តារាសម្ដែងអាមេរិក Joan Rivers kontrolmag
លោកស្រី Joan Alexandra Molinsky ឬឈ្មោះក្រៅ Joan Rivers គឺជាតារាសម្ដែងដ៏ជោគជ័យមួយរូបក្នុងបេះដូងប្រជាជនអាមេរិកក្នុងអំឡុងទសវត្សទី៦០ និង ៧០ ។ ក្នុងអាយុ ៨១ ឆ្នាំ លោកស្រីទើបតែទទួលមរណភាពកាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ ២០១៤ នេះប៉ុណ្ណោះ។ ទោះបីជាយ៉ាងនេះក្តី ក្នុងនាមជាអ្នកសិល្បៈនៅពេលកន្លងមក លោកស្រីបានបង្ហាញពីចំណុចពិសេសមួយចំនួនដែលធ្វើឲ្យលោកស្រីជោគជ័យក្នុងការងារសិល្បៈ ដែលគេឲ្យតម្លៃថា មានសារសំខាន់សម្រាប់សហគ្រិនទាំងឡាយ។
ប្រិយមិត្តជាទីរាប់អាន ឥឡូវនេះ សូមលោកអ្នកស្វែងយល់សម្តីសំខាន់ចំនួន៨ របស់លោកស្រី oan Rivers ដែល TheBNEWS ចុះផ្សាយជាបន្តបន្ទាប់ដូចខាងក្រោម៖
១) ធ្វើអ្វីដែលអ្នកស្រលាញ់
លោកស្រី Joan Rivers បានផ្តល់ដំបូន្មានថា ៖ « ខ្ញុំពិតជាសប្បាយរីករាយបំផុតក្នុងនាម ជាមនុស្សដែលញៀននឹងការងារ។ អ្នកដែលជោគជ័យនឹងការងារគឺជាមនុស្សដែលស្រលាញ់ការងារបំផុត»។ អ្នកស្រីបានបន្ថែមថា អ្នកស្រលាញ់ការងារអាចសង្កេតបានដូចជា ទៅធ្វើការមុនម៉ោង ឬ ចេញពីធ្វើការយឺត២ ម៉ោងក្រៅម៉ោងសម្រាក៥ ល្ងាច។
២) ត្រូវហ៊ានបញ្ចេញទស្សនៈរបស់អ្នកចេញមក
អ្នកស្រីបានជំរុញឲ្យមនុស្សគ្រប់គ្នាត្រូវក្លាហានឡើង ក្នុងការលើកឡើងពីទស្សនៈរបស់ខ្លួន ទៅកាន់មនុស្សផ្សេងទៀត។ «ខ្ញុំជោគជ័យដោយសារខ្ញុំបានក្លាហានលើកឡើងពីទស្សនៈផ្ទាល់ខ្លួននៅពេលដែលអ្នកដទៃកំពុងតែគិត»។ នេះជាទស្សនៈរបស់អ្នកស្រី Joan Rivers ។
៣) កុំបោះបង់ដោយសារការបរាជ័យ
ក្នុងនាមជាអ្នកជំនួញម្នាក់ដែលធ្លាប់បរាជ័យរាប់មិនអស់ក្នុងអាជីពការងារ លោកស្រី Joan Rivers បានផ្តល់ដំបូន្មានថា ៖ «ខ្ញុំបានបរាជ័យជាច្រើនក្នុងអាជីពការងាររបស់ខ្ញុំ។ វាបរាជ័យម្តងហើយម្តងទៀត ប៉ុន្តែខ្ញុំនៅតែក្រោកឈរឡើងដោយមិនបោះបង់ម្តងណាឡើយប្រឆាំងទៅនឹងឧបសគ្គទាំងនោះ និង មនុស្សជាច្រើនទៀតដែលគិតថា ខ្ញុំមិនអាច»។
៤) កុំនិយាយថា អ្នកមិនអាចធ្វើបាន
« ខ្ញុំត្រូវនិយាយប្រាប់អ្នកទាំងអស់គ្នាថា អ្វីៗមិនងាយស្រួលដូចអ្នកគិតនោះទេ។ វាត្រូវការការខិតខំប្រឹងប្រែងដើម្បីទទួលបានឱកាសជាច្រើនដែលអ្នកអាចទទួលបាន»។ នេះជាប្រសាសន៍របស់លោកស្រី Joan Rivers។ លោកស្រីបានបន្ថែមថា៖« កុំនិយាយពាក្យថា ខ្ញុំមិនអាