លោក Florentino Perez ប្រធានក្លិប Real Madrid បានបញ្ជាក់ថាក្លិបមិនបានដាក់កីឡាករជាប់បម្រាមឲ្យលេងនោះទេ។
ថ្លែងប្រាប់អ្នកសារព័ត៌មានជុំវិញរឿងកីឡាករ Denis Cheryshev លោកបានឲ្យដឹងថា៖ “ក្រោយពេលវិភាគចំពោះព្រឹត្តិការណ៍នោះអំឡុងពេលប្រជុំក្រុមប្រឹក្សាភិបាល យើងរកឃើញថា ច្បាប់បម្រាមចំពោះកីឡាករដែលមានកាតលឿង៣ មិនអាចយកមកប្រើចំពោះរឿងនេះទេ ដោយសារមិនមានការជូនដំណឹងមកកាន់សាមីកីឡាករជាមុន យោងតាមមាត្រា៤១”។
លោកបានបន្តថា៖ “វាជាចំណុចសំខាន់ និងជាមូលដ្ឋានគ្រឹះនៃច្បាប់ ដែលថាការដាក់បម្រាមនឹងមិនមានប្រសិទ្ធភាពនោះទេ រហូតដល់មានការជូនដំណឹងសាមីខ្លួន។ Real Madrid មិនបានដឹងរឿងនេះទេ។ ហើយចាំបាច់គឺត្រូវមានការជូនដំណឹងដល់កីឡាករផ្ទាល់ ដោយមានការទទួលស្គាល់ពីតុលាការកីឡា”។
ប្រធានក្លិបដដែល បានបន្ថែមដោយសង្កត់ធ្ងន់ថា៖ “ទោះបីជាយើងបានដឹងពីបម្រាមនេះក៏ដោយ បម្រាមនេះបានចប់បាត់ទៅហើយ ដោយយោងតាមមាត្រា១១២នៃក្រមវិន័យ ដែលបានបញ្ជាក់ថា ឆ្លងកាត់ការប្រកួត៣ជុំ រាល់កាតទាំងអស់នឹងត្រូវលុបចោល។ យើងជឿជាក់ថា បម្រាមនេះគឺមិនមានសុពលភាពនោះទេ។ សរុបមកវិញ Real Madrid មិនបានប្រើកីឡាករដែលជាប់បម្រាមនោះឡើយ”។
Cheryshev ពេលស៊ុតបញ្ចូលទីឲ្យ Real
បុរសអេស្ប៉ាញ វ័យ៦៨ឆ្នាំ ក៏បានបញ្ជាក់រឿងប្ដឹងតវ៉ាផងដែរ ប្រសិនបើក្លិបត្រូវបានទម្លាក់ចេញមែននោះ។ “យ៉ាងហោចណាស់ យើងនឹងអាចប្ដឹងករណីនេះទៅតុលាការកីឡា។ ប្រសិនបើអ្នកណាម្នាក់ធ្វើខុស យើងសូមទោស។ ប៉ុន្តែប្រសិនបើ ទាំងកីឡាករ, សហព័ន្ធ និង Villarreal សុទ្ធតែមិនបានប្រាប់យើងពីរឿងនេះ វាមិនអាចទៅរួចឡើយដែលយើងអាចដឹង”។
រំលឹកផងដែរថា រឿងរ៉ាវខាងលើបានកើតឡើងនៅពេល Real Madrid ឈ្នះក្រុម Cadiz ៣-១ នៅក្នុងជើងទី១ ជុំទី៤ នៃពានរង្វាន់ Copa del Rey កាលពីយប់ថ្ងៃពុធ។ ក្រោយការប្រកួតនោះ Cadiz បានតវ៉ាថាកីឡាកររុស្ស៊ី Denis Cheryshev ដែលស៊ុតគ្រាប់ទី១ឲ្យ Real គឺជាកីឡាករដែលទទួលកាតលឿង៣ក្នុងពានរង្វាន់នេះកាលពីរដូវកាលមុន (ពេល Villarreal ខ្ចីជើង)។ ប្រសិនបើរកឃើញដូចការលើកឡើងរបស់ Cadiz នោះ Real នឹងត្រូវទម្លាក់ចេញពីពានរង្វាន់។
0 comments:
Post a Comment