ជាកូនទី ៦ ក្នុងចំណោមបងប្អូនប្រុសស្រី ៧ នាក់យុវជន អ៊ួង សុធី គឺជាអតីតសិស្សពូកែម្នាក់ ក្នុងចំណោមសិស្សពូកែជាច្រើន ប្រចាំអនុនិងវិទ្យាល័យ ស្រេង គីម នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ប្រលងបាក់ឌុបឆ្នាំ ២០០៧-២០០៨ សិស្សពូកែគណិតវិទ្យារូបនេះ ជាប់និទ្ទេសរួម C ខ្ពស់លំដាប់ទីពីរប្រចាំសាលា។
ក្រោយជាប់និទ្ទេសល្អហើយនោះ យុវជនដែលមានដើមកំណើតនៅភូមិស្រង៉ែជើង ឃុំស្រង៉ែ បានប្រលងជាប់អាហារូបករណ៍ ១០០% សិក្សាឥតបង់ថ្លៃរយៈពេល ៥ ឆ្នាំពេញ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាដែលគេច្រើនហៅថាសាលាតិចណូ។
ក្រោយមក សុធី បានដាក់ពាក្យប្រលងអាហារូបករណ៍ AUN/SEED-Net scholarship program ជាកម្មវិធីអាហារូបករណ៍ក្នុងតំបន់ ឧបត្ថម្ភដោយ Jica របស់រដ្ឋាភិបាលជប៉ុន ហើយបានជាប់ទៅសិក្សាថ្នាក់អនុបណ្ឌិត នៅវិទ្យាស្ថាន King Mongkut’s Institute of Technology Ladkrabang ក្នុងទីក្រុងបាងកកប្រទេសថៃ។ នៅទីនោះ សុធី ជ្រើសយកមុខវិជ្ជា Electrical Power System ជំនាញ Power Stability សិក្សាមានរយៈពេល ២ ឆ្នាំ។
ជំនាញ Power Stability សិក្សាលើអ្វី?
បើតាមការរៀបរាប់របស់យុវជនវ័យ ២៦ ឆ្នាំ អ៊ួង សុធី Power Stability គឺជាជំនាញសិក្សាពីការគ្រប់គ្រង លំហូរថាមពលអគ្គិសនី ពីតំបន់មួយទៅតំបន់មួយ ដើម្បីឱ្យប្រភពអគ្គិសនីមានលំនឹង និងអាចធ្វើការជាមួយគ្នាបាន។
អតីតសិស្សពូកែស្ទើរគ្រប់មុខវិជ្ជាប្រចាំវិទ្យាល័យ ស្រេង គីម សុធី រូបនេះបញ្ជាក់ថា ក្រោយបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត លើជំនាញ Power Stability លោកនឹងវិលត្រឡប់វិញ ហើយយកចំណេះដឹង និងបទពិសោធន៍ ដែលបានរៀនពីប្រទេសថៃ មកបម្រើការងារ និងអភិវឌ្ឍន៍នៅប្រទេសកម្ពុជាវិញ។
“ខ្ញុំចង់ចូលរួមអភិវឌ្ឍន៍ជាមួយស្ថាប័នរដ្ឋដោយផ្ទាល់ ដូចជាអគ្គិសនីកម្ពុជា (EDC) ឬធ្វើជាគ្រូបង្រៀននៅស្ថាប័នដើមរបស់ខ្ញុំ (តិចណូ) ប៉ុន្តែក្ដីបំណងធំរបស់ខ្ញុំ គឺធ្វើនៅអគ្គិសនីកម្ពុជា ហើយឥលូវខ្ញុំបានសម្រេចក្ដីបំណងហើយ”។
សុធី បានឱ្យដឹងថាកម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍន៍ ដូច្នេះទីផ្សារការងារត្រូវការខ្ពស់ លើធនធានមនុស្សផ្នែកវិទ្យាសាស្ត្រ និងជំនាញបច្ចេកទេស ដែលជាហេតុធ្វើឱ្យលោក ចាប់យកផ្នែកវិទ្យាសាស្ត្រអគ្គិសនី។
អ្វីជាកត្តាសំខាន់ធ្វើឱ្យ សុធី ដាក់អាហារូបករណ៍នៅបរទេស និងរៀនជំនាញនេះ?
