តើលោកអ្នកបានរៀបចំគម្រោងធ្វើអ្វីខ្លះនៅមុនឆ្នាំ ២០១៥ ចូលមកដល់? ដំណើរកម្សាន្ត? បង្កើតអាជីវកម្មថ្មី? ពង្រីកអាជីវកម្មបន្ថែម ឬ ក៏ធ្វើអ្វីផ្សេងក្រៅពីនេះ? ការពិតនេះជាជម្រើសរបស់លោកអ្នក ប៉ុន្តែអ្វីដែលសំខាន់នោះគឺថា បើអ្នកជាសហគ្រិនមែននោះ គួរគិតគូរពីចំណុចទាំង ៧ នេះជាមុនសិនដើម្បីធ្វើឲ្យអាជីវកម្មរបស់អ្នកជោគជ័យនៅក្នុងឆ្នាំថ្មីនេះ។
១) រៀបចំគម្រោងជាជំហានៗដើម្បីឲ្យក្រុមហ៊ុនលូតលាស់ជានិច្ច
តើអ្នកអាចព្យាករណ៍បានទេថា ក្រុមហ៊ុនរបស់អ្នកនឹងមានកំណើនបន្តទៀតនៅឆ្នាំក្រោយ? នេះហើយជាអ្វីដែលអ្នកត្រូវធ្វើការព្យាករណ៍ជាមុន និង ត្រូវប្រាកដថា កំណើនប្រាក់ចំណូលនៅក្នុងក្រុមហ៊ុនមានភាពរលូនជានិច្ច។ អ្នកអាចកំណត់ថា តើអ្នកមានបុគ្គលិកផ្នែកលក់គ្រប់គ្រាន់ហើយឬនៅដើម្បីទទួលបានប្រាក់ចំណូលស្របតាមគោលដៅដែលបានកំណត់? តើអ្នកមានកន្លែងគ្រប់គ្រាន់ដើម្បីដាក់បុគ្គលិកថ្មីចូលដែរឬទេ? តើកំណើនអតិថិជនប៉ះពាល់ដល់ការផ្តល់សេវាកម្មរបស់អ្នកដែរឬទេ? តើការចំណាយរបស់អ្នកនឹងកើនឡើងទៅលើអ្វីខ្លះ?
២) រៀបចំឯកសារទុកដាក់ឲ្យមានលំដាប់លំដោយ
នេះជាចំណុចខ្វះខាតដ៏ធំមួយប្រសិនបើអ្នកស្ថិតនៅក្នុងស្ថានភាពមួយដែលបញ្ជីបង់ពន្ធ ចំណូលចំណាយប្រចាំឆ្នាំ ឬ គម្រោងហិរញ្ញវត្ថុផ្សេងៗទៀតមិនបានរៀបចំត្រឹមត្រូវតាមលំដាប់លំដោយតាមពេលវេលាដែលបានកំណត់។ យ៉ាងណាមិញ ភាពមមាញឹករបស់អ្នកទំនងជាមិនបានធ្វើឲ្យអ្នកចំណាយពេលវេលាគ្រប់គ្រាន់ដើម្បីពិនិត្យបញ្ជីទាំងអស់នេះទេ។ ទោះបីជាបែបនេះក្តី រឿងពិនិត្យរបាយការណ៍ បញ្ជីហិរញ្ញវត្ថុ និង ឯកសារផ្សេងទៀត ចាំបាច់អ្នកត្រូវពិនិត្យឲ្យបានច្បាស់លាស់បំផុត ហើយចាប់ផ្តើមប្រៀបធៀបទៅនឹងឆ្នាំកន្លងផុតទៅ ថាតើវាខុសគ្នាត្រង់ចំណុចណាខ្លះ? ប្រសិនបើលទ្ធផលមិនបានដូចកាគ្រោងទុកទេនោះ អ្នកត្រូវរៀបចំគម្រោងថ្មីឡើងវិញដើម្បីឲ្យទទួលបានលទ្ធផលល្អប្រសើរជាងនេះនៅឆ្នាំបន្ទាប់។
៣) ជួបជុំជាមួយបុគ្គលិក
ជាទូទៅអ្នកតែងគិតពីអាជីវកម្មរបស់អ្នកគ្រប់ពេល ហើយអ្នកក៏អាចដាក់បញ្ចូល បន្ថែមបន្ថយ ផ្លាស់ប្ដូរគោលដៅរបស់ក្រុមហ៊ុន សេវាកម្ម ឬ ផលិតផលក្រុមហ៊ុនរបស់អ្នកជាដើម ដោយមិនចាំបាច់លើកយកមកជជែកវែកញែកនៅលើតុ។ យ៉ាងណាក៏ដោយ នៅចុងបញ្ចប់ឆ្នាំនេះ វាជាឱកាសដ៏ល្អមួយសម្រាប់អ្នកដើម្បីជួបជុំជាមួយបុគ្គលិកគ្រប់ជាន់ថ្នាក់លើកឡើងពីបញ្ហា និង លទ្ធផលដែលទទួលបាននៅក្នុងឆ្នាំនេះ បូករួមទាំងគម្រោងដែលត្រូវធ្វើនៅឆ្នាំបន្ទាប់មុនពេលរៀបចំពិធីសប្បាយៗមួយដើម្បីអបអរដល់ការខិតខំប្រឹងប្រែងរបស់បុគ្គលិក។
៤) រៀបចំយុទ្ធសាស្ត្រសន្សំ
ប្រាក់បំណុលដ៏ច្រើននៅក្នុងក្រុមហ៊ុនអាចប៉ះពាល់យ៉ាងខ្លាំងដល់កំណើនអាជីវកម្មរបស់អ្នក។ ហេតុនេះហើយវាជាពេលវេលាដ៏សមគួរមួយដែលអ្នកត្រូវពិនិត្យថា តើបំណុលធំបំផុតនៅក្នុងក្រុមហ៊ុនរបស់អ្នកគឺជាអ្វី? បើអ្នករកឃើញហើយ ចាប់ផ្តើមទូទាត់វាឲ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន ដើម្បីងាយស្រួលសន្សំប្រាក់ទុកសម្រាប់វិនិយោគបន្ថែមនៅឆ្នាំក្រោយៗទៀត។
៥) ត្រួតពិនិត្យ និង វាយតម្លៃលើការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងក្រុមហ៊ុន
ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យានៅក្នុងក្រុមហ៊ុនដូចជា ប្រព័ន្ធ Software កុំព្យូទ័រ អ៊ីនធឺណិត ប្រព័ន្ធគ្រប់គ្រងកម្មវិធីផ្សេងៗទៀតគឺជាអ្វីដែលអ្នកត្រូវត្រួតពិនិត្យ និងវាយតម្លៃថាតើបុគ្គលិកម្នាក់បានប្រើប្រាស់កម្មវិធីនេះបានត្រឹមត្រូវដែរឬទេ? បានប្រើប្រាស់ និង ស្វែងយល់ក្នុងកម្រិតណា? តាមពិតទៅវាអាចមានបញ្ហាមួយចំនួនកើតមានឡើងដែលទាមទារឲ្យអ្នកចេញមុខដោះស្រាយជំនួសពួកគេ ឬ ចេញមករៀបចំបណ្តុះបណ្តាលដល់បុគ្គលិករបស់អ្នកឲ្យបានយល់ពីកម្មវិធីទាំងនោះឲ្យកាន់តែប្រសើរជាងមុខ ដើម្បីជួយសម្រួលដល់ការធ្វើអាជីវកម្ម។ លើសពីនេះទៅទៀតវាអាចជាអ្វីដែលអ្នកត្រូវសម្លឹងមើលកម្មវិធីថ្មីៗដែលជួយដោះស្រាយបញ្ហាអាជីវកម្មរបស់អ្នកកាន់តែប្រសើរជាងនេះនៅឆ្នាំបន្ទាប់។
៦) ដាក់ចេញគោលដៅអាជីវកម្ម
អាជីវកម្មដែលល្អ គឺជាអាជីវកម្មដែលមានគោលដៅពិតប្រាកដ។ ប៉ុន្តែភាពភ្លេចភ្លាំងអាចនឹងកើតមាននៅគ្រប់ពេលប្រសិនបើគោលដៅនោះវាមានលក្ខណៈយូរអង្វែងពេក។ គោលដៅរបស់អ្នកដូចជា បង្កើនការលក់ឲ្យបាន ៤០%។ តើត្រូវធ្វើដូចម្តេច? សូមចាំថារាល់ការផ្លាស់ប្ដូរ ឬ ដាក់ចេញគោលដៅអាជីវកម្មថ្មីអ្នកត្រូវផ្លាស់ប្ដូរបច្ចុប្បន្នភាពរបស់ក្រុមហ៊ុនអ្នកដែរ។ តើអ្នកបានគិតទៅលើគុណភាពសេវាកម្ម ឬ ផលិតផលក្រុមហ៊ុនរបស់អ្នកដែរឬទេ? តើអ្នកបានគិតទៅលើយុទ្ធសាស្ត្រទីផ្សារដែរឬទេ? តើបុគ្គលិករបស់អ្នកត្រូវធ្វើអ្វីខ្លះសម្រាប់ឆ្នាំបន្ទាប់ទៀតដើម្បីសម្រេចតាមផែនការ? នេះហើយជាអ្វីដែលអ្នកត្រូវដាក់បញ្ចូលក្នុងគម្រោងផែនការថ្មីដើម្បីរៀបចំធនធានគ្រប់គ្រាន់សម្រេចតាមផែនការនេះ។
៧) ការរួមចំណែក និង ការចែករំលែក
ការធ្វើអាជីវកម្មមានគោលដៅមួយគឺដើម្បីស្វែងរកប្រាក់ចំណេញមកវិញ។ យ៉ាងណាមិញ នេះមិនគ្រប់គ្រាន់ឡើយ ត្បិតអីបើក្រុមហ៊ុនរបស់អ្នកកាន់តែរីកចម្រើន និង កាន់តែគាំទ្រពីសាធារណជន អ្នកត្រូវចូលរួមធ្វើសកម្មភាពម្យ៉ាងដែលកាន់តែទទួលបានភាពថ្លៃថ្នូរជាងនេះ។ នោះគឺសកម្មភាពមនុស្សធម៌ និង ចលនាសង្គមផ្សេងៗដែលនាំមកនូវផលប្រយោជន៍សាធារណៈ។ ម្ល៉ោះហើយ អ្នកត្រូវរៀបចំជាកញ្ចប់ថវិកាពីក្រុមហ៊ុនរបស់អ្នកផ្ទាល់ ឬ ពីបុគ្គលិកម្នាក់ៗសម្រាប់បរិច្ចាគថវិកាដែលជាសកម្មភាពមួយបង្ហាញពីការយកចិត្តទុកដាក់គ្នាទៅវិញទៅមក ក៏ដូចជាការជួយលើកស្ទួយគុណតម្លៃរបស់ក្រុមហ៊ុនទាំងមូលសម្រាប់សង្គមជាតិនៅឆ្នាំបន្តបន្ទាប់ទៀត៕
0 comments:
Post a Comment