លោក Francois Hollande បច្ចុប្បន្នជាប្រធានាធិបតីទី២៤របស់ប្រទេសបារាំងដោយលោកបានឈ្នះការបោះឆ្នោតជាតិទៅលើគូប្រជែងលោក Nicolas Sarkozy នៅក្នុងឆ្នាំ២០១២កន្លងទៅ។ លោក Francois Hollande គឺជាសមាជិកមកពីខាងគណៈបក្សសង្គមនិយមរូបនេះ បានជាប់ឈ្មោះបុរសខ្លាំងរបស់ពិភពលោកលំដាប់លេខ១៦ ក្នុងរយៈពេលពេញមួយឆ្នាំ ២០១៥ នេះបើយោងតាមទស្សនាវដ្ដីForbes។ តើបុរសខ្លាំងមួយរូបរបស់ពិភពលោក និងជាប្រធានាធិបតីទី២៤ បារាំងរូបនេះមានប្រវត្តិនិងបទពិសោធន៍ក្នុងឆាកជីវិតដូចម្ដេចខ្លះ?
លោក Francois Hollande ដែលមានឈ្មោះពេញថា Francois Gerard Georges Nicolas Hollande កើតនៅថ្ងៃទី ០២ សីហា ឆ្នាំ ១៩៥៤ នៅក្នុងទីក្រុង Rouen ប្រទេសបារាំងនៅក្នុងគ្រួសារថ្នាក់កណ្ដាលមួយ។ គ្រួសាររបស់លោកបានប្តូរទៅរស់នៅក្នុងទីក្រុងប៉ារីសនៅពេលដែលលោក Hollande មានវ័យ១៣ ឆ្នាំ ។ ក្រោយពីបានបញ្ចប់ការសិក្សាពីវិទ្យាល័យរដ្ឋលោក Hollande បានចូលរៀននិងបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកច្បាប់ពីសាកលវិទ្យាល័យ Pantheon-Assas University និងក្រោយមកទៀតបានចូលរៀនសាលាពាណិជ្ជកម្មមួយដ៏ល្បីស្ថិតនៅជាយក្រុងប៉ារីសមានឈ្មោះថា HEC Paris ដោយបានបញ្ចប់ការសិក្សាក្នុងឆ្នាំ ១៩៧៥ មុនពេលលោកចូលរៀនក្នុងវិទ្យាស្ថានវិទ្យាសាស្ត្រនយោបាយបារាំងមួយឈ្មោះថា Institut De Sciences Politiques ។
ក្រោយពីបញ្ចប់ការសិក្សានៅក្នុងវិទ្យាស្ថានវិទ្យាសាស្ត្រនយោបាយលោក Hollande បានចាប់អារម្មណ៍ខ្លាំងនិងជីវិតនយោបាយ ដោយលោកបានចូលធ្វើការស្ម័គ្រចិត្តឲ្យអតីតប្រធានាធិបតីបារាំងលោក Francois Mitterand ដែលពេលនោះលោក Hollande បានទទួលបរាជ័យ២ដងក្នុងយុទ្ធនាការឃោសនាធ្វើជាបេក្ខភាពប្រធានាធិបតី។ ប្រាំឆ្នាំក្រោយមកពោលគឺនៅឆ្នាំ ១៩៧៩ លោក Hollande បានចូលរួមជាមួយគណៈបក្សសង្គមនិយម ដោយក្រោយមកទៀតលោក Mitterand បានជ្រើសរើសលោក Hollande ធ្វើការជាធ្វើជាទីប្រឹក្សាសេដ្ឋកិច្ចជាន់ទាប មុនពេលលោកធ្វើជាអ្នកនាំពាក្យឲ្យរដ្ឋាភិបាល។
នៅក្នុងឆ្នាំ ១៩៨៣ លោក Hollande បានបម្រើការជាអ្នកប្រឹក្សាទីក្រុង Ussel និងត្រូវបានគេបោះឆ្នោតជាសមាជិករដ្ឋសភាជាតិក្នុងឆ្នាំ ១៩៨៨ ប៉ុន្តែនៅក្នុងឆ្នាំ ១៩៩៣ លោក Hollande បានបាត់កៅអីពីសមាជិកសភា ដោយលោកអាចដណ្ដើមយកមកវិញនៅក្នុងឆ្នាំ១៩៩៧ ។ នៅក្នុងឆ្នាំដដែលនេះលោក Hollande ត្រូវបានគេបោះឆ្នោតឲ្យធ្វើជារដ្ឋលេខាទីមួយនៃគណៈបក្សសង្គមនិយមចាប់តាំងពីឆ្នាំ ១៩៩៧ ដល់ ២០០៨។
នៅខែមិនាឆ្នាំ ២០១១ លោក Hollande បានឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីមកពីគណៈបក្សសង្គមនិយមដោយលោកបានប្រឈមមុខជាមួយបេក្ខភាពប្រធានាធិបតី៥ រូបផ្សេងទៀត។ លោក Hollande បានឈ្នះការបោះឆ្នោតជាតិជាស្ថាពរនៅថ្ងៃទី ០៦ ឧសភា ឆ្នាំ ២០១២ និងបានស្បថចូលកាន់តំណែងនៅថ្ងៃទី ១៥ ឧសភា ២០១២ មកទល់នឹងពេលបច្ចុប្បន្ន។
0 comments:
Post a Comment