- កត្តាខ្លួនឯងផ្ទាល់ ៖ លោករំពឹងថា នឹងទទួលបានចំណេះដឹងថ្មីៗ ក៏ដូចជាបទពិសោធន៍ល្អៗពីមុខវិជ្ជា និងសង្គមដែលលោករស់នៅ។ មួយវិញទៀត ការធ្វើឱ្យសេដ្ឋកិច្ចគ្រួសារមានភាពប្រសើរបន្ទាប់ពីបញ្ចប់ការសិក្សា។
– កត្តាគ្រួសារ៖ ទាំងឪពុក អ្នកម្ដាយ និងបងប្អូនទាំងអស់តែងតែលើកទឹកចិត្តឱ្យលោកបន្តការសិក្សាគ្រប់គ្នា។
– កត្តាសង្គម៖ កម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ ដូច្នេះទីផ្សារការងារត្រូវការខ្ពស់ទៅលើធនធានមនុស្សផ្នែកវិទ្យាសាស្ត្រ និងជំនាញបច្ចេកទេស ដែលជាហេតុធ្វើឱ្យត្រូវបន្តរៀនផ្នែកវិទ្យាសាស្ត្រអគ្គិសនី។
តើយុវជនរូបនេះបានអាហារូបករណ៍តាមរយៈអ្វី?
សុធី បានទទួលអាហារូបករណ៍កម្មវិធី AUN/SEED-Net scholarship program។ កម្មវិធីនេះអនុញ្ញាតឱ្យនិស្សិតក្នុងតំបន់មានឱកាសអាចទៅសិក្សានៅបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងជប៉ុន។ ជាពិសេស វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលសុធីបានសិក្សាថ្នាក់វិស្វករ គឺជាសមាជិកមួយរបស់ AUN/SEED-Net។ ដូច្នេះ គេមានឱកាសដាក់ពាក្យស្នើសុំអាហារូបករណ៍ដើម្បីបន្តការសិក្សាថ្នាក់អនុបណ្ឌិតនេះ។ ដើម្បីស្នើសុំអាហារូបករណ៍ បេក្ខជនត្រូវបំពេញឯកសារទាំងអស់របស់ AUN/SEED-Net រួចផ្ញើទៅកាន់ស្នាក់ការ AUN/SEED-Net នាទីក្រុងបាងកកប្រទេសថៃ។ ព័ត៌មានលំអិតអាចចូលទៅកាន់ http://www.seed-net.org/application_form.html។
ចំពោះការសិក្សានៅប្រទេសថៃ ក៏ដូចជាប្រទេសដទៃដែរ គឺលោកទទួលបានអាហារូបករណ៏សិក្សាដោយមិនបាច់បង់ប្រាក់ និងទទួលបានប្រាក់ខែប្រាក់ឧប្ថម្ភមួយចំនួនទៀត ដើម្បីធានាការស្នាក់នៅនិងការហូបចុក។
អ្វីជាឧបសគ្គ?
ការសិក្សានៅបរទេសមិនងាយស្រូលប៉ុន្មានទេ ប្រសិនបើសិនខ្សោយគ្រឹះនៃមុខវិជ្ជានោះ។ មិនខុសពីសុធីឡើយ គឺលោកត្រូវចាប់យកមុខវិជ្ជា Power Stability ប៉ុន្តែមុខវិជ្ជាមួយនេះលោករៀនមិនដល់ទេ កាលរៀននៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដូច្នេះលោកត្រូវរៀនគ្រឹះដោយខ្លួនឯង មុននឹងចាប់ផ្ដើមធ្វើការស្រាវជ្រាវលើផ្នែកនេះ។ ម្យ៉ាងទៀតកម្សោយផ្នែកកម្មវិធី Program ក៏ជាបញ្ហាចោទមួយផងដែរ ចំពោះសិស្សខ្មែរ។ នេះបើតាមការរៀបរាប់របស់យុវជន សុធី។
សុធី បានបញ្ចប់ថ្នាក់អនុបណ្ឌិតជំនាញ Power Stability នៅប្រទេសថៃ នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០១៥ ហើយលោកបានទទួលការងារផ្នែកគ្រប់គ្រងលំហូរអគ្គិសនីនៅ DEC ថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៥។ ជាចុងក្រោយ សុធី បានបញ្ជាក់ថា៖ “ខ្ញុំចង់ធ្វើការងារជាមួយស្ថាប័នរដ្ឋ ដើម្បីអភិវឌ្ឃន៍ប្រទេសកម្ពុជា បើទោះបីប្រាក់ខែមិនច្រើនតែខ្ញុំពេញចិត្ត ហើយបើមានពេលខ្ញុំចង់បង្រៀន និងចែកចាយចំណេះដឹងសិស្សខ្មែរ នៅសាលាតិចណូ”៕
0 comments:
Post a Comment