៦ ចំណុច​បញ្ជាក់​ថា ការងារ​​​​របស់​អ្នក​កំពុង​បំផ្លាញ​ជីវិត​របស់​អ្នក



​គេ​និយាយ​ថា “ល្អ​មើល​តែ​មិន​ល្អ​ស៊ី” បើ​​យក​ពាក្យ​មួយ​ឃ្លា​នេះ​ទៅ​ប្រៀបធៀប​នឹង​​​ការងារ​របស់​អ្នក មាន​ន័យ​ថា អ្នក​អាច​មាន​ប្រាក់​ខែ​ច្រើន ស្លៀកពាក់​ហំហួន​សមសួន​ជា​អ្នក​ធ្វើ​ការ​ពិត​ៗ។ ប៉ុន្តែ​​​​ងាក​​ទៅ​មើល​​ការងារ​​របស់​អ្នក​វិញ​នោះ ហាក់​មិន​បាន​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​មាន​សុភមង្គល ស្មុគស្មាញ​ច្រើន មាន​បញ្ហា​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ នោះ​ជា​សញ្ញាណ​មួយ​បញ្ជាក់​ថា អ្នក​គួរ​ពិចារណា​នៅ​ធ្វើ​បន្ត​ទៀត ឬ យ៉ាងណា។ ចំណុច​ចំនួន ៦ ខាងក្រោម​នេះ នឹង​ផ្តល់​ជា​កម្មវត្ថុ​សម្រាប់​ការ​សម្រេចចិត្ត​របស់​អ្នក​នៅ​ពេល​នេះ។ ​​​​

១) គ្មាន​ពេល​​វេលា​គ្រប់គ្រាន់​សម្រាប់​គ្រួសារ
មួយថ្ងៃៗ​គិត​តែ​ធ្វើ​ការ​គ្មាន​ថ្ងៃ​សម្រាក​ ​ចេញ​​ពី​ការងារ​យឺត​ហើយ​ មក​​ឆ្លៀត​ធ្វើ​ការ​បន្ត​​​នៅ​ពេល​យប់​ទៀត នេះ​ជា​សញ្ញាណ​មួយ​មិន​​ល្អ​ឡើយ​ជា​ពិសេស​សម្រាប់​អ្នក​ដែល​មាន​គ្រួសារ។ ខុស​ពី​អ្នក​នៅ​លីវ អ្នក​ដែល​មាន​គ្រួសារ​ត្រូវ​ចែក​​ពេលវេលា​មួយ​ចំនួន​ដើម្បី​មើល​ថែ​គ្នា​ដែល​នេះ​ជា​​ចំណែក​ដ៏​សំខាន់​សម្រាប់​សុភមង្គល​របស់​អ្នក។ បើ​មិន​ដូច្នេះ​ទេ​ ទោះបី​ជា​អ្នក​មាន​ប្រាក់​ច្រើន​​យ៉ាងណា​ក៏ដោយ អ្នក​នឹង​បាត់បង់​មនុស្ស​ដែល​អ្នក​ស្រលាញ់។

២) គេង​មិន​ឆ្អែត ឬ គេង​មិន​លក់
ព្រោះតែ​ការងារ​បាន​ធ្វើ​ឲ្យ​អ្នក​ធ្វើ​ការ​រហូត​ដល់​យប់​ជ្រៅ ហើយ​ត្រូវ​ក្រោក​ពី​ព្រលឹម​ឲ្យ​​បាន​មុន​គេ​ទៀត នេះ​មិន​យូរ​មិន​ឆាប់​អ្នក​នឹង​បំផ្លាញ​សុខភាព​ខ្លួន​ឯង​ជា​មិន​​ខាន។ តាម​ពិត​ទៅ​ទោះបី​​ជា​អ្នក​ស្រលាញ់ ឬ ​ដាក់ចិត្ត​លើ​ការងារ​ខ្លាំង​ តែ​ក៏​ត្រូវ​ធ្វើ​ឲ្យ​​មាន​តុល្យភាព​រវាង​ការងារ​ និង សុខភាព​របស់​អ្នក ព្រោះ​ថា​បើ​អ្នក​គេង​លក់​គ្រប់គ្រាន់ ​សុខភាព​របស់​អ្នក​​ក៏​ល្អ​ ហើយ​​ការងារ​ក៏​ជោគជ័យ។

៣) ឈឺ​ញឹកញាប់​
ពេល​ខ្លះ​ឈឺ​ក្បាល ​ផ្តាសសាយ ឈឺ​សន្លាក់​ដៃជើង រំខាន​ដោយ​សម្លេង ​នឹង​​ជំងឺ​ជា​ច្រើន​ទៀត​ដែល​បង្ក​ឡើង​នៅ​កន្លែង​ធ្វើ​ការ​របស់​អ្នក ​នេះ​ក៏​ជា​សញ្ញាណ​មិន​ល្អ​មួយ​ដែរ។ ស្ថានភាព​ការងារ​បាន​ធ្វើ​ឲ្យ​អ្នក​អង្គុយ​យូរ​ងើប​មិន​បាន​ ​នៅ​មុខ​កុំព្យូទ័រ​រាប់​ម៉ោង លក្ខខណ្ឌ​ការងារ​មិន​ល្អ មិន​សូវ​​មាន​ពេល​​សម្រាក​គ្រប់គ្រាន់ កន្លែង​ការងារ​គ្មាន​ផាសុកភាព​ ​បរិស្ថាន​មិន​ល្អ វា​សុទ្ធតែ​ចំណែក​ធ្វើ​ឲ្យ​អ្នក​មាន​ជំងឺ​ និង មាន​ស្តេ្រស​​កាន់​​តែ​ច្រើន។ ​​​

​៤) មិន​មាន​ការ​លើក​ទឹកចិត្ត​លើ​ការ​ខិតខំ​ប្រឹងប្រែង​
សាក​គិត​បន្តិច​ទៅ​មើល​ថា បើ​អ្នក​ជា​បុគ្គលិក​មួយ​ដែល​​​បាន​បំពេញ​​ការងារ​យ៉ាង​ល្អ​នាំ​សមិទ្ធផល​ជា​ច្រើន​មក​កាន់​ក្រុមហ៊ុន ធ្វើ​ការ​តាម​ផែនការ​កំណត់ ជួយ​​ឲ្យ​អាជីវកម្ម​ក្រុមហ៊ុន​កាន់តែ​ជោគជ័យ ​ធ្វើ​ការងារ​ស្ទុះស្ទា មាន​អំណត់​អត់ធន់ ចែក​រំលែក​បទ​ពិសោធន៍​ដល់​ក្រុម​​ការងារ តែ​ទី​បំផុត​អ្នក​គ្មាន​ការ​លើក​ទឹកចិត្ត ឬ គ្មាន​​ការ​ផ្តល់​រង្វាន់​អ្វី​សោះ​នោះ​ តើ​អ្នក​មាន​អារម្មណ៍​យ៉ាងណា?។ នៅ​ទី​នេះ​មិន​មែន​​អ្នក​ធ្វើ​ការ​​ហុត​ទឹក​សម្លឹង​កាក​នោះ​ទេ តែ​ជា​​គោលការណ៍​បុគ្គលិក​ឆ្នើម​ត្រូវតែ​បាន​លើក​កម្ពស់ និង ប្រាក់​រង្វាន់​។ នេះ​ជា​ករណី​មិន​អាច​ប្រកែក​បាន។

​​​​​៥) មាន​ការ​រើសអើង ឬ មាន​ការ​រំលោភ​បំពាន​ផ្លូវភេទ​
ជា​ទូទៅ​​កន្លែង​ការងារ​ដែល​ល្អ គឺ​ជា​កន្លែង​មួយ​ដែល​គ្មាន​ការ​រើសអើង​គ្នា​រវាង​បុគ្គលិក​ម្នាក់​ទៅ​កាន់​បុគ្គលិក​ម្នាក់​ទៀត​ជាពិសេស​ចែក​ឲ្យ​ដាច់​ពី​អ្វី​ដែល​​គុណ​តម្លៃ​របស់​បុគ្គលិក​​ឆ្នើម​ និង ​ចំណុច​ខ្សោយ​របស់​បុគ្គលិក​អន់។ បុគ្គលិក​​អន់​​គួរតែ​ត្រូវ​បាន​​កែលំអ និង លើក​ទឹកចិត្ត​ឲ្យ​បាន​ដូច​​បុគ្គលិក​​​ឆ្នើម​ដែរ​ដោយ​មិន​មានការ​រើសអើង។ លើស​ពី​នេះ​ទៅ​ទៀត ​បញ្ហា​អសីលធម៌​​មួយ​ចំនួន​ជា​ពិសេស​រឿង​​ការ​រំលោភបំពាន​ផ្លូវភេទ​នេះ​​ឯង ត្រូវ​តែ​ជៀសវាង​ឲ្យ​បាន។ យ៉ាងណាមិញ​បើ​អ្នក​មាន​បទពិសោធន៍​​លើ​ចំណុច​ទាំង ២​នេះ​ហើយ​គួរតែ​ចាកចេញ​ទៅ​វា​ប្រសើរ​ជាង។ ​​

៦) ការងារ​កាន់តែ​ធុញ ឬ អផ្សុក​ខ្លាំង​
អ្នក​អាច​ពេញចិត្ត​ការងារ​​របស់​អ្នក​ជា​លើក​ដំបូង តែ​ក្រោយៗ​មក​ អ្នក​សង្កេត​ឃើញ​ថា វា​ហាក់​កាន់តែ​ធ្វើ​ឲ្យ​អ្នក​ធុញ​ឡើងៗ និង អផ្សុក​មិន​ដឹង​ជា​ត្រូវ​ធ្វើ​អ្វី​ឲ្យ​ប្រាកដ​ទាំង​នេះ​មិន​ត្រឹម​​តែ​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​តានតឹង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​​បំផ្លាញ​អាជីព​ការងារ​របស់​អ្នក​ទៀត​ផង។ លើស​ពី​នេះ​ទៅ​ទៀត​ កត្តា​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​អសកម្ម​ក្នុង​ការងារ និង បង្កើត​ទម្លាប់​មួយ​​នាំ​ឲ្យ​អ្នក​ខ្ជិល​ទាំង​មិន​ដឹង​ខ្លួន ហើយ​​បើ​វា​កើត​មាន​ក្នុង​រយៈ​ពល​យូរ​ទៀត​នោះ​ វា​នឹង​បាត់​បង់​ឱកាស​អភិវឌ្ឍ​​សមត្ថភាព​របស់​អ្នក​តែម្តង៕
Share on Google Plus

About TDasany

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment