បើ​ចង់​អប់​រំកូន​ប្រកប​ដោយ​គន្លង​ធម៌ សូម​លោក​អ្នក​ស្វែង​យល់​អំពី​ចំណុច​ទាំង​ ១០ ប្រកា​នេះ


មាន​ទ្រឹស្ដី​មួយ​និយាយ​ថា​បុគ្គល​ម្នាក់ ប្រសិនបើ​គេ​សង្កេត​មើល​បច្ចុប្បន្ន​កាល​របស់​គេ អាច​ដឹង​ដល់​អតីតកាល​របស់​គេ ព្រោះ​ជីវិត​របស់​គេ​បច្ចុប្បន្ន បែប​ណា​ម៉្យាង មាន​សាវតា​តភ្ជាប់​ទៅ​អតីតកាល។ នៅ​ក្នុង​ពាក្យ​ទំនឹម​ទំនៀម​ខ្មែរ​មួយ​ចំនួន​ក៏​បាន​លើក​ឡើង​ថា​៖ «ស្លឹក​ឈើ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់» ឬ «ឪពុក​ធ្វើ​ចោរ កូន​ធ្វើ​ចោរ» «សេពគប់​ពាល​ក្លាយជា​ពាល សេព​គប់​បណ្ឌិត​ក្លាយ​ជា​បណ្ឌិត»។ល។

ទាំង​នេះ​ត្រូវ​បាន​ចាត់​ចូល​ក្នុង​ទស្សនៈ​អប់​រំ​បែប «អាកប្បកិរិយា​និយម – behaviorism» ដែល​មាន​ន័យ​ថា​មនុស្ស​ធំ​ដឹង​ក្ដី​និង​មាន​អាកប្បកិរិយា និង​ដំណើរ​ជីវិត​របស់​គេ​បែប​ណា​ម៉្យាង គឺ​អាស្រ័យ​លើ​មជ្ឈដ្ឋាន​ខាង​ក្រៅ​ដែល​គេ​រស់​នៅ​ហ្នឹង​ហើយ ព្រោះ​អ្វីដែល​ឆ្លង​កាត់​តាម​សរីរញាណ​ទាំង​ប្រាំ​របស់​មនុស្ស មាន​ឥទ្ធិពល​យ៉ាង​ធំធេង​លើ​ឥរិយាបថ​បី​យ៉ាង៖ ការ​គិត – ការ​និយាយ​ស្ដី និង​ការ​ប្រព្រឹត្ត​ទង្វើ​ផ្សេងៗ។

អ្នក​ជំនាញ​ខាង​វិស័យ​អប់​រំ​កុមារ​តូច គឺ​លោក​ស្រី​បណ្ឌិត​​​ Dorothy Law Nolte ​បាន​សរសេរ​សៀវភៅ​មួយ​ក្បាល ​ដែល​មាន​ចំណង​ជើង​ថា «Children Learn What They Live» ដែល​មាន​ន័យ​ថា «កុមារ​កើត​ចេញ​ពី​ត្រកូល​បែប​ណា ផៅសន្ដាន​បែប​ណា ពូជ​អម្បូរ​បែប​ណា​ គេ​មាន​មាយាទ​បែប​ហ្នឹង» ស្រប​តាម​ពាក្យ​ទំនឹម​ទំនៀម​មួយ​ឃ្លា​ថា «ត្រកូល​ស​ជាតិ មាយាទ​សពូជ»។ កូន​របស់​លោក​អ្នក​នឹង​ក្លាយ​ជា​មនុស្ស​មាន​អាកប្បកិរិយា​បែប​ណា​ម្យ៉ាង​ តាម​មជ្ឈដ្ឋាន​ដែល​គេ​រស់​នៅ​ ដូច​ដែល​លោក​ស្រី​បណ្ឌិត Dorothy Law Nolte គូស​បង្ហាញ​ខាង​ក្រោម​។

១- បើ​កុមារ​រស់​ក្នុង​បរិស្ថាន​ដែល​មាន​តែ​ការ​រិះ​គន់​វាយ​ប្រហារ គេ​នឹង​ក្លាយ​ជា​មនុស្ស​ចាំ​តែ​ចាប់​កំហុស​អ្នក​ដទៃ។

២- បើ​កុមារ​រស់​ក្នុង​បរិស្ថាន​ដែល​ប្រព្រិត្ត​ហិង្សា​ដាក់​គ្នា ឬ​ឈ្លោះ​តែ​គ្នា គេ​នឹង​ក្លាយ​ជា​មនុស្ស​ដែល​ចូលចិត្ត​​សន្សំ​រឿង ឬ​បង្ក​ជំលោះ។

៣- ​បើ​កុមារ​រស់​ក្នុង​បរិស្ថាន​ដែល​មាន​តែ​ការ​បង្អាប់បង្អោន ​ពេល​គេ​ធំ​ទៅ គេ​នឹង​មាន​អារម្មណ៍​ថា​ខ្លួន​គេ​មិន​សូវ​មាន​តម្លៃ ជា​មនុស្ស​មឹះៗ​ ខ្លាច​គេ។

៤- បើ​កុមារ​​កើត​ចេញ​ពី​គ្រួសារ​ដែល​មាន​កេរ្តិ៍​ឈ្មោះ​មិន​សូវ​ថ្លៃ​ថ្នូរ ឬ​មាន​រឿង​អាស្រូវ​មិន​ចេះ​​ចប់ គេ​នឹង​ទទួល​អារម្មណ៍​ថា​ខ្លួន​ឯង​ហាក់​​អាប់​ឱន​ ​គ្មាន​ឥស្សរៈ​ភាព ឬ​សិរីសួស្ដី​។

៥- ​បើ​កុមារ​រស់​ក្នុង​បរិស្ថាន​ដែល​ជំរុញ​ឲ្យ​មាន​ភាព​ក្លាហាន និង​​ផ្ដល់​កម្លាំង​ចិត្ត​​ គេ​នឹង​ក្លាយ​ជា​មនុស្ស​ដែល​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង ធ្វើ​អ្វី​ក៏​មិន​សុញ មិន​ងាយ​រាថយ។

៦- បើ​កុមារ​រស់​ក្នុង​បរិស្ថាន​ដែល​មាន​ការ​អត់​ឱន​អធ្យាស្រ័យ​គ្នា គេ​នឹង​ក្លាយ​ជា​មនុស្ស​ដែល​មាន​ចិត្ត​អំណត់ និង​តស៊ូ​។

៧- បើ​កុមារ​រស់​ក្នុង​បរិស្ថាន​ដែល​មាន​ការ​សរសើរ និង​ឲ្យ​តម្លៃ​ គេ​នឹង​ក្លាយ​ជា​មនុស្ស​ដែល​​ធ្វើ​អ្វី​ប្រកប​ដោយ​សុទិដ្ឋិនិយម និង​ចិត្ត​​អំណរ។

៨- បើ​កុមារ​រស់​ក្នុង​បរិស្ថាន​ដែល​ពោរពេញ​ដោយ​ភាព​សន្ដោស​ប្រណី គេ​នឹង​ក្លាយ​ជា​មនុស្ស​ដែល​ផ្ដល់​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ដទៃ។

៩- បើ​កុមារ​រស់​ក្នុង​បរិស្ថាន​​អ្នក​សុច្ចរិត អ្នក​ត្រឹម​ត្រូវ​ គេ​នឹង​ក្លាយ​ជា​មនុស្ស​ស្មោះ​ត្រង់​ មិន​ចេះ​និយាយ​កុហក​ ឬ​​មាន​ល្បិច​កិច្ចកល។

១០- បើ​កុមារ​រស់​នៅ​ក្នុង​បរិស្ថាន​ដែល​ពោរ​ពេញ​ដោយ​ភាព​ស្និទ្នស្នាល​ ​គេ​នឹង​ក្លាយ​ជា​មនុស្ស​ដែល​​បង្កើត​មិត្ត​​ ​ជា​ជាង​សត្រូវ៕
Share on Google Plus

About TDasany

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment