម្លៃ​ (អាច​មាន​ការ​ប្រកួត​ប្រជែង​​ ​តាម​រយៈ​ការ​កំណត់​ថ្លៃ)។ ​ក្រុមហ៊ុន​ទៀត​សោត​ ក៏​ត្រូវ​បង្កើន​ការ​ចំណាយ​ដើម្បី​ទប់ទល់​ជា​មួយ​គូ​ប្រកួត​ដែរ។ ​ជា​ទូទៅ​នៅ​ដំណាក់​កាល​ចុង​ក្រោយ​នៃ​ដំណាក់​កាល​ទី​៤​នេះ​ គឺ​​​​​​ផលិតផល​គឺ​ដល់​​ទីតាំង​ឆ្អែត​មួយ​​ ពោល​គឺ​មិន​អាច​កើន​ឡើង​ទៀត​ទេ។ ​​

​៥) ​ដំណាក់​កាល​ថយ​ចុះ​ (Decline)៖ ​​យូរ​និង​ឆាប់​​ ​ការ​លក់​នឹង​ធ្លាក់​ចុះ​ដោយ​សារ​តែ​​អតិថិជន​​ចង់​ផ្លាស់​ប្ដូរ​រសជាតិ​ ​និង​ជម្រើស​របស់​គូប្រកួត​ប្រសើរ​ជាង។ ​​ដំណាក់​កាល​នេះ​ គឺ​ជា​ដំណាក់​កាល​ដែល​ក្រុមហ៊ុន​ត្រូវ​គិត​ឡើង​វិញ​ ថា​តើ​គួរ​ស្រង់​ដើម​តាម​វិធី​ណា។ កែ​ប្រែ​ផលិតផល​ថ្មី​ ពង្រីក​ផលិតផល​ (product extension) ឬ​ឈប់​ផលិត​តែ​ម្ដង៕ ​​​​​​​​​​​​​
Share on Google Plus

About TDasany

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment