សូមប្រិយមិត្តស្រមៃបន្តិចទៅមើល៍ថា លោកអ្នកស្ថិតនៅក្នុងស្ថានភាពមួយដែលគ្មានដៃគ្មានជើងទាំងអស់សម្រាប់ដើរ ចាប់ វាយ ឱបមនុស្សដែលអ្នកស្រលាញ់ មិនអាចលើកបោះអ្វីបាន មិនអាចធ្វើអ្វីដែលអ្នកចង់ធ្វើក្រៅពីហាមាត់និយាយ។ នៅក្នុងស្ថានភាពបែបនេះតើលោកអ្នកអាចប្រាប់បានទេថា តើត្រូវរស់នៅដោយវិធីណា?
ឧទាហរណ៍ខាងលើហាក់បីដូចជាធ្ងន់ធ្ងរពេក ឥឡូវនេះឧបមាថា លោកអ្នកមានតែដៃអត់ជើង នោះវាច្បាស់ណាស់ដែលថា លោកអ្នកពិតជាមិនអាចដើរ រាំ រត់ ឈរដូចមនុស្សផ្សេងទៀត ឬ មួយក៏ថា អ្នកគ្មានដៃតែមានជើង អ្នកក៏មិនអាច ចាប់ បោះ វាយ អោប ទាញ និង ធ្វើកិច្ចការផ្សេងៗតាមតែអំពើចិត្តនោះដែរ។ ចុះបើករណីនេះកើតមានចំពោះលោកអ្នកមែននោះ លោកអ្នកច្បាស់ជាពិបាកទទួលយកណាស់មែនទេ?
យ៉ាងណាមិញករណីនេះវាបានក្លាយជាការពិតទៅហើយសម្រាប់លោក Nick Vujicic ដើមកំណើតអូស្ត្រាលីដែលគ្មានអ្នកណានឹកស្មានដល់សោះថា បុរសពិការដៃជើងម្នាក់នេះអាចក្លាយជាវាគ្មិនល្បីល្បាញមួយនៅលើពិភពលោកប្រែក្លាយជីវិតមានរូបរាងដ៏គួរឲ្យស្អប់ខ្ពើមទៅជាជីវិតមួយមានន័យបំផុតនៅពេលនេះ។
ក្រឡេកទៅមើលជីវប្រវត្តិរបស់លោក លោក Vujicic បានកើតនៅក្នុងឆ្នាំ ១៩៨២ នៅក្រុង Brisbane រដ្ឋ Queenslandប្រទេសអូស្ត្រាលី ពោលគឺមានអាយុ ៣២ ឆ្នាំហើយគិតមកត្រឹមឆ្នាំ ២០១៤ នេះ។ ថ្ងៃដែលលោកបានឃើញពន្លឺព្រះអាទិត្យ ក៏ជាថ្ងៃដំបូងបំផុតមួយដែលធ្វើឲ្យឪពុកម្ដាយរបស់លោករន្ធត់ចិត្តផងដែរ ត្បិតអីលោកកើតមកគ្មានដៃគ្មានជើងដូចទារកដទៃទៀតខុសពីការរំពឹងទុក។ តើកុមារម្នាក់នេះបានប្រើខ្សែជីវិតរបស់ខ្លួនរស់នៅយ៉ាងសប្បាយរីករាយដូចមនុស្សដទៃទៀតបានដូចម្តេចទៅ?
ឆ្លងកាត់វ័យកុមារភាព លោក Vujicic មិនត្រឹមតែអាចដោះស្រាយបញ្ហាប្រឈមមុខជាច្រើននៅក្នុងថ្នាក់រៀន និង ជីវិតនៅវ័យជំទង់ប៉ុណ្ណោះទេ ប៉ុន្តែលោកថែមទាំងអាចពុះពារជំនះរាល់ស្ថានភាពតឹងតែង ការរើសអើង ភាពឯកោនានា និង ការលើកទឹកចិត្តខ្លួនឯងបានយ៉ាងគួរឲ្យកោតសរសើរទៀតផង។
ជីវិតបែបនេះបានធ្វើឲ្យលោកលើកឡើងជាសំនួរថា ហេតុអ្វីបានជាលោកកើតមកមានរូបសម្បត្តិមិនដូចជាក្មេងៗដទៃទៀត? ហេតុអ្វីបានជាលោកកើតមកគ្មានដៃគ្មានជើងនឹងគេ? នេះបានធ្វើឲ្យលោកមានការបារម្ភយ៉ាងខ្លាំងពីគោលដៅជីវិតរបស់លោក។
ចំពោះបញ្ហានេះតាមសម្ដីរបស់លោក Vujicic ផ្ទាល់បានអះអាងថា ជម្រើសដ៏ល្អបំផុតរបស់លោកដើម្បីដោះស្រាយបញ្ហានេះបាន គឺលោកត្រូវតែតស៊ូជំនះឧបសគ្គនានានៅក្នុងដំណើរជីវិតរបស់លោក រួមទាំងលើកទឹកចិត្តខ្លួនឯង និង មានមហិច្ឆតាធំមួយនៅពេលអនាគត។ នេះបានធ្វើឲ្យគ្រួសាររបស់លោក មិត្តភ័ក្ដិ និង មនុស្សជាច្រើនទៀតជួយគាំទ្រលើកទឹកចិត្តឲ្យលោកជាបន្តបន្ទាប់តាមក្តីស្រមៃដែលលោកបានលើកឡើង។
នៅអនុវិទ្យាល័យ លោក Vujicic ត្រូវបានជ្រើសតាំងជាប្រធានសាលា Runcorn State High School នៅរដ្ឋ Queensland និង បានបំពេញការងារជាមួយក្រុមប្រឹក្សានិស្សិតក្នុងការបង្កើតកម្មវិធីរៃអង្គាសប្រាក់សម្រាប់កម្មវិធីមនុស្សធម៌នានា និង ជួយជនពិការជាច្រើននៅក្នុងសហគមន៍របស់លោក។ នៅអាយុ ១៧ ឆ្នាំ លោកចាប់ផ្តើមកិច្ចពិភាក្សាតស៊ូមតិនានាជាមួយក្រុមការងាររបស់លោក និង ក្រោយមកបានបង្កើតអង្គការមិនស្វែងរកប្រាក់ចំណូលមួយមានឈ្មោះថា “Life Without Limbs”។
ឈានចូលដល់វ័យ ១៩ ឆ្នាំ លោកបានចាប់ផ្តើមបំពេញក្តីសុបិន្ដរបស់លោកដើម្បីក្លាយជាវាគ្មិនដ៏ល្បីល្បាញម្នាក់ក្នុងការជួយជ្រោមជ្រែងលើកទឹកចិត្តអ្នកដទៃ ចែករំលែកបទពិសោធន៍ល្អៗ នូវអ្វីដែលលោកយល់ថា ជាជីវិតរបស់លោកត្រូវបានព្រះប្រទានពរ។
«ខ្ញុំបានរកឃើញគោលដៅជីវិតរបស់ខ្ញុំ។ វាជាគោលដៅមួយដែលថា ហេតុអ្វីបានជាអ្នកមកដល់ទីនេះ?។ ខ្ញុំជឿជាក់ថា មនុស្សម្នាក់ៗមានគោលដៅមួយដែលខ្លួនត្រូវតែតស៊ូឡើង និង រៀបចំឥរិយាបថដើម្បីសម្រេចគោលដៅនោះជាមួយនឹងមហិច្ឆតា រួមទាំងជំនឿជឿជាក់របស់ខ្លួន»។ នេះជាការលើកឡើងរបស់លោក Vujicic។
ថ្វីត្បិតតែលោកពិការពិតមែន ប៉ុន្តែភាពប៉ិនប្រសព្វរបស់លោក ក្នុងការតស៊ូមតិនានាជាពិសេសលើការលើកទឹកចិត្តដល់អ្នកដទៃបានធ្វើឲ្យលោកក្លាយជានិស្សិតម្នាក់ដែលវៃឆ្លាតជាងសិស្សដទៃទៀត។ រហូតដល់ឆ្នាំ ២០០៥ ពោលគឺនៅពេលដែលលោកមានអាយុ ២៣ ឆ្នាំ លោកបានទទួលបានរង្វាន់ Australian of the Year Award ។ ក្រោយមកទៀត លោក Vujicic អាចតស៊ូសិក្សារៀនសូត្ររហូតទទួលបានសញ្ញាប័ត្របរិញ្ញាប័ត្រចំនួនពីរពីសាកលវិទ្យាល័យ Griffithរបស់អូស្ត្រាលីលើមុខវិជ្ជាគណនេយ្យ និង គម្រោងហិរញ្ញវត្ថុ។
មកដល់បច្ចុប្បន្ននេះ បុរសពិការដៃជើងម្នាក់នេះបាននាំមកនូវសមិទ្ធផលជាច្រើនបានល្អជាងមនុស្សឯទៀតនៅក្នុងឆាកជីវិតរបស់លោក។ លោកបានធ្វើដំណើរនៅជុំវិញពិភពលោកដើម្បីធ្វើជាវាគ្មិនលើកទឹកចិត្តដល់សាធារណជនរាប់លាននាក់តាមកម្មវិធីនានាដែលរៀបចំដោយគម្រោងអង្គការ Life Without Limbs របស់លោកដែលមានជាអាទិ៍ និស្សិត សាស្ត្រាចារ្យ លោកគ្រូអ្នកគ្រូ អ្នកជំនួញ សហគ្រិន សាសនិក។ល។ នេះមិនទាន់រាប់បញ្ចូលបទសម្ភាសន៍នានាដែលធ្វើឡើងនៅតាមកញ្ចប់ទូរទស្សន៍ល្បីៗជាច្រើនទៀតផងដែរ។
លោក Vujicic គ្មានដៃគ្មានជើងដូចមនុស្សដទៃ តែបានប្រែក្លាយជីវិតទាំងមិនគួរឲ្យជឿមួយយ៉ាងជោគជ័យបំផុត។ រហូតមកទល់នឹងពេលនេះ លោកបានចាប់ដៃរៀបការជាមួយនាង Kanae Miyahara កាលពីឆ្នាំ ២០១២ និង ប្រសូត្របានកូនប្រុសម្នាក់ហើយ៕
សូមទស្សនាវីដេអូរបស់លោកដូចខាងក្រោមនេះ!
0 comments:
Post a Comment