ស្ថាបនិក​​​ស្ថាប័ន​ស្ថាបនា​អ្នកដឹកនាំ​លោក​ សយ សាវុត​ ៖ ​ខ្ញុំ​​ធ្លាប់​រៀន​ត្រួត​ថ្នាក់ទី៥​​​​​​បី​ដង

​ ​​​​​​​​​
ស្ថាបនិក​​​ស្ថាប័ន​ស្ថាបនា​អ្នកដឹកនាំ Vbuild Leaders ​លោក​ សយ សាវុត 
  
ជាស្ថាបនិកនៃស្ថាប័នស្ថាបនា អ្នកដឹកនាំ vbuild leaders លោក សយ សាវុត ធ្លាប់មានប្រវត្តិ មិនចូលចិត្តរៀនសូត្រ កាលពីនៅវ័យ​កុមារភាព មុន​ពេល​លោក​បាន​ប្រឡង​ជាប់​អាហារូបករណ៍នៅ សាកលវិទ្យាល័យ វេទមហាប្ញសី ក្នុង​ខេត្តព្រៃវែង ជំនាញ​​​គណនេយ្យ រហូត​ទទួល​បាន​ការងារ​ជាបន្តបន្ទាប់ ជាអ្នកទីផ្សារ និង ផ្នែកទំនាក់ទំនងដ៏ឆ្នើម ម្នាក់​នៅ ក្រុមហ៊ុន​ជាតិ និង អង្គការ​អន្តរជាតិ មួយ​ចំនួន និង បច្ចុប្បន្ន​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ អង្គការ​សកម្មភាព​ព្រះពុទ្ធសាសនា​ដើម្បី​អភិវឌ្ឍ​សង្គម​ (BSDA) និង ជា​គ្រូបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ​ដ៏ល្បី​ឈ្មោះ​ម្នាក់​ក្នុងទីក្រុងភ្នំពេញ។

តើអ្វីទៅ ជាកត្តាជំរុញចិត្ត ឲ្យលោកសាវុត ផ្លាស់ប្ដូរទម្លាប់ ពីមិន ចូលចិត្តរៀនសូត្រ ដែលបានត្រួតថ្នាក់បីឆ្នាំ បែរ​មកជារៀន​ពូកែ រហូតទទួលបាន អាហាររូបករណ៍ នៅសាកលវិទ្យាល័យ វេទមហាប្ញ សី?

លោក សយ សាវុត ឲ្យ  ដឹងថា លោកមាន ស្រុកកំណើតនៅខេត្តបាត់ដំបង។ លោកគឺជាកូនកំព្រា​ម្ដាយ តាំងពី​ក្មេង។ កាលពីរៀន​នៅបឋមសិក្សា លោក សាវុត មិន​ចូលចិត្ត រៀនសូត្រ​ទេ ដោយ​កាល​ពី​នៅ​រៀន ថ្នាក់​ទី៥ លោក​ធ្លាប់​រៀនត្រួត ថ្នាក់ ដល់​ទៅ​បី​ដង។

លោកថា ហេតុផលដែលលោករៀនត្រួតថ្នាក់ដល់ទៅបីដងនោះ គឺ ដោយសារតែ ប្រឡងកាឡេស លើកទី១ ប្រឡង​ធ្លាក់ លើកទី២អត់ទៅប្រឡង ព្រោះ​ត្រូវ​ផ្លាស់​ពីបាត់​ដំបងមកភ្នំពេញរស់នៅជាមួយឪពុកមា និង លើកទី៣ រៀន​នៅ​ភ្នំពេញ​ក៏បាន​ប្រឡងជាប់ជាស្ថាពរ។

លោក សាវុត រៀនបឋមសិក្សា នៅសាលាសន្សំកុសល អនុវិទ្យាល័យ ផ្សារដើមថ្កូវ និង វិទ្យាល័យច្បារអំពៅ។ នៅពេលរៀន ដល់ អនុវិទ្យាល័យ លោក សាវុត ក៏ នៅតែ មិនបានប្តូរគំនិត ជាខិតខំរៀនអីទេ ព្រោះលោកគិតថា​មិនដឹង​រៀន​ដើម្បីអ្វី? រៀនចេះ ទៅ មានន័យអីនោះទេ? លោក​ថា កាល​លោក​នៅ​តូច​មិន​បាន​យល់​ច្បាស់​ពី​ អត្ថ​ប្រយោជន៍​នៃ ការរៀនសូត្រ។

កាលនៅ​រៀនអនុវិទ្យាល័យ លោកបានប្រឡងសាកល្បងធ្លាក់ ឌីប្លូម (សញ្ញាបត្រ បឋមភូមិ) នៅពេលនោះ លោក​ត្រូវ បាន ឪពុកមា ស្ដីបន្ទោស ហើយព្រមាន​ថា បើមិនខំរៀនទេ នឹងបញ្ជូនឲ្យទៅស្រុក វិញហើយ ថែមទាំងព្រលយ​ពាក្យថា ឱ្យទៅធ្វើស្រែ បើលោកមិនខំរៀន​បែបនេះ។

