លោក Robert J. Pera បច្ចុប្បន្នជាស្ថាបនិកក្រុមហ៊ុន Ubiquity Networks Inc ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍បណ្ដាញអ៊ីនធឺណិតឥតខ្សែ មានមូលដ្ឋាននៅក្នុងតំបន់មានក្រុមហ៊ុនបង្កើតថ្មីច្រើនជាងគេលើលោក Silicon Valley ។ សព្វថ្ងៃលោក Robert Pera ជាសហគ្រិនសេដ្ឋីពាន់លានម្នាក់នៅលើពិភពលោកដែលមានទ្រព្យសម្បត្តិ ២,២ ពាន់លានដុល្លារនេះបើយោងតាមទស្សនាវដ្ដី Forbes។
លោក Robert Pera កើតនៅថ្ងៃទី ១០ មិនា ឆ្នាំ ១៩៧៨ ដោយធំដឹងក្តីនៅក្នុងតំបន់ Silicon Valley ហើយលោកបានបើកក្រុមហ៊ុនផ្ទាល់ខ្លួនដំបូងរបស់លោកក្នុងអំឡុងពេលដែលលោកនៅរៀនវិទ្យាល័យមកម្ល៉េះ។ នៅពេលនោះក្រុមហ៊ុនរបស់លោកគ្រាន់តែជាក្រុមហ៊ុនផ្តល់សេវាផ្គត់ផ្គង់ឧបករណ៍អ៊ីនធឺណិតសម្រាប់អាជីវកម្មក្នុងតំបន់ប៉ុណ្ណោះ។ ក្រោយបញ្ចប់ថ្នាក់វិទ្យាល័យលោក Robert Pera លោកបានចូលរៀនសាកលវិទ្យាល័យ University of California ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រកុំព្យូទ័រ និង ថ្នាក់អនុបណ្ឌិតវិទ្យាសាស្ត្រកុំព្យូទ័ររបស់លោកនៅសាកលវិទ្យាល័យដដែលនេះ។
បន្ទាប់ពីបញ្ចប់ការសិក្សាភ្លាមលោក Robert Pera បានចូលបម្រើការងារក្នុងក្រុមហ៊ុន Apple Inc ជាអ្នកធ្វើតេស្តឧបករណ៍អ៊ីនធឺណិតឥតខ្សែ (WiFi Devices) ដើម្បីធានាបន្តអនុលោមធ្វើឲ្យមានកម្រិតស្តង់ដាររបស់គណៈកម្មការសហព័ន្ធគមនាគមន៍ក្នុងការបំភាយឧស្ម័នអេឡិចត្រូម៉ាញេទិច ។ ដំណាលគ្នាពេលកំពុងធ្វើការនៅក្រុមហ៊ុន Apple Inc លោក Robert Pera បានកត់សម្គាល់ឃើញថា ប្រភពថាមពលធំបំផុតរបស់ Apple គឺឧបករណ៍អ៊ីនធឺណិតឥតខ្សែ គឺនៅមានកម្រិតទាបក្រោមស្តង់ដាររបស់គណៈកម្មការសហព័ន្ធគមនាគមន៍អាមេរិក។
ដើម្បីបង្កើនឥទ្ធិពលរបស់ Apple លើឧបករណ៍អ៊ីនធឺណិតឥតខ្សែលោក Robert Pera បានលើកហេតុផលថាក្រុមហ៊ុនគួរបង្កើតឧបករណ៍អ៊ីនធឺណិតឥតខ្សែដែលអាចបញ្ជូនសញ្ញាបានជាច្រើនគីឡូម៉ែត្រ ដើម្បីអាចបម្រើសេវាអ៊ីនធឺណិតដល់តំបន់ដែលមានទីធ្លាធំដែលក្រុមហ៊ុនអ៊ីនធឺណិតមួយចំនួនមិនទាន់មាន។ ប៉ុន្តែគំនិតរបស់លោកត្រូវបានក្រុមហ៊ុន Apple បដិសេធ លោក Robert Pera បានសម្រេចចិត្តបង្កើតឧបករណ៍ WiFi ដោយខ្លួនឯងផ្ទាល់មួយជាមួយនឹងតម្លៃទាបតែមានសមត្ថភាពខ្ពស់ ដោយលោកបានចំណាយពេលយប់និងនៅចុងសប្ដាហ៍ដើម្បីធ្វើ។
នៅដើមឆ្នាំ ២០០៥ លោក Robert Pera បានត្រៀមខ្លួនរួចជាស្រេចដើម្បីបើកក្រុមហ៊ុនផ្ទាល់ខ្លួន ដោយលោកបានចាកចេញពីក្រុមហ៊ុន Apple ហើយបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនមួយឈ្មោះថា Ubiquity Networks ។ ក្រុមហ៊ុន Ubiquity Networks បានបង្កើតជាផ្លូវការនៅក្នុងខែ មិនា ឆ្នាំ ២០០៥ ដោយលោកប្រើដើមទុនផ្ទាល់ខ្លួនចំនួន ៣០ ០០០ ដុល្លារប៉ុណ្ណោះ។ បន្តិចម្តងៗUbiquity Networks មិនត្រឹមក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍អ៊ីនធឺណិតប៉ុណ្ណោះទេ គឺជាក្រុមហ៊ុនផ្គត់ផ្គង់កាមេរ៉ាសុវត្ថិភាពទៀតផង។ ក្រុមហ៊ុន Ubiquity Networks បានក្លាយជាក្រុមហ៊ុនទីមួយនៅអាមេរិកដែលផលិតឧបករណ៍ WiFi បញ្ជូនសញ្ញាបានឆ្ងាយជាងគេដល់ទៅ ២២៥ គីឡូម៉ែត្រពោលគឺអាចភ្ជាប់ពីទីក្រុង Los Angeles ទៅទីក្រុង Las Vegas ។
0 comments:
Post a Comment