ក្រុមជើងឯកបារាំង Paris Saint-Germain នឹងបើកទ្វារកីឡដ្ឋាន Parc des Princes ស្វាគមន៍ក្រុមយក្សអេស្ប៉ាញ Real Madrid ក្នុងការប្រកួត UEFA Champions League វគ្គសន្សំពិន្ទុពូល A នាវេលាម៉ោង០១:៤៥នាទីរំលងអាធ្រាត្រយប់នេះ។
ក្រុមអ្នកមាន និងខ្លាំងទាំង២នេះ បើកឆាក២ប្រកួតកន្លងមក ឈ្នះទាំង២ប្រកួតដូចគ្នា ប៉ុន្តែ Real ឈរកំពូលតារាង ដោយខុសគ្នាត្រង់គ្រាប់ស៊ុត១គ្រាប់។ ប៉ុន្តែសម្រាប់ប្រកួតធំយប់នេះវិញ អ្នកចាត់ការ Laurent Blanc របស់ PSG បានលើកឡើងរួចហើយថា ក្រុមរបស់លោក បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបំបាក់ស្ដេចស និងធីប Super Star Cristiano Ronaldo ឲ្យស្ងាត់ឈឹងតែម្ដង។
សម្ដីអ្នកចាត់ការ៖
Laurent Blanc អ្នកចាត់ការក្រុម PSG បាននិយាយមុនប្រកួតធំយប់នេះថា៖ “ប្រកួតនេះ នឹងក្លាយជាប្រកួតដ៏អស្ចារ្យ ដ៏ពិសេស សម្រាប់កិត្តិនាមក្លិបរបស់យើង។ យើងនឹងលេងទល់នឹងក្រុមដ៏អស្ចារ្យបំផុតនៅអឺរ៉ុប។ ប៉ុន្តែយើងអាចឈ្នះក្នុងប្រកួតនេះ ព្រោះយើងជាម្ចាស់ផ្ទះ ព្រោះយើងមានសមត្ថភាព ព្រោះយើងក៏ធ្លាប់បានបំបាក់ក្រុមខ្លាំង Barcelona ម្ដងហើយដែរ។ ចំពោះ Cristiano Ronaldo គាត់លឿន និងអាចស៊ុតចូលច្រើន…ដូច្នេះយើងត្រូវតែប្រយ័ត្នចំពោះគាត់បំផុត”។
រីឯ Rafael Benítez អ្នកចាត់ការ Real វិញ ក៏បាននិយាយផងដែរថា៖ “រយៈពេល២ទៅ៣ឆ្នាំចុងក្រោយនេះ ពួកគេ (PSG) បានឈ្នះពានស្ទើរតែគ្រប់យ៉ាងនៅក្នុងស្រុក ហើយពួកគេជាក្រុមល្អបំផុតនៅប្រទេសបារាំង។ ពួកគេបានទិញចូលកីឡាករល្អៗច្រើនណាស់ ដូច្នេះវានឹងក្លាយជាប្រកួតដ៏អស្ចារ្យ ជាមួយនឹងក្រុមដ៏អស្ចារ្យ”។
ជើងកីឡាករ៖
ម្ចាស់ផ្ទះ PSG នឹងអវត្តមានកីឡាករសំខាន់មួយចំនួនដូចជា David Luiz (របួសជង្គង់) និង Kimpembe (របួសកជើង) ដូច្នេះ១១នាក់ដំបូងរបស់ក្រុមខ្លាំងបារាំង អាចជា៖ Trapp; Aurier, Marquinhos, Thiago Silva, Maxwell; Verratti, Matuidi, Thiago Motta; Di María, Ibrahimović, Cavani។
ចំណែកឯក្រុមភ្ញៀវ Real Madrid វិញ នឹងអវត្តមានកីឡាករសំខាន់ៗច្រើនដូចជា Carvajal (របួសកជើង), James Rodríguez (ភ្លៅ), Pepe (បញ្ហាសាច់ដុំ), Benzema (សរសៃពួរ), Bale (សរសៃពួរ)។ ដូច្នេះ១១នាក់ដំបូងរបស់ក្រុមស្ដេចស អាចជា៖ Navas; Danilo, Varane, Ramos, Marcelo; Kroos, Casemiro, Modrić; Isco, Ronaldo, Kovačić។
ប្រវត្តិជួបគ្នា និងស្ថិតិមួយចំនួន៖
ក្រុមទាំង២នេះ ធ្លាប់ជួបគ្នា៤ដង ប៉ុន្តែតាំងពីឆ្នាំ១៩៩៣ និងឆ្នាំ១៩៩៤មកម្ល៉េះ ក្នុងការប្រកួត UEFA Cup Winners’ Cup និង UEFA Cup ដោយក្នុងនោះ PSG ឈ្នះ២ដង, Real ឈ្នះ១ដង និងស្មើគ្នា១ដង។
PSG ធ្លាប់យកឈ្នះ Barcelona ៣-២ នៅទីក្រុងប៉ារីស ក្នុងការប្រកួត UEFA Champions League វគ្គសន្សំពិន្ទុតាមពូលនេះដូចគ្នា កាលឆ្នាំ២០១៤។
PSG ធ្លាប់ប៉ះក្រុមអេស្ប៉ាញសរុប ២៤ប្រកួត ឈ្នះ១០ ស្មើ៦ និងចាញ់៨ រីឯ Real វិញ ធ្លាប់ប៉ះក្រុមបារាំងសរុប២៨ប្រកួត ឈ្នះ១៦ ស្មើ៥ និងចាញ់៧ដង។
ព្យាករណ៍គូនេះគឺ៖ PSG ១-១ Real Madrid, ចុះប្រិយមិត្តយល់យ៉ាងណាដែរ?
គូប្រកួតទាំងអស់យប់នេះគឺ៖
0 comments:
Post a Comment