Real Madrid អាចប្រឈមមុខនឹងការទម្លាក់ចេញពីពានរង្វាន់ Copa del Rey ដោយស្វ័យប្រវត្តិ ក្រោយដាក់កីឡាករដែលជាប់ពិន័យឲ្យចូលលេងក្នុងប្រកួតដែលឈ្នះ Cadiz ៣-១ នៅជុំទី៤ យប់មិញនេះ។
Denis Cheryshev (ទី២ ពីឆ្វេង) អបអរជាមួយមិត្តរួមក្រុម
កីឡាករវ័យ២៤ឆ្នាំ Denis Cheryshev បានជួយឲ្យ Real នាំមុខតាំងពី៣នាទីដើមការប្រកួត មុនពេល Isco ស៊ុត២គ្រាប់ទៀតនៅតង់ទី២ ប៉ុន្តែកីឡាកររុស្សីរូបនេះ ត្រូវបានសារព័ត៌មានអេស្ប៉ាញថាជាកីឡាករកំពុងជាប់ពិន័យ។
កាសែតកីឡា AS បានបង្ហាញឯកសារដែលបញ្ជាក់ថា Cheryshev បានទទួលកាតលឿង៣ដងក្នុងពានរង្វាន់ក្នុងស្រុកមួយនេះ សម្រាប់ការប្រកួតនៅ Villarreal (ខ្ចីជើង) រដូវកាលមុន ដែលស្មើនឹងការជាប់បម្រាម១ប្រកួត។
ការប្រកួតជើងទី១ ជុំទី៤ Copa del Rey យប់មិញនេះ គឺជាប្រកួតដែលគេត្រូវជាប់ពិន័យ។ យ៉ាងណាក្ដី អ្នកចាត់ការ Rafael Benitez បានដាក់ឲ្យចូលលេងក្នុងជម្រើសដំបូង មុនប្ដូរចេញនៅពេលចាប់ផ្ដើមតង់ទី២។
Cardiz នឹងដាក់របាយការណ៍ចំពោះរឿងនេះ ទៅកាន់សហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញនៅថ្ងៃព្រហស្បតិ៍នេះ។ ក្លិបបានប្រកាសក្នុង Twitter របស់ខ្លួនថា៖ “ក្រុមប្រឹក្សាភិបាលរបស់ក្លិប Cadiz CF នឹងជួបប្រជុំនៅក្រោយការប្រកួត”។
Cheryshev ស៊ុតបញ្ចូលទីគ្រាប់ដំបូងយប់មិញ
រំលឹកផងដែរថា អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ Benitez ក៏ធ្លាប់ធ្វើឲ្យក្រុមត្រូវគេទម្លាក់ចេញពី Copa del Rey ម្ដងដែរកាលនៅដឹកនាំ Valencia ឆ្នាំ២០០១។ នៅពេលនោះ លោកបានដាក់កីឡាករក្រៅទ្វីបអឺរ៉ុបច្រើនហួសការកំណត់ ក្នុងការប្រកួតទល់នឹង Novelda។ ចំណែករដូវកាលមុន ក្រុម Osasuna ក៏ត្រូវបានគេដកឈ្មោះចេញជាស្វ័យប្រវត្តិដែរ ក្រោយដាក់កីឡាករជាប់បម្រាម Unai Garcia ក្នុងប្រកួតជាមួយ Mirandes។
បើមានព័ត៌មានថ្មីចុងក្រោយទាក់ទងរឿងនេះ Sabay នឹងផ្សាយជូនបន្តទៀត៕
Cheryshev ត្រូវប្ដូរចេញវិញពេលចាប់ផ្ដើមតង់ទី២
0 comments:
Post a Comment