ណុចទាំង៦យ៉ាងនេះ អ្នកពិតជាគ្មានថ្ងៃអាចប្រើលុយទិញបាននោះឡើយ! sfiinthepakistan
មនុស្សគ្រប់គ្នា ប្រឹងប្រែងធ្វើការគ្រប់បែបយ៉ាង គឺដើម្បីរកលុយឲ្យបានច្រើន ក្នុងគោលដៅធ្វើយ៉ាងណាឲ្យជីវិតមានលក្ខណៈប្រសើរជាងមុន ព្រោះបើគ្មានលុយគ្រប់គ្រាន់ទេ ពួកគេនឹងប្រឈមបញ្ហាជាច្រើន នៅក្នុងសង្គម។ ប៉ុន្តែ មិនមែនមានន័យថា ឲ្យតែមានលុយ គឺ មានអ្វីៗ គ្រប់បែបយ៉ាងនោះទេ ពោលគឺ លុយមិនអាចទិញអ្វីៗគ្រប់យ៉ាងបានឡើយ។
ខាងក្រោមនេះ គឺ ចំណុចសំខាន់ៗជាច្រើន ដែលលុយពិតជាមិនអាចទិញបាននោះឡើយ៖
១) សេចក្តីស្រលាញ់ (Love)
ថ្វីត្បិតតែនៅក្នុងសង្គមជាក់ស្តែង មានករណីជាច្រើន ដែលមនុស្សមួយចំនួនបានប្រើទឹកលុយ ដើម្បីជាការទាក់ចិត្តនរណាម្នាក់ ដោយរំពឹងថា នឹងទទួលបានសេចក្តីស្រលាញ់ ប៉ុន្តែការពិតទៅ នេះមិនមែនជាសេចក្តីស្រលាញ់អ្វីនោះទេ។ ត្រង់ចំណុចនេះ វាគឺគ្រាន់តែជាការសម្ដែងមួយប៉ុណ្ណោះ ដើម្បីទទួលបានលុយ ព្រោះសេចក្តីស្រលាញ់ មិនអាចយកលុយមកទិញបាននោះឡើយ។
២) កេរ្តិ៍ឈ្មោះល្អ ( Good Reputation)
លុយ ពិតជាផ្នែកមួយដ៏សំខាន់ ក្នុងការសាងកេរ្តិ៍ឈ្មោះឲ្យល្បីល្បាញ ប៉ុន្តែកុំភាន់ច្រឡំថា អ្នកអាចប្រើលុយ ទៅទិញកេរ្តិ៍ឈ្មោះបានឲ្យសោះ បើទោះបីជាស្ថិតក្នុងតម្លៃណាក៏ដោយ។ ដើម្បីទទួលបានកេរ្តិ៍ឈ្មោះល្អនៅក្នុងសង្គម អ្នកត្រូវធ្វើអំពើល្អ និង មានប្រយោជន៍សម្រាប់មនុស្សដទៃ ពោលគឺ មិនមែនប្រើលុយទៅទិញទេ។ ក៏ប៉ុន្តែអ្នកប្រើប្រាស់លុយដើម្បីកសាងកេរ្តិ៍ឈ្មោះបាន។
៣) សុខភាព ( health)
នៅពេលមានបញ្ហាសុខភាពម្តងៗ មនុស្សពិតជាត្រូវការលុយដើម្បីទទួលបានសេវាព្យាបាលពីគ្រូពេទ្យ ប៉ុន្តែ លុយមិនអាចទិញសុខភាពបានឡើយ។ មានន័យថា ដើម្បីឲ្យមានសុខភាពល្អ អ្នកត្រូវតែយកចិត្តទុកដាក់ខ្ពស់ លើការថែទាំ ជាពិសេសការជៀសវាងនូវសកម្មភាព និង ការបរិភោគអាហារមួយចំនួន ដែលប៉ះពាល់ដល់រាងកាយ។ ដូច្នេះ ត្រូវព្យាយាមយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសុខភាព ហើយសូមកុំចាំដល់បញ្ហាកើតឡើង ហើយប្រើលុយដើម្បីដោះស្រាយ ព្រោះ មើលទៅហាក់ដូចជា ការប្រថុយប្រថានខ្ពស់។
៤) ការគោរពពិតប្រាកដ (Real respect)
សូមកុំព្យាយាមប្រើលុយ ដើម្បីធ្វើឲ្យអ្នកដទៃគោរពឲ្យសោះ ព្រោះរឿងបែបនេះ មិនអាចកើតឡើងដោយងាយឡើយ។ ប្រហែលជាអ្នកអាច ទទួលបានការគោរពពីអ្នកដទៃ ប៉ុន្តែ នោះមិនមែនជាការគោរពពិតប្រាកដនោះទេ ពោលគឺនេះជាការគោរពក្លែងក្លាយប៉ុណ្ណោះ ព្រោះមនុស្សទាំងនោះ គ្រាន់តែធ្វើជាគោរពនៅចំពោះមុខអ្នក ប៉ុន្តែធាតុពិតវិញ គឺមិនមែនបែបហ្នឹងឡើយ។
៥) ភាពជោគជ័យ (Success )
ភាពជោគជ័យ កើតចេញពីការតស៊ូយ៉ាងខ្លាំង ដោយប្រើផែនការ និង ការតាំងចិត្តដ៏ច្បាស់លាស់ ដើម្បីធ្វើរឿងអ្វីមួយ។ ដូច្នេះ បើទោះបីជាអ្នកមានលុយច្រើនប៉ុណ្ណាក៏ដោយ អ្នកពិតជាមិនអាច ទទួលបានជោគជ័យនោះឡើយ បើខ្វះចំណុចសំខាន់ៗដែលបានរៀបរាប់ដូចខាងដើម។ ប៉ុន្តែ ប្រសិនបើអ្នក មានលុយជាច្រើន រួមផ្សំជាមួយការខិតខំប្រឹងប្រែងលើអ្វីមួយទៀតនោះ ភាពជោគជ័យ អាចកើតឡើងយ៉ាងឆាប់រហ័សថែមទៀត ព្រោះ លុយអាចសម្រួលកិច្ចការចាំបាច់មួយចំនួន ដែលនាំឲ្យអ្នកឈានទៅរកគោលដៅបានរហ័ស។
៦) សុភមង្គលគ្រួសារ ( Family’s happiness)
លុយជាផ្នែកមួយ ដែលនាំឲ្យមនុស្សអាចទទួលបានសុភមង្គលក្នុងគ្រួសារ ព្រោះបើគ្មានលុយទេ នោះបញ្ហាជាច្រើននឹងកើតឡើង។ ប៉ុន្តែ សូមកុំគិតតែរឿងរកលុយឲ្យបានច្រើនតែម្យ៉ាងអី ព្រោះថា សុភមង្គល មិនមែនកើតឡើងដោយសារតែ លុយតែម្យ៉ាងនោះទេពោលគឺ មានកត្តាសំខាន់ៗជាច្រើនទៀត។ ជាក់ស្តែង មានគ្រួសារជាច្រើន បានប្រឈមនឹងបញ្ហាធ្ងន់ធ្ងរ រហូតដល់បែកបាក់ក៏មាន បើទោះបីជា គ្រួសារនោះមានលុយជាច្រើនហើយក្តី។ ដូច្នេះ ដើម្បីសាងសុភមង្គលគ្រួសារ សមាជិកម្នាក់ៗ (ជាពិសេសមេគ្រួសារ) ត្រូវចំណាយពេលវេលាសមគួរដើម្បី ផ្តល់ភាពកក់ក្តៅ និង គោរពគ្នាទៅវិញទៅមក ព្រោះនេះគឺជាចំណុចសំខាន់ក្នុងការសាងសុភមង្គល៕
0 comments:
Post a Comment