ពេលឮការស្ដីបន្ទោស ពីឪពុកមាបែបនេះ លោកសាវុត បានភ្ញាក់ខ្លួន ហើយគិតថា ខ្លួនប្រាណលោកតូច មិនអាច​អូស​រទេះ ឬ នង្គ័លភ្ជួរដី បានទេ បើនៅភ្នំពេញ ចាប់អាជីពជាអ្នករត់ម៉ូតូឌុប ក៏ ពិបាកដែរ ព្រោះខ្លួនមាន​មាឌល្អិត ហើយ​មិនសូវមានកម្លាំងកំហែងទៀត។ អីចឹង មានតែ លោកដាក់ចិត្តខំរៀនទេ។ លោកបានប្រឹងប្រែង និងត្រៀម​ខ្លួន យ៉ាងល្អ ប្រហែល១ខែ ដើម្បីត្រៀម​ប្រឡង ហើយ​លោកក៏ប្រឡង​ជាប់ សញ្ញាប័ត្រ ឌីប្លូម ដូច​ការគិត​ទុក ដោយ​ទទួល​​បាន និទ្ទេស​ល្អបង្គួរ​ទៀត​ផង​។

លោកបានរៀបរាប់បន្តថា ក្រោយពីបានប្រឡងជាប់ ឌីប្លូម លោកបានចូលរៀនបន្ត នៅវិទ្យាល័យច្បារអំពៅ ប៉ុន្តែ​ពេលនោះ លោកក៏មិនសូវជាខំរៀនប៉ុន្មានដែរ ដោយសារមិនសូវមាន​លុយ​រៀន​គួរ និង ទិញសៀវភៅផង ហើយ​លោកក៏មិនខិតខំពុះពារដដែល។ រហូតដល់ថ្នាក់ទី១២ លោកបាន​សុំគ្រូ ចូលរៀនគួរ ដោយ​មិនបង់ប្រាក់ ព្រោះ​រូប​លោក​មាន ជីវភាព​ខ្វះខាត ទើបលោកគ្រូអ្នកគ្រូ អនុញ្ញាតឲ្យរៀនគួរ ដោយ​ឥតគិតថ្លៃ។

ចាប់ពីត្រៀមខ្លួនប្រឡងបាក់ឌុប (សញ្ញាបត្រទុតិយភូមិ) ឆ្នាំ ១៩៩៧-៩៨ រហូតបានជាប់លំដាប់លេខ២​ប្រចាំ​វិទ្យាល័យ​​នាឆ្នាំ១៩៩៨ នឹង​បាន​ប្រឡង​ជាប់​ជា​បន្តបន្ទាប់ រហូត​បាន​អាហារូបករណ៍​ នៅ​សាកលវិទ្យាល័យ មហាវេទឫសី។

លោកបានប្រឹងរៀនមុខវិជ្ជាទាំងអស់ក្នុងថ្នាក់សាកលវិទ្យាល័យ ជំនាញកុំព្យូទ័រ និង ភាសាអង់គ្លេស។ ថ្វី​ត្បិត​តែ លោក​បាន​បញ្ចប់​ ថ្នាក់​បរិញ្ញាបត្រ​ ជំនាញ​គណនេយ្យ ក្នុង​ឆ្នាំ ២០០២ លោក​បាន​ចាប់​យក​ជំនាញ​ជា​អ្នក​ទីផ្សារ​វិញ ដោយ​សារ ការ ស្រឡាញ់ ជំនាញ​នេះ ជាង​អ្វីដែល​លោក ផ្តោត​​ជា​​សំខាន់​នៅ មហាវិទ្យាល័យ។ លោក​តែង​​យក​សៀវភៅ​ធ្វើ​ជា​គ្រូ​លើ​ការងារ​​ផ្នែក​ទីផ្សារ ការ​លក់ ការ​ផ្សព្វផ្សាយ ការ​អភិវឌ្ឍ​ខ្លួន ការគ្រប់គ្រង និង ការដឹកនាំ។

 ដោយសារតែចំណេះ​ដែល​បាន​ប្រឹងរៀន ជំនាញ​កុំព្យូទ័រ ភាសា​អង់គ្លេស​ស្ទាត់​ជំនាញ និង ចំណង់​ចង់​ជោគ​ជ័យ លោក​សាវុត បាន​វិវត្ត​ខ្លួន​​ជាបន្តបន្ទាប់​ពី តួនាទី​ជា​អ្នក​សម្រប​សម្រួល​ផ្នែក​ទីផ្សារ រហូតដល់​ប្រធាន​នាយក​ដ្ឋាន​​ផ្នែក​ទីផ្សារ​នៅ​តាម​បណ្តា​ក្រុមហ៊ុន បរទេស និង អង្គការ​អន្តរជាតិ​មួយ​ចំនួន​ក្នុង​​រាជធានី​ភ្នំពេញ។

មួយ បទពិសោធន៍ ចំណេះដឹង ចំណេះធ្វើ និង បំណងជួយដាស់តឿនដល់យុវជនជំនាន់​ក្រោយ លោក​បាន​សម្រេច បើក​ស្ថាប័ន​ស្ថាបនា​​​អ្នក​ដឹកនាំ ដែលមានឈ្មោះ​ថា vbuild leaders ក្នុងឆ្នាំ២០១២ ដែល​ស្ថាប័ន​នេះ គឺ​ផ្ដោត​សំខាន់​ទៅលើ វគ្គ​បណ្ដុះ​បណ្ដាល​​ភាពជា​អ្នក​ដឹកនាំ ការលក់ ការជំរុញលើកទឹកចិត្ត និង ការប្រឹក្សាយោបល់លើការងារទីផ្សារ៕
Share on Google Plus

About TDasany

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment