លោក Zuckerberg និងភរិយា Priscilla Chan dailymail and businessinsider
ធ្លាប់សិក្សាតែពីមេរៀនជីវិត និងភាគជោគជ័យរបស់លោក Mark Zuckerberg ថ្ងៃនេះសូមបង្ហាញជីវិតស្នេហារបស់មហាសេដ្ឋីវ័យ ៣០រូបនេះវិញម្ដង។ តាមពិតទៅអាពាហ៍ពិពាហ៍រវាងលោក Zuckerberg និងភរិយានាង Priscilla Chan មិនត្រូវបានប្រកាសជាសាធារណនោះទេ។ នៅខែឧសភា ឆ្នាំ២០១២ គេបានប្រទះឃើញរូបថតមួយសន្លឹករបស់ Priscilla Chan បង្ហោះលើ facebook របស់នាងក្នុងឈុតអាពាហ៍ពិពាហ៍ជាមួយ Zuckerberg ហើយនាងថែមទាំងបាន update នៅលើ facebook របស់នាងថា នាងបានរៀបអាពាហ៍ពិពាហ៍ជាមួយ Mark Zuckerberg ហើយ។
តើចំណងស្នេហ៍រវាងអ្នកទាំងពីរកើតឡើងនៅពេលណា?
តាមពិតទៅ Priscilla Chan និង Mark Zuckerberg បានជួបគ្នាជាលើកដំបូងនៅពេលដែលអ្នកទាំងពីររៀននៅសាកលវិទ្យាល័យ Harvard។ បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យនៅសាលា Quincy នៅឆ្នាំ២០០៣ Priscilla Chan បានបន្តការសិក្សាជីវវិទ្យានៅសាកលវិទ្យាល័យ Harvard ជាទីដែលនាងបានជួបនឹងម្ចាស់បេះដូង Mark Zuckerberg។ អ្នកទាំងពីរបានឃើញគ្នាជាលើកដំបូង ក្នុងកម្មវិធីជប់លៀងមួយនៅសាកលវិទ្យាល័យ Harvard នៅឆ្នាំ២០០៣ ក្នុងពេលដែលពួកគេឈររង់ចាំចូលបន្ទប់ទឹក។
សារព័ត៌មានមួយ បានទម្លាយព័ត៌មានថា នៅពេល Zuckerberg ដើរលេងជាមួយ Chan ជាលើកដំបូង លោកបានប្រាប់នាងថា លោកសុខចិត្តមកណាត់ជួបជាមួយនាង ដោយទុកការប្រឡងពាក់កណ្ដាលឆមាសធ្វើនៅផ្ទះ (Take-home midterm) ចោល។
អ្នកស្រី Priscilla Chan គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សប៉ុន្មាននាក់ដែលបានបង្កើតគណនី Facebook មុនគេនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០០៤។ នៅឆ្នាំ២០០៧ Chan បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Harvard។ លោកZuckerberg ក៏ទៅចូលរួមអបអរនាងដែរ។ ក្រោយមក នាងបានបន្តការសិក្សានៅសាលា UCSF ហើយបានជួលផ្ទះមួយនៅក្បែរឧទ្យាន Golden Gate ស្នាក់នៅ។ Zuckerberg តែងតែទៅលេងញឹកញាប់នៅចុងសប្ដាហ៍។
ដោយសារតែស្ថាបនិកវ័យក្មេងរបស់បណ្ដាញសង្គមយក្សមួយនេះរវល់វក់វីនឹង Facebook ខ្លាំងពេក Priscilla Chan បានដាក់កំហិតដល់លោក Zuckerber យ៉ាងហោចណាស់មួយសប្ដាហ៍មានពេលជួបគ្នាយ៉ាងតិចបំផុត ១០០នាទីដែរ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន TheTechCrunch។ អ្នកទាំងពីរបានរស់នៅជាមួយគ្នានៅខែកញ្ញា ឆ្នាំ២០១០ ហើយនៅខែឧសភា ឆ្នាំ២០១១ អ្នកទាំងពីរបាន post នៅលើ facebook ពីទំនាក់ទំនងជាផ្លូវការរបស់ពួកគេ។ មួយឆ្នាំក្រោយមក គឺនៅខែឧសភា ឆ្នាំ២០១២ ពួកគេបានរៀបការជាផ្លូវការ។ ស្ថាបនិកក្រុមហ៊ុន Facebook រូបនេះក៏បានរៀនភាសាចិន ដោយមានភរិយារបស់លោកជួយបង្រៀន ហើយថ្មីៗនេះលោកអាចនិយាយភាសាចិនក្នុងកម្មវិធីសំណួរចម្លើយ ធ្វើនៅសាកលវិទ្យាល័យមួយនៅប្រទេសចិនបានយ៉ាងច្បាស់៕
0 comments:
Post a Comment