មិនចំពោះថាលោកអ្នកកំពុងសន្សំលុយបន្ថែម ទទួលទានអាហារប៉ូវសុខភាពឲ្យកាន់តែប្រសើរឡើង ឬ ចំណាយពេលជាមួយគ្រួសារឲ្យច្រើនជាងមុនយ៉ាងណាទេ នេះជាពេលវេលាដ៏សមស្របសម្រាប់ការផ្លាស់ប្ដូរមួយដែលនាំមកនូវសុភមង្គលដល់អ្នក។ នេះក៏មានឥទ្ធិពលលើអាជីវកម្មរបស់លោកអ្នកផងដែរ។
ស្របពេលដែលឆ្នាំ ២០១៦ បានមកដល់ នេះជាឱកាសដ៏ល្អមួយសម្រាប់អាជីវករខ្នាតតូចក្នុងការកែតម្រូវយុទ្ធសាស្ត្រធ្វើអាជីវកម្មចាស់ មកអនុវត្តគំនិតអាជីវកម្មថ្មីដែលធ្វើឲ្យអ្នកកាន់តែរីករាយ និង ទទួលបានផ្លែផ្កាជាងឆ្នាំមុន។ នេះជាអ្វីដែលលោកអ្នកមិនគួរមើលរំលងចំណុច ៤ នេះដែលជាគោលដៅដែលអ្នកត្រូវរៀបចំសម្រាប់ធ្វើអាជីវកម្មក្នុងឆ្នាំនេះ។
១) ផ្ដោតទៅលើបុគ្គលិក
ការយកចិត្តទុកដាក់ដល់បុគ្គលិក ពោលគឺធ្វើឲ្យពួកគេសប្បាយចិត្ត ឬ ពេញចិត្តពេញថ្លើមនឹងក្រុមហ៊ុនរបស់អ្នកមិនត្រឹមតែមានប្រយោជន៍ផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ថែមទាំងមានឥទ្ធិពលនាំមកនូវគុណតម្លៃជារួមនៅកន្លែងការងារទៀតផង។ ប្រសិនបើបុគ្គលិករបស់អ្នករីករាយក្នុងការបំពេញការងារ ពួកគេនឹងបង្កើនលទ្ធផលការងារកាន់តែល្អឡើង និង ប្រកបដោយស្មារតីទទួលខុសត្រូវ។
សាកសួរពួកគេពីចំណាប់អារម្មណ៍ដែលពួកគេធ្វើការនៅក្នុងក្រុមហ៊ុនរបស់អ្នក ដើម្បីអាចឲ្យអ្នកដឹងពីបំណងប្រាថ្នារបស់ពួកគេ និង គោលដៅដែលពួកគេចង់បាន។ មុននឹងដាក់គម្រោងការងារថ្មី ពួកគេអាចចង់ឲ្យអ្នកផ្តល់ថ្ងៃឈប់សម្រាកដល់ពួកគេ ឬ ចេញថ្លៃឲ្យពួកគេដើរកម្សាន្តនៅកន្លែងណាមួយជាដើម។ នេះវាមិនមានអ្វីត្រូវចំណាយច្រើនពេកនោះទេ តែវាផ្តល់មកនូវការភាតរភាពនៅកន្លែងការងារ និង ផ្តល់សុភមង្គលដល់បុគ្គលិកក្នុងឆ្នាំថ្មីនេះតែប៉ុណ្ណោះ។
២) បង្កើនទំនាក់ទំនងជាមួយអតិថិជន
តម្រូវការរបស់អតិថិជនមានការប្រែប្រួលគ្រប់កាលៈទេសៈទាំងអស់ពីមួយឆ្នាំទៅមួយឆ្នាំ។ ផលិតផល ឬ សេវាកម្មរបស់អ្នកអាចក្លាយជាតម្រូវការត្រឹមត្រូវតែតែមួយគត់សម្រាប់ពួកគេ ប៉ុន្តែសូមកុំអាលជឿជាក់ពេក។ ហេតុដូច្នេះហើយ នៅក្នុងឆ្នាំថ្មីនេះ អ្នកត្រូវបង្កើតគោលដៅមួយ ពោលគឺការបង្កើនទំនាក់ទំនងបន្ថែមទៀតឲ្យកាន់តែប្រសើរឡើងជាមួយអតិថិជន។ ការប្រស្រ័យទំនាក់ទំនងដោយផ្ទាល់ ការចុះទៅដល់ទីកន្លែង ស្ទាបស្ទង់ចំណាប់អារម្មណ៍ ជាដើម អ្នកត្រូវស្វែងយល់ពីអតិថិជនឲ្យច្បាស់ថា តើពួកគេនឹងត្រូវការអ្វីខ្លះនៅក្នុងឆ្នាំបន្ទាប់នេះ?
