ose Mourinho អ្នកចាត់ការក្រុម Chelsea ចង់កែប្រែរចនាសម្ព័ន្ធរបស់ក្រុមតោខៀវមួយចំនួនធំ ដោយចង់លក់កីឡាករចំនួន៤នាក់ចេញនៅខែមករាខាងមុខនេះ និងដើម្បីទិញចូលកីឡាករថ្មីបន្ថែមជួយស្រោចស្រង់ក្រុមឡើងវិញ។ នេះបើតាមសារព័ត៌មាន Sport បានចុះផ្សាយ។
បើតាមសេចក្ដីរាយការណ៍ អ្នកចាត់ការរហស្សនាម “Special One” រូបនេះ បានស្នើទៅម្ចាស់ក្លិបលោក Roman Abramovich ឲ្យជឿជាក់លើខ្លួនម្ដងទៀត នៅខែមករានេះ ដើម្បីឲ្យលោកមានឱកាសកែប្រែក្រុមទៅតាមតម្រូវការ ដែលលោកចង់បាន។
កីឡាករសំខាន់ៗជាច្រើន ត្រូវបាន Mourinho ដកចេញពីជម្រើសដំបូងរដូវកាលនេះ ហើយបើតាមសេចក្ដីរាយការណ៍ពីអេស្ប៉ាញតាមប្រភពខាងលើបានឲ្យដឹងទៀតថា កីឡាករ៤នាក់ ដែលអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ចង់លក់ចេញនោះមាន Diego Costa, Nemanja Matic, Eden Hazard និង Oscar។
ចំណែកឯខ្សែបម្រើ Cesc Fabregas ដែលមានសារព័ត៌មាន និងពាក្យចចាមអារ៉ាមជាច្រើនលើកឡើងថា ជាមេខ្លោងក្នុងការចង់បះបោរ លេងធ្វើចាញ់ដើម្បីឲ្យ Mourinho ចាកចេញនោះ ពុំមានក្នុងបញ្ជីឈ្មោះលក់ចេញទេ៕
0 comments:
Post a Comment