គ្រួសារ McMahon goldenknights
នេះគឺជាគ្រួសារដ៏មានឥទ្ធិពលបំផុតនៅលើពិភពលោកចំនួន៥ ដែលត្រូវបានគេទទួលស្គាល់ថា មានភាពល្បីល្បាញខ្លាំងនៅទូទាំងពិភពលោក។ ការពិត ពាក្យថាមានឥទ្ធិពលរបស់ក្រុមគ្រួសារទាំងនេះ មិនមែនបានមកពីការទាញយកអំណាចកាន់កាប់ក្នុងវិស័យយោធានោះទេ តែជាឥទ្ធិពលដែលទទួលបានតាមរយៈសកម្មភាពមុខរបរ និង អាជីវកម្មប្រចាំត្រកូលគ្រួសាររបស់ខ្លួនតែប៉ុណ្ណោះ។
TheBNEWS សូមគ្រួសារទាំង៥ ដែលមានឥទ្ធិពលបំផុតចំនួន៥ ដូចខាងក្រោមនេះ៖
១) គ្រួសារ Rothschild
ក្រុមគ្រួសារ Rothschild គឺជាគ្រួសារដ៏មានឥទ្ធិពលមួយរបស់អូទ្រីសដែលបានគ្រប់គ្រងអណ្តូងរ៉ែមួយយ៉ាងធំសម្បើមឈ្មោះថា Rio Tinto។ មិនតែប៉ុណ្ណោះគ្រួសារនេះត្រូវបានគេចាត់ទុកថា ជាត្រកូលគ្រួសារមួយដែលមានប្រវត្តិយូរឆ្នាំខាងវិស័យហិរញ្ញវត្ថុ បន្ទាប់ពីខ្លួនបានប្រឡូកក្នុងវិស័យធនាគារតាំងពីឆ្នាំ១៧៦០ មកម្ល៉េះ។ អាជីវកម្មធំៗ ទាំងនេះ បានធ្វើឲ្យគ្រួសារ Rothschild ដែលមានបងប្អូន ៥នាក់ មានទ្រព្យសម្បត្តិយ៉ាងច្រើនមហាសាល និង ក្លាយជាគ្រួសារមួយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាខ្នងបង្អែកយ៉ាងសំខាន់សម្រាប់ចក្រភពអង់គ្លេស និង មេទ័ពបារាំង Napoleon នាអំឡុងសតវត្សទី១៨ និង ទី ១៩។
ចាប់តាំងពីចុងសតវត្សទី១៩ មក ប្រជាប្រិយភាពគ្រួសារនេះហាក់ថមថយបន្តិច ខណៈដែលអចលនទ្រព្យធំៗ និង ទ្រព្យសម្បត្តិរបស់ខ្លួនដែលមានពីជំនាន់មុន ត្រូវបានបរិច្ចាគសម្រាប់សកម្មភាពមនុស្សធម៌នានា។ សព្វថ្ងៃនេះ អាជីវកម្មរបស់គ្រួសារ Rothschild មានរូបភាពតូចជាងមុន តែបានបង្កើតអាជីវកម្មជាច្រើនប្រភេទលើវិស័យធនាគារ គ្រប់គ្រងអចលនទ្រព្យ សេវាកម្មហិរញ្ញវត្ថុ ស្រា ។ល។
២) គ្រួសារ Rupert
ជាប់ឈ្មោះជាមហាសេដ្ឋីមានជាងគេបំផុតនៅអាហ្រ្វិកខាងត្បូង គ្រួសារ Rupert ដែលមានលោក Johann Rupert ជាអ្នកដឹកនាំ គឺជាគ្រួសារដ៏មានឥទ្ធិពលមួយទៀតនៅពេលបច្ចុប្បន្ននេះ។ ងាកទៅមើល ៧៣ ឆ្នាំមុន ពោលគឺនៅឆ្នាំ ១៩៤១ គ្រួសារនេះបានចាប់ផ្តើមអាជីវកម្មដោយមានក្រុមហ៊ុនបារីមួយតូចប៉ុណ្ណោះ។ ប៉ុន្តែ កំណើនវិនិយោគបានធ្វើឲ្យគ្រួសារ Rupert ក្លាយជាក្រុមហ៊ុនសាជីវកម្មមានទឹកប្រាក់រាប់ពាន់លានដុល្លារក្នុងពេលដ៏ខ្លី ក្រោមស្លាកឈ្មោះបំបែកចេញជាកូនក្រុមហ៊ុនតូចៗជាច្រើនទៀត ក្នុងនោះខ្លួនមានភាគហ៊ុន ១ ភាគ ៥ នៃទីផ្សារលក់ស្រាទាំងមូលក្នុងប្រទេសនេះ។ មានកូនចំនួន ៣ នាក់ លោក Rupert ក៏មានទំនាក់ទំនងរកស៊ីជាមួយសមាជិកគ្រួសារ Rothschilds ផងដែរ ហើយបើតាមទស្សនាវដ្ដី Forbes គ្រួសាររបស់លោកជាប់ចំណាត់ថ្នាក់ទី២៧២ ជាមហាសេដ្ឋីមានជាងគេបំផុតនៅលើពិភពលោកជាមួយនឹងទ្រព្យសម្បត្តិប្រមាណ ៧,៨ ពាន់លានដុល្លារ។
៣) គ្រួសារ Genovese
គ្រួសារ Genovese ជាគ្រួសារមួយដែលមានភាពល្បីល្បាញបំផុតក្នុងការគ្រប់គ្រងសកម្មភាពបទឧក្រិដ្ឋ និង រកស៊ីជាមួយឧក្រិដ្ឋជននានានៅទីក្រុងញីវយ៉ក។ មានឈ្មោះក្រៅថា Ivy League ឬ Rolls Royce គ្រួសារនេះមានទំនាក់ទំនងយ៉ាងជិតស្និត និង មានឥទ្ធិពលលើគ្រួសារល្បីៗខាងឧក្រិដ្ឋកម្មជាច្រើនទៀតនៅក្នុងទីក្រុងនេះ។ លោក Lucky Luciano គឺជាអ្នកបង្កើតគ្រួសារនេះ ដំបូងគេ ហើយបានប្តូរមក ជាគ្រួសារGenovese បន្ទាប់ពីលោក Vito Genovess ឡើងស្នងដំណែងក្នុងគ្រួសារខាងលើនាឆ្នាំ១៩៥៧។
វិធីសាស្ត្ររកលុយដោយអំពើទុច្ចរិតរបស់ខ្លួន ជាមួយក្រុមទីផ្សារងងិត ទីបំផុតសមាជិកគ្រួសារសំខាន់ៗត្រូវបានចាប់ខ្លួនបន្ទាប់ពីលោក Gigante ជាអ្នកដឹកនាំបានទទួលមរណភាពក្នុងឆ្នាំ២០០៥។ យ៉ាងណាមិញ ទាំងនេះគឺជាអ្វីដែលបានធ្វើឲ្យគ្រួសារ Genovess នៅតែជាសម្ព័ន្ធគ្រួសារដ៏មានឥទ្ធិពលរហូតមកដល់សព្វថ្ងៃ។
៤) គ្រួសារ McMahon
គ្រួសារ McMahon បានបង្ហាញឥទ្ធិពលរបស់ខ្លួនក្នុងសង្គមអាមេរិកបន្ទាប់ពីលោក Roderick McMahon ជាទាយាទរបស់គ្រួសារ McMahon មកពីភាគខាងលិចអៀរឡង់ចាប់ផ្តើមបង្កើតកម្មវិធីប្រកួត កីឡាកាសក្នុងឆ្នាំ ១៩២៥។ ក្រោយមកកូនប្រុសរបស់លោក គឺលោក Vincent J.McMahon បានដឹកនាំអាជីវកម្មមួយនេះបន្តទៅទៀតនៅពេលដែល Roderick McMahon ទទួលមរណភាពក្នុងឆ្នាំ១៩៥៤។
នៅឆ្នាំ ១៩៨២ កូនប្រុសលោក Vincent J.McMahon បន្តអាជីវកម្មនេះដដែលដើម្បីរៀបចំកម្មវិធីកម្សាន្ត នោះគឺកម្មវិធីកីឡាកាសដែលគេស្គាល់ថា WWE ដ៏ល្បីល្បាញនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ។ យ៉ាងណាមិញ ក្រុមហ៊ុនខាងលើបានក្លាយជាជាក្រុមហ៊ុនកីឡាកាសអាជីព ប៉ុន្តែបានពង្រីកអាជីវកម្មរបស់ខ្លួនទៅជាក្រុមហ៊ុនបណ្ដាញទូរទស្សន៍ ផលិតកម្មភាពយន្ត អាជីវកម្មតាមអ៊ីនធឺណិត និង សេវាកម្មកម្សាន្តជាច្រើនទៀត។
៥) គ្រួសារ Astor
គ្រួសារ Astor គឺជាក្រុមគ្រួសារមួយដែលមានឥទ្ធិពលបំផុតខាងមុខជំនួញ និង ឆាកនយោបាយក្នុងសង្គមអាមេរិក និង អង់គ្លេសនាងអំឡុងសតវត្សទី១៩ និង ទី ២០។ គ្រួសារនេះមានដើមកំណើតកើតជាពីប្រទេសអាល្លឺម៉ង់ និង លេខមុខនៅអាមេរិកខាងជើងនាអំឡុងសតវត្សទី១៨ ដែលមានលោក John Jacob Astor ជាមេគ្រួសារដំបូងគេបំផុត។
នៅអាមេរិក គេឃើញមានឈ្មោះ Astor នៅតាមដងវិថីនានា អគារ និង តាមតំបន់ជាយក្រុងជាច្រើន ដែលជាឈ្មោះដើមរបស់លោក John Jacob Astor ដែលជាម្ចាស់ដីយ៉ាងធំសម្បើមនៅទីក្រុងញីវយ៉ក។ នៅសតវត្សទី១៨ គ្រួសារនេះ បានបោះបង់អាជីវកម្មរបស់ខ្លួន តែបានវិនិយោគខាងវិស័យអចលនទ្រព្យឡើងវិញនៅពេលក្រោយមក និងបានពង្រីកខ្លួនរហូតដល់ប្រទេសអង់គ្លេសក្រោមស្លាកឈ្មោះសម្ព័ន្ធគ្រួសារ Astor នេះ៕
0 comments:
Post a Comment