លោក Jackie Chan ដែលពលរដ្ឋនៅកម្ពុជាស្គាល់ភាគច្រើនថា ឈិនឡុង គឺជាតារាតារាក្បាច់គុណកុងហ្វូ ដ៏មានប្រជាប្រិយមួយរូប មិនថានៅក្នុងប្រទេស ចិន គឺពិភពលោកទាំងមូល។ បច្ចុប្បន្នលោកមិនត្រឹមតែជាតារាសំដែងប៉ុណ្ណោះទេ លោកជាអ្នកដឹកនាំរឿង និពន្ធរឿងទៀតផង។ លោក Jackie Chan ទទួលបានភាពជោគជ័យយ៉ាងត្រចះត្រចង់ក្នុងអាជីពជាតារាសំដែងអស់ច្រើនទសវត្ស។ខាងក្រោមជាដំបូន្មានខ្លះរបស់លោក Jackie Chan ដែលជាគន្លឹះធ្វើឲ្យជីវិតលោកទទួលបានជោគជ័យ។
១) ធ្វើអ្វីដែលជាធម្មជាតិរបស់អ្នក ៖ លោក Jackie Chan ថ្លែងការធ្វើរឿងដែលជាភាពប៉ិនប្រសព្វពីធម្មជាតិរបស់ខ្លួន វាបានបង្កើនទំនុកចិត្តខ្ពស់ចំពោះខ្លួនឯងដើម្បីធ្វើរឿងអស្ចារ្យមួយដូចបុគ្គលអស្ចារ្យដទៃ ដូច្នេះអ្នកមិនត្រូវព្យាយាមចង់ក្លាយខ្លួនជាពួកគេ ប៉ុន្តែត្រូវព្យាយាមធ្វើឲ្យខ្លួនឯងក្លាយជាជាខ្លួនឯងជាមួយភាពប៉ិនប្រសព្វរបស់ខ្លួន។
២) ធ្វើអ្វីមួយតាមរបៀបរបស់ខ្លួន ៖ លោក Jackie Chan រៀបរាប់ថា នៅពេលអ្នកគិតឃើញវិធីណាមួយជារបស់ខ្លួន ដែលខ្លួនអាចធ្វើបាន ហើយវាជាវិធីដ៏ល្អដែលធ្វើឲ្យខ្លួនទទួលបានប្រសិទ្ធភាពខ្ពស់ក្នុងការធ្វើអ្វីមួយ អ្នកមិនត្រូវបោះបង់វាចោលឡើយ ទោះបីជាអ្នកដទៃមិនស្របតាមអ្នក ទោះបីជាវាបរាជ័យ អ្នកត្រូវតស៊ូជានិច្ច ព្រោះថ្ងៃណាមួយវានឹងក្លាយជាការពិតនូវអ្វីដែលអ្នកចង់បាន។
៣) ត្រូវចេះរៀនពីមនុស្សនៅជុំវិញខ្លួន ៖ មនុស្សនូវជុំវិញខ្លួន គឺជាកញ្ចក់សម្រាប់ឆ្លុះបញ្ចាំងពីខ្លួនឯង នូវរាល់ចំណុចខ្វះខាតទាំងឡាយដែលអ្នកមាន ប៉ុន្តែអ្នកត្រូវប្រាកដថាមនុស្សទាំងនោះគឺជាបុគ្គលវិជ្ជមាន ហើយអ្នកត្រូវជៀសឲ្យឆ្ងាយពីបុគ្គលអវិជ្ជមាន ព្រោះវាអាចនាំឲ្យជីវិតអ្នកកាន់តែធ្លាក់ចុះ។
៤) ភាពសកម្មនឹងការងារ ៖ លោក Jackie Chan និយាយថានៅពេលអ្នកមើលឃើញនូវភាពជោគជ័យរបស់នរណាម្នាក់ អ្នកប្រហែលជាមិនធ្លាប់បានដឹងពីរឿងនៅពីក្រោយពួកគេឡើយ។ នៅពីក្រោយភាពជោគជ័យរបស់បុគ្គលជោគជ័យលោក Jackie Chan រៀបរាប់ថាពួកគេជាមនុស្សដែលមានភាពសកម្មនឹងការងារបំផុត ពោលគឺលើសមនុស្សធម្មតាស្ទើរតែជាងពាក់កណ្ដាលព្រោះភាពសកម្មនឹងការងារកាន់តែធ្វើឲ្យពួកគេស្ទាត់ជំនាញ ជាមួយនឹងការលត់ដំខ្លួនក្នុងភាពពិបាក។
៥) ត្រូវធ្វើអ្វីៗគ្រប់យ៉ាងដែលអ្នកចង់ធ្វើនៅពេលអ្នកនៅក្មេង ៖ នៅពេលអ្នកធ្វើកាន់តែច្រើនពេលអ្នកនៅក្មេង បទពិសោធន៍កាន់តែច្រើនដែលអ្នកទទួលបាន ហើយអ្នកមិនចាំបាច់ស្ដាយក្រោយឡើយនៅអ្វីដែលអ្នកបានធ្វើពីក្មេង ទោះបីជាវាមិនជោគជ័យក៏ដោយ ប៉ុន្តែអ្នកនឹងអាចស្ដាយក្រោយនៅ១០ ឆ្នាំក្រោយ នៅពេលដែលអ្នកមិនបានធ្វើ នូវអ្វីដែលខ្លួនចង់ធ្វើ។
៦) កុំធ្វើអ្វីៗដើម្បីតែលុយខ្លាំងពេក ៖ លោក Jackie Chan រៀបរាប់ថានៅពេលដែលអ្នកធ្វើអ្វីមួយអ្នកមិនត្រូវយកលុយជាធំខ្លាំងពេកនោះឡើយអ្នកត្រូវធ្វើវាដើម្បីបម្រើមនុស្សជាតិ សង្គមនឹងពិភពលោកទាំងមូល ព្រោះកិត្តិយស អាចបន្តរស់នៅជារៀងរហូត ចំណែកលុយមិនអាចរស់នៅក្នុងសង្គមរហូតឡើយ។
៧) ធ្វើអ្វីដែលខុសប្លែកពីគេ ៖ អ្នកមិនត្រូវព្យាយាមចម្លងនូវទម្លាប់ជោគជ័យ ពីគេច្រើនពេកនោះទេ អ្នកត្រូវចេះបង្កើតទម្លាប់ជោគជ័យដោយខ្លួនឯង ធ្វើអ្វីដែលងាយស្រួលសម្រាប់ខ្លួន ព្រោះការប្តូរទម្លាប់ខ្លួន យកទម្លាប់គេមកដាក់ក្នុងខ្លួនវាមិនមែនជារឿងងាយស្រួលនោះឡើយសម្រាប់មនុស្ស។
៨) ធ្វើអ្វីឲ្យបានល្អបំផុតតាមដែលអ្នកអាចធ្វើបាន ៖ លោក Jackie Chan ថ្លែងថាមិនមែនត្រឹមតែពេលចាប់ផ្ដើម ពាក់កណ្ដាល ឬ ចុងបញ្ចប់នោះឡើយ អ្នកត្រូវតែប្រឹងប្រែងឲ្យអស់ពីសមត្ថភាពរបស់ខ្លួនតាមខ្លួនធ្វើបានហើយគិតថាវាមិនមែនសម្រាប់នរណាម្នាក់នោះឡើយគឺសម្រាប់ខ្លួនអ្នកផ្ទាល់។
៩) រក្សាការសន្យា ៖ អ្នកសន្យាអាចនឹងមិនទទឹងរងចាំការធ្វើ ដូចអ្នកដែលត្រូវបានគេសន្យាទទឹងរងចាំការទទួលឡើយ។ ដូច្នេះនៅពេលដែលអ្នកសន្យាហើយអ្នកត្រូវធ្វើឲ្យបាន ព្រោះវាជាមធ្យោបាយបង្កើនភាពទុកចិត្តជឿជាក់មកលើរូបអ្នក ផ្ទុយមកវិញនៅពេលដែលអ្នកមិនអាចធ្វើបានដូចការសន្យាវាធ្វើឲ្យអ្នកកាន់តែបាត់បង់តម្លៃ ព្រោះគុណតម្លៃរបស់មនុស្សដែលបាត់បង់ទៅហើយមិនងាយទាញមកវិញបានឡើយ។
0 comments:
Post a Comment