សម្រាប់ឆ្នាំ ២០១៥ ដែលនឹងចូលមកដល់ពេលឆាប់ៗខាងមុខនេះ តើប្រិយមិត្តបានត្រៀមអ្វីខ្លះដើម្បីពង្រឹងអាជីពការងាររបស់លោកអ្នក? ការងាររបស់លោកអ្នកពេញមួយឆ្នាំ ២០១៤ នេះអាចនៅខ្វះចន្លោះក្នុងចំណុចមួយចំនួនដែលកើតចេញពីខ្លួនអ្នកផ្ទាល់ ឬ កត្តាផ្សេងទៀត។ ហេតុដូច្នេះ ជៀសវាងកុំឲ្យបញ្ហាទាំងនេះកើតមានច្រំដែល សាកពិនិត្យលើចំណុចទាំង៨ ខាងក្រោមនេះ ថាតើមានចំណុចណាមួយដែលលោកអ្នកនៅមាន?
១) មានជំងឺច្រើន
គ្រុនពោះវៀន ឈឺក្រពះ ឧស្សាហឈឺក្បាល ស្ពឹក និង ជំងឺទូទៅផ្សេងទៀត សុទ្ធតែប៉ះពាល់អាជីពការងាររបស់អ្នក ព្រោះថាវាមិនអាចធ្វើឲ្យអ្នកបំពេញការងារបានគ្រប់ជ្រុងជ្រោយនោះឡើយ។ បើមានជំងឺទាំងនេះ គួរតែឆាប់ព្យាបាលឲ្យជាសះស្បើយភ្លាមទៅ ហើយព្យាយាមហាត់ប្រាណឲ្យបានច្រើន ពិសារអាហារឲ្យបានត្រឹមត្រូវ ជាពិសេស គឺសម្រាកឲ្យបានគ្រប់គ្រាន់។
២) អសកម្មក្នុងការបង្កើនទំនាក់ទំនង
ទំនាក់ទំនង គឺជាចំណុចអាទិភាពមួយទៀតដែលអ្នកមិនត្រូវមើលរំលង ព្រោះថាវាអាចជួយឲ្យអាជីពការងាររបស់អ្នកជោគជ័យគ្មានដែនកំណត់។ ក្រុមគ្រួសារ មិត្តភក្ដិ បុគ្គលជោគជ័យ និង មនុស្សផ្សេងៗទៀតនៅជុំវិញខ្លួនអ្នក សុទ្ធតែបុគ្គលអាចជួយបង្ហាញផ្លូវ ផ្តល់គំនិតល្អៗ និង ចែករំលែកចំណេះដឹងដល់អ្នកបានឲ្យកាន់តែទូលំទូលាយជាងមុន។ ផ្ទុយទៅវិញ បើអ្នកអសកម្មក្នុងរឿងនេះ អ្នកក៏មិនអាចបោះជំហានទៅមុខយ៉ាងរលូននោះដែរ។
៣) ភាពសង្ស័យ
ភាពសង្ស័យដូចជា មិនដឹងថា ត្រូវដើរទៅផ្លូវណា? មិនដឹងគោលដៅជាអ្វី? ឬ សង្ស័យថា ការងារឬ ការសម្រេចចិត្តដែលត្រូវធ្វើមិនដឹងថា ជោគជ័យឬ អត់? ទាំងនេះសុទ្ធតែជាឧបសគ្គធ្វើឲ្យជីវិតរបស់អ្នករស់នៅដូចទូកកណ្តាលទន្លេមិនដឹងកោះត្រើយ។ ដំណោះស្រាយដ៏ល្អ អ្នកគួរកំណត់គោលដៅដែលត្រូវទៅ មានទំនុកចិត្តលើខ្លួនឯង និង កំណត់ឲ្យឃើញឫសគល់នៃបញ្ហាផ្សេងៗទើបអ្នកអាចស្វែងរកយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពដោះស្រាយបញ្ហាទាំងនេះបាន។
៤) ភាពខ្ជិលច្រអូស
នេះជាចំណុចអវិជ្ជមានមួយទៀតដែលធ្វើឲ្យអាជីពការងាររបស់អ្នកខកបំណងមិនអាចដល់គោលដៅដែលអ្នកចង់បាន។ ភាពខ្ជិលច្រអូសនេះ គេមិនឃើញមាននៅក្នុងខ្លួនបុគ្គលជោគជ័យនោះឡើយ តែគេឃើញច្រើនបំផុតចំពោះបុគ្គលបរាជ័យវិញ។ បើអ្នកមិនចង់ដើរលើដានជើងមនុស្សបរាជ័យទេនោះ គួរតែកម្ចាត់ចោលវាភ្លាមៗទៅមុនឆ្នាំថ្មីចូលមកដល់។
៥) ភាពធ្វេសប្រហែស
ភាពធ្វេសប្រហែស ឬ ការមិនយកចិត្តទុកដាក់ គឺជារឿងមួយគ្រោះថ្នាក់មួយទៀត ដែលគេមើលឃើញថា នឹងធ្វើឲ្យបុគ្គលនោះបាត់បង់អ្វីមួយដោយមិនដឹងខ្លួនជាពិសេសអាជីពការងារតែម្តង។ ការងារក្តី ការសិក្សាក្តី នៅក្នុងទំនាក់ទំនងក្តី បើអ្នកមិនយកចិត្តទុកដាក់ធ្វើវាដោយហ្មត់ចត់ លទ្ធផលរបស់វានឹងស្តែងឡើងតែរឿងអវិជ្ជមាន មិនអាចឲ្យអ្នកសម្រេចបានអ្វីជាដុំកំភួននោះឡើយ។
៦) គ្មានការវិវត្តទៅមុខ
អ្នកច្បាស់ជាដឹងហើយថា តើត្រូវធ្វើដូចម្តេចខ្លះដើម្បីឲ្យសមត្ថភាពរបស់អ្នកកាន់តែល្អប្រសើរឡើងជាលំដាប់? ការរៀនសូត្រពីអ្នកដទៃ បណ្តុះបណ្តាល រៀនជំនាញខ្លីៗ ស្រាវជ្រាវ បង្កើនទំនាក់ទំនង ទាំងនេះសុទ្ធតែធ្វើឲ្យសមត្ថភាពរបស់អ្នកកាន់តែមុតស្រួច បើមិនដូច្នេះទេ គ្មានបដិវត្តចំណេះដឹងណាមួយគួរឲ្យកត់សម្គាល់នៅក្នុងខ្លួនអ្នកនោះទេ។
៧) ឆាប់ជឿជាក់អ្នកដទៃ
ជាការពិត អ្នកបានរស់នៅដោយអាស្រ័យលើការទំនាក់ទំនងជាមួយមិត្តភក្ដិ និង មនុស្សថ្មីៗជាច្រើនទៀត។ ប៉ុន្តែ ក្នុងចំណោមបុគ្គលទាំងនេះ មិននឹងអ្នកដាក់ចិត្តរាប់អាន និង ផ្តល់ការជឿជាក់ អ្នកត្រូវស្គាល់ចិត្តសាស្ត្ររបស់ពួកគេឲ្យច្បាស់ជាមុនសិន។ ទន្ទឹមនឹងនេះដែរ ក្នុងភាសាទំនាក់ទំនង អ្នកនឹងអាចស្ដាប់ឮសម្ដីរបស់មនុស្សនៅជុំវិញខ្លួន តែអ្នកត្រូវគិតពិចារណាឲ្យបានល្អិតល្អន់ជាមុនសិន មុននឹងយល់ស្រប ឬ បដិសេធន៍ទស្សនៈរបស់បុគ្គលទាំងនោះ។
៨) គ្មានការព្យាយាម ឆាប់បោះបង់
មនុស្សដែលគ្មានការព្យាយាម ចូលចិត្តបោះបង់នៅពេលបរាជ័យ បុគ្គលនេះក៏មិនអាចសម្រេចបានភាពជោគជ័យក្នុងអាជីពការងាររបស់ខ្លួនដែរ។ អ្នកត្រូវយល់ថា ការងារមិនមែនសុទ្ធតែធ្វើឲ្យអ្នកជោគជ័យរហូតនោះទេ មានពេលខ្លះវាផ្តល់លទ្ធផលដែលមិនដូចបំណងរបស់អ្នក។ ប៉ុន្តែ ទាំងនេះវាទាមទារឲ្យអ្នកយកចិត្តទុកដាក់ធ្វើដោយការព្យាយាមគ្រប់ពេលទើបឱកាសការងារល្អៗអាចកើតមានចំពោះអ្នកបាន៕
0 comments:
Post a Comment