ប្រិយមិត្តមានបានស្វែងយល់ទេថា ក្នុងមួយខែៗតើលោកអ្នកបានទិញអ្វីខ្លះ? ចាំបាច់ដែរឬទេ? ចំណាយលុយអស់ប៉ុន្មានទិញសម្ភារៈ ឬ ផលិតផលទាំងនោះ? ករណីនេះបើគ្មានគម្រោងហិរញ្ញវត្ថុចាយវាយឲ្យបានច្បាស់លាស់ទេនោះ ច្បាស់ជាវីវរធំហើយ។
ហេតុដូច្នេះហើយ ខាងក្រោមនេះគឺជាដំបូន្មានចំនួន ៥ ដែលមិត្តអ្នកអានគួរសិក្សាជាមុន ដើម្បីធ្វើឲ្យការចាយវាយរបស់លោកអ្នកសម្រាប់ទិញអ្វីមួយមានប្រសិទ្ធភាព៖
១) តើអ្នកពិតជាចាំបាច់ត្រូវការទិញវាដែរឬទេ?
មានសម្ភារៈប្រើប្រាស់ជាច្រើនបានដាក់លក់នៅលើទីផ្សារនាពេលបច្ចុប្បន្ននេះ។ ប៉ុន្តែក្នុងចំណោមសម្ភារៈទាំងនោះ មានសម្ភារៈមួយចំនួនដែលអ្នកត្រូវទិញ និង មិនគួរទិញ។ សម្ភារដែលអ្នកគួរទិញ ជាសម្ភារៈដែលអ្នកមិនអាចជៀសវាងបានសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។ ផ្ទុយទៅវិញសម្ភារៈប្រើប្រាស់មួយចំនួនដែលលោកអ្នកគិតថា មិនចាំបាច់ទិញក្នុងតម្លៃខ្ពស់ដូចជា ទូរស័ព្ទថ្លៃៗ រថយន្តដេញសេរី សំលៀកពំពាក់ប្តូរម៉ូដជាដើម។ ហេតុដូច្នេះ មុននឹងទិញសូមថ្លឹងថ្លែងពីកម្រិតតម្រូវការរបស់អ្នកជាមុនសិនថា តើវាចាំបាច់ឬអត់? បើមិនចាំបាច់ទេ ត្រូវដកខ្លួនថយ។
២) តើផលិតផលនោះអាចមានតម្លៃទាបជាងនេះដែរឬទេ?
មានផលិតផលមួយចំនួនដែលអ្នកចង់ទិញ អាចមានគុណភាពដូចគ្នា តែបានលក់នៅក្នុងតម្លៃខុសគ្នា។ ដើម្បីឆ្លាតក្នុងរឿងនេះ អ្នកមិនគួរឆាប់ទិញវាភ្លាមៗនោះឡើយ ហើយសាកល្បងស៊ើបសួរ ឬ ឆែកតាមអនឡាញជាមុនសិនពីតម្លៃទីផ្សារផលិតផលនោះនៅកន្លែងផ្សេងគ្នា ជៀសវាងទិញក្នុងតម្លៃខ្ពស់តែមានគុណភាពដូចគ្នា។
៣) មានលទ្ធភាពទិញវាដែរឬទេ?
មានផលិតផលថ្មីៗជាច្រើនដែលអ្នកពេញចិត្តចង់ចង់ទិញយកមកប្រើប្រាស់។ ប៉ុន្តែមុននឹងទិញ អ្នកត្រូវសួរខ្លួនឯងថា តើមានលទ្ធភាពទិញវាបានឬ អត់? បើអ្នកមើលឃើញថា លុយក្នុងហោប៉ៅរបស់អ្នករាងស្បើយ ឬ កំពុងជំពាក់លុយគេស្រាប់នោះ គួរតែដកខ្លួនថយទៅ រង់ចាំឱកាសល្អមកដល់មានលុយគ្រប់គ្រាន់ចាំទិញក៏វាមិនយឺតពេលនោះដែរ។
៤) ចេះតែទិញទៅតាមអារម្មណ៍របស់ខ្លួនដែរឬទេ?
នេះជាចំណុចគ្រោះថ្នាក់មួយទៀត ហើយក៏មានប្រិយមិត្តខ្លះ រហូតដល់ញៀននឹងការទិញ ពោលគឺឲ្យតែមានលុយកាលណាគិតតែពីទៅផ្សារទិញនេះទិញនោះមិនចេះចប់ រហូតដល់ឥតបានដើរផ្សារមិនបាន ទាំងមិនដឹងថា ទិញយកមកធ្វើអ្វី? តាមពិតទៅសម្ភារៈ ឬ ផលិតផលនោះអ្នកមានរួចស្រេចទៅហើយ តែដោយសារតែអារម្មណ៍ជំរុញពីក្នុងខ្លួន បានធ្វើឲ្យអ្នកចូលចិត្តទិញហួសពីតម្រូវការ។ បញ្ឈប់សកម្មភាពនេះ ហើយងាកមករៀបចំគម្រោងទិញឡើងវិញ ដូចជា អ្នកត្រូវការអ្វីក្នុងខែនេះ? តើអាចរង់ចាំបានអត់? ចាំបាច់ទិញវាដែរឬទេ?
៥) តើផសម្ភារៈប្រើប្រាស់ទាំងនោះអាចទិញនៅតាមកន្លែងថោកៗបានដែរឬទេ?
ពេលខ្លះការទិញអ្វីមួយនៅកន្លែងថោកៗ លក់តាមដងផ្លូវ ក្រោមឆ័ត្រ ឬ ផ្សារតូចៗធ្វើឲ្យអ្នកគិតថា សម្ភារៈរបស់អ្នកជារបស់ជជុះ មិនមានតម្លៃដូចគេទិញនៅផ្សារទំនើបជាដើម។ ការពិតទៅ វាអាស្រ័យលើការគិតរបស់អ្នកតែប៉ុណ្ណោះ ហើយវាជាជម្រើសរបស់អ្នក។ បើអ្នកខ្សត់ខ្សោយលុយ នេះជាជម្រើសដ៏ល្អមួយដែរ តែបើអ្នកមានលទ្ធភាពអ្នកអាចទិញនៅហាងផ្សេងៗដែលអ្នកចង់ទៅ។ យ៉ាងណាមិញ បើគុណភាពស៊ីសងគ្នានោះ អ្នកក៏គួរតែងាកចេញពីហាងទំនើបៗបន្តិច ត្បិតអីវាអាចធ្វើឲ្យអ្នកសល់លុយផងដែរ៕
0 comments:
Post a Comment