នៅពេលដែលអ្នកបានស្វែងយល់ពីអតិថិជនរបស់អ្នកបានច្បាស់ហើយនោះ ចាប់ផ្តើមកែតម្រូវផលិតផល ឬ សេវាកម្មរបស់អ្នកឡើងវិញដើម្បីឲ្យស្របទៅនឹងតម្រូវការរបស់អតិថិជន ហើយចាប់ផ្តើមធ្វើតេស្តដាក់ចែកចាយទៅកាន់ទីផ្សារ។ ប៉ុន្តែកុំភ្លេចណា! ផលិតផល ឬ សេវាកម្មថ្មីនេះគួរតែបញ្ចុះតម្លៃបន្តិចទៅ អតិថិជននឹងចាប់អារម្មណ៍ជាមិនខាន។ ក្រៅពីអ្វីទាំងនេះ ការស្វែងរកដំណោះស្រាយជូនអតិថិជនប្រកបដោយសុវត្ថិភាព នឹងដើរតួនាទីយ៉ាងសំខាន់ជួយបង្កើនការគាំទ្រដែលមិនត្រឹមតែរក្សាអតិថិជនចាស់ឲ្យនៅរកស៊ីជាមួយអ្នកនោះទេ តែថែមទាំងអាចទាក់ទាញអតិថិជនថ្មីបានបន្ថែមទៀតផង។
៣) កម្ចាត់ចោលស្តេ្រសឲ្យបាន
វាជាធម្មតាទៅហើយដែលអ្នកត្រូវតែសម្លឹងមើលទៅមុខជានិច្ច ដើម្បីដឹកនាំអាជីវកម្មឆ្ពោះទៅកាន់គោលដៅដែលអ្នកចង់បាន។ អ្នកបានដាក់ចិត្តដាក់កាយធ្វើការច្រើនម៉ោងក្នុងមួយថ្ងៃដោយភាពមមាញឹកបំផុត ដែលនេះមិនបានធ្វើឲ្យអ្នកគ្មានពេលទំនេរគ្រប់គ្រាន់ដើម្បីសម្រាក។ យ៉ាងណាមិញ នេះក៏អាចប៉ះពាល់ដល់សុខភាពរបស់អ្នកដែរ។
បញ្ហាស្រ្តេស ឬ អារម្មណ៍តានតឹងនេះ អ្នកគួរតែយកចិត្តទុកដាក់ឲ្យបានច្រើនដែរ ព្រោះថាវាអាចបំផ្លាញសុភមង្គលរបស់អ្នកបាន ទោះបីជាអ្នកមានលុយច្រើនក៏ដោយ ហើយវាអាចប៉ះពាល់ដល់ការដឹកនាំអាជីវកម្មរបស់អ្នកទៀតផង។ ម្ល៉ោះហើយចំណាយពេលរៀបចំគម្រោងប្រើប្រាស់ពេលវេលាឲ្យបានត្រឹមត្រូវថា តើពេលណាអ្នកត្រូវធ្វើការ? ពេលណាត្រូវសម្រាក? រយៈពេលប៉ុន្មានត្រូវចំណាយពេលជាមួយគ្រួសារ ឬ ដើរកម្សាន្តជាដើម?
នេះមិនទាន់គ្រប់គ្រាន់នៅឡើយទេ ពីព្រោះថា អ្នកត្រូវធ្វើឲ្យសុខភាពរបស់អ្នករឹងមាំដែរ ហេតុដូច្នេះ អ្នកគួរចំណាយពេលឲ្យបានទៀងទាត់បង្កើតទម្លាប់ហាត់ប្រាណឲ្យបានយ៉ាងហោចណាស់៣០នាទីក្នុងមួយថ្ងៃ ព្រោះការហាត់ប្រាណអាចជួយកាត់បន្ថយស្ត្រេស និង ធ្វើឲ្យសុខភាពរឹងមាំទៀតផង។ នៅពេលអ្នកមានសុខភាពល្អ ការងារក៏ល្អជោគជ័យដល់ក្រុមហ៊ុនទាំងមូល។
៤) រៀបចំគម្រោងហិរញ្ញវត្ថុទុកជាមុន
ការរៀបចំគ្រោងហិរញ្ញវត្ថុជាមុនសម្រាប់ឆ្នាំថ្មីនេះ ពិតមានសារសំខាន់ណាស់ក្នុងការកំណត់ជោគវាសនាអាជីវកម្មរបស់អ្នក។ បើគ្មានគម្រោងហិរញ្ញវត្ថុដ៏ត្រឹមត្រូវមួយទេនោះពោលគឺគម្រោងចំណូលចំណាយសម្រាប់ពេលខាងមុខ វានឹងផ្តល់ផលវិបាកដល់ការលក់ និង ប្រាក់ចំណូលរបស់អ្នក។ កំណត់ពីគោលដៅអាជីវកម្មរបស់អ្នកនៅក្នុងរយៈពេល៦ ខែក្រោយ មួយឆ្នាំក្រោយ ឬ ៣ ឆ្នាំក្រោយ ហើយចាប់ផ្តើមបង្កើតគម្រោងនានាសម្រាប់ដើរនៅតាមដំណាក់កាលនីមួយៗនេះដើម្បីសម្រេចដល់គោលដៅដែលអ្នកចង់បាន។
នៅពេលដែលអ្នកមានគម្រោងនៅក្នុងដៃហើយនោះ អ្នកត្រូវប្រាកដថា គម្រោងនោះត្រូវបានអនុវត្តបានគ្រប់ជ្រុងជ្រោយ។ ការមានសូចនាករមួយយ៉ាងច្បាស់លាស់ដើម្បីតាមដានសកម្មភាពអនុវត្តការងាររបស់អ្នកជារៀងរាល់ថ្ងៃ នឹងអាចជួយអ្នកស្វែងយល់បញ្ហានេះបានដែលអាចជៀសវាងប្រើប្រាស់ហិរញ្ញវត្ថុរបស់អ្នកដើរខុសទិសដៅ។ ប្រសិនបើអ្នកពិនិត្យឃើញថា ការអនុវត្តរបស់អ្នកពិតជាអាចសម្រេចគោលដៅបាន នេះបញ្ជាក់បានថា ភាពជោគជ័យកំពុងខិតមករកអ្នកបន្តិចម្តងៗ។ ប៉ុន្តែ បើវាដើរខុសគោលដៅ អ្នកត្រូវប្រញាប់ប្រញាល់រៀបចំគម្រោងអនុវត្តការងារឡើងវិញ ដើម្បីជៀសវាងមិនឲ្យផុងខ្លួនកាន់តែជ្រៅ៕
0 comments:
Post a Comment