គន្លឹះសាមញ្ញទាំង ៤ ដើម្បីជួយបង្កើនប្រសិទ្ធភាពការងារពេលកំពុងធ្វើការ catholicmatch.com
ប្រសិទ្ធភាពភាពការងារខ្ពស់នេះជាអ្វីដែលម្ចាស់អាជីវកម្មគ្រប់រូបចង់បាន ពីបុគ្គលិករបស់ខ្លួន ប្រសិនបើអ្នកមិនចេះរៀបចំយុទ្ធសាស្ត្រសម្រាប់ខ្លួនឯងពេលបំពេញការងារទេនោះ ប្រសិទ្ធភាពការងាររបស់អ្នកអាចធ្លាក់ចុះដែលនេះ ជាបញ្ហាប្រឈមក្នុងអាជីពការងាររបស់អ្នកទៅថ្ងៃនេះ។ ដូច្នេះដើម្បីទទួលបានភាពជោគជ័យក្នុងកន្លែងធ្វើការងារចូរអនុវត្តគន្លឹះសាមញ្ញទាំង ៤ នេះដើម្បីបង្កើនប្រសិទ្ធភាពការងាររបស់អ្នកពេលកំពុងបំពេញការងារ។
១) រៀបចំកាលវិភាគសម្រាប់ថ្ងៃការងារបន្ទាប់មុនចាកចេញពីកន្លែងធ្វើការ
ដើម្បីបំពេញការងារប្រកបដោយប្រសិទ្ធភាពនិងផលិតភាពនៅកន្លែងធ្វើការអ្នកត្រូវរៀបចំកាលវិភាគនិងផែនការសម្រាប់ខ្លួនឯងឲ្យបានច្បាស់លាស់ជាមុនសិន។ អ្នកត្រូវកំណត់ការងារដែលជាអាទិភាពដែលអ្នកនឹងត្រូវធ្វើ មុនពេលដែលអ្នកត្រលប់មកកន្លែងធ្វើការនៅថ្ងៃបន្តបន្ទាប់គ្នា។ ការធ្វើបែបនេះអ្នកមិនត្រឹមតែបានបញ្ចប់ការងាររបស់ប្រកបដោយភាពជោគជ័យប៉ុណ្ណោះទេ វាថែមទាំងជួយកែប្រែខ្លួនអ្នកជាមនុស្សដែលចេះរៀបចំនិងយកចិត្តទុកដាក់ក្នុងការងារ។
២) ចំណាយពេល៥ ទៅ ១០ នាទីដើម្បីសម្រាប់នៅពេលអ្នកមានអារម្មណ៍នឿយហត់
ប្រសិនបើអ្នកមានអារម្មណ៍ថាតប់ប្រមល់ខ្លាំង ពេលកំពុងធ្វើការងារអ្នកអាចងើបដើរចុះឡើងបន្តិចក្នុងកន្លែងធ្វើការ ឬ អ្នកអាចសុំការអនុញ្ញាតពីថ្នាក់លើរបស់អ្នកដើម្បីទៅរកភេសជ្ជៈមកទទួលទានដែលនេះជាវិធីដ៏ល្អមួយដើម្បីកាត់បន្ថយភាពធុញថប់ ហត់នឿយនៅក្នុងកន្លែងធ្វើការ។ ពេលធុញថប់ខ្លាំងសម្ពាធឈាមរបស់អ្នកអាចកើនឡើង ដែលបណ្ដាលឲ្យអ្នកស្រវាំងភ្នែក ដូច្នេះការបន្ធូរអារម្មណ៍ជួយឲ្យសម្ពាធឈាមដើរស្រួលឡើងវិញ និងបង្កើនអារម្មណ៍របស់អ្នកស្រស់ថ្លាបានមួយកម្រិត។
៣) កុំព្យាយាមធ្វើកិច្ចការច្រើនពេកក្នុងពេលតែមួយ
ការព្យាយាមធ្វើកិច្ចការច្រើនក្នុងពេលតែមួយ ជាលទ្ធផលអ្នកអាចទទួលបានផលអាក្រក់ជាងផលចំណេញ។ បើតាមការស្រាវជ្រាវបង្ហាញឲ្យឃើញថា មនុស្សដែលព្យាយាមធ្វើកិច្ចការច្រើនក្នុងពេលតែមួយគុណភាពការងាររបស់ពួកគេមិនបានល្អនោះឡើយ ព្រោះការបែងចែកអារម្មណ៍អាចឆាប់ធ្វើមនុស្សឆាប់ភ្លេចមុខភ្លេចក្រោយ។ ដូច្នេះការផ្ដោតសំខាន់លើកិច្ចការមួយក្នុងពេលតែមួយនោះការងាររបស់អ្នកអាចបញ្ចប់ដោយភាពជោគជ័យច្រើនជាងបរាជ័យ។
៤) កំណត់ពេលវេលាជាក់លាក់ដើម្បីបញ្ចប់គម្រោងការងារណាមួយ
ការបំពេញកិច្ចការងារប្រចាំថ្ងៃ ប្រៀបបានបីដូចជាអ្នកកំពុងធ្វើកិច្ចការសាលាដែលគ្រូដាក់ឲ្យអញ្ចឹងដែរ។ ប្រសិនបើអ្នកមិនបានបញ្ចប់វាឲ្យទាន់ពេលនោះទេ អ្នកអាចនឹងទទួលពិន័យពីគ្រូ ចំណែកនៅក្នុងកន្លែងការងារក៏ដូចគ្នាប្រសិនបើអ្នកមិនបានបញ្ចប់កិច្ចការឲ្យទាន់ពេលកំណត់ទេអ្នកក៏អាចត្រូវថ្នាក់លើរបស់អ្នកស្ដីបន្ទោសដូចគ្នាដែរ។ ដូច្នេះអ្នកត្រូវចេះកំណត់ពេលសម្រាប់បញ្ចប់គម្រោងកិច្ចការងារដោយខ្លួនឯងឲ្យបានទាន់ពេល តែប្រសិនបើអ្នកអាចបញ្ចប់បានមុនការកំណត់របស់អ្នកគឺកាន់តែល្អ ព្រោះអ្នកអាចមានពេលដើម្បីពិនិត្យកិច្ចការរបស់អ្នកឡើងវិញ។
0 comments:
Post a Comment