រាល់គ្រប់ដំបូន្មានទាំងអស់ ស្តីអំពីរបៀបនៃការ បញ្ឈប់ពន្យារពេលខ្លួនឯងក្នុងការធ្វើអ្វីមួយ ត្រូវបានមនុស្សភាគច្រើននិយាយថា ការអូសបន្លាយពេលវេលាខ្លួនឯងដើម្បីធ្វើអ្វីមួយគឺជារនាំងការដើរទៅរកភាពជោគជ័យ។ ប៉ុន្តែលោក Adam Grant សាស្ត្រាចារ្យផ្នែកគ្រប់គ្រង នៅសាលា Wharton និងជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា Original ប្រាប់ថាការអូសបន្លាយពេលពេលវេលាខ្លួនឯង ក្នុងការធ្វើអ្វីមួយ គឺជាអាវុធដ៏មានអានុភាពបំផុត ដែលត្រូវបានបុគ្គលដែលពូកែច្នៃប្រឌិតយកមកប្រើប្រាស់។
លោក Adam Grant ពន្យល់ថា មានមធ្យោបាយចំនួន ២ ដែលមនុស្សនិយាយពីការអូសបន្លាយពេលខ្លួនឯង ឬ ពន្យារពេលក្នុងការធ្វើកិច្ចការអ្វីមួយ។ ការអូសបន្លាយពេលខ្លួនឯងដើម្បីធ្វើកិច្ចការអ្វីមួយត្រូវបានគេផ្សាភ្ជាប់ទៅនឹងភាពខ្ជិលច្រអូស និង ភាពព្រងើយកន្តើយចំពោះការងារ។ ប៉ុន្តែនៅក្នុងសម័យអេហ្សីប បុរាណ មនុស្សដែលពន្យារពេលក្នុងការធ្វើកិច្ចការអ្វីមួយ គឺពួកគេរងចាំពេលវេលាដែលត្រឹមត្រូវ ឬ ពេលវេលាល្អសម្រាប់ពួកគេ ដែលនេះជាគំនិតមួយដែលមនុស្សមានភាពអស្ចារ្យខាងការច្នៃប្រឌិត ដូចជាលោក Steve Jobs ទទួលយកមកអនុវត្តន៍តាម។
បើតាមលោក Adam Grant លើកឡើងថា ការអូសបន្លាយពេលក្នុងការធ្វើកិច្ចការអ្វីមួយ គឺអាចជាគន្លឹះដើម្បីធ្វើឲ្យការងារទទួលបានប្រសិទ្ធភាព។លោក Steve Jobs ជាមនុស្សតែងពន្យារពេលក្នុងការធ្វើកិច្ចការងាររបស់ខ្លួន ហើយនៅពេលដែលដល់ពេលវេលាល្អណាមួយនោះលោក បាននាំយកគំនិតផ្ទុយគ្នាជាច្រើនយកមកដាក់លើតុដើម្បីពិភាក្សា ហើយធ្វើសកម្មភាពយ៉ាងលឿនទៅលើអ្វីដែលជារបស់មានស្រាប់ នេះបើតាមលោក Adam Grant។
លោក Adam Grant រៀបរាប់បន្តទៀតថា គំនិតនៃការពន្យារពេល គឺជារឿងមួយ ដែលយើងត្រូវការ ពីព្រោះអ្នកមិនអាចបង្កើតគំនិតច្នៃប្រឌិតមួយបានភ្លាមៗ យ៉ាងឆាប់រហ័សនោះឡើយ។ បើយោងតាមអ្នកចិត្តសាស្ត្រសញ្ជាតិរុស្សីលោក Bluma Zeigarmik ថានៅពេលដែលយើងបានបញ្ចប់ការងារណាមួយហើយនោះ យើងតែងឈប់គិតពីវា ប៉ុន្តែនៅពេលដែលការងារនោះមានភាពរំខាន ឬ ឧបសគ្គ និងបន្សល់ដោយភាពមិនរួចរាល់ វាតែងតែស្ថិតនៅក្នុងចិត្តយើងជាប់ជានិច្ច។
ការពន្យារពេល គឺជាយុទ្ធសាស្ត្រ ដើម្បីបញ្ឈប់ រាល់ភារកិច្ចដែលប្រកបដោយភាពច្នៃប្រឌិត ដែលពួកយើងកំពុងធ្វើការ នៅមុនពេលដែលកិច្ចការទាំងនោះធ្វើរួចរាល់ ហើយថែមទាំងជួយបង្កើតបន្ថែមនូវគំនិតច្នៃប្រឌិត ដែលកើតឡើងតាមរយៈការធ្វើតេស្ត ទៅលើលទ្ធផលផ្សេងៗគ្នាដែលអាចទៅរួច នេះបើតាមអ្វីដែលលោក Adam Grant រៀបរាប់ក្នុងសៀវភៅរបស់លោក។
ប៉ុន្តែលោក Adam Grant ថ្លែងថា អ្នកមិនគួរពន្យារពេលក្នុងការធ្វើអ្វីមួយរហូតនោះទេ ពីព្រោះវានឹងគ្មានអ្វីមួយកើតឡើងឡើយប្រសិនបើអ្នកទុកវាចោលរហូត។ យ៉ាងណាក៏ដោយមានមធ្យោបាយច្រើនណាស់ ក្នុងការពន្យារពេលធ្វើអ្វីមួយដើម្បីឲ្យអ្នកបានថយក្រោយមួយជំហាន ដើម្បីវិភាគនិងវាយតម្លៃឡើងវិញ។
0 comments:
Post a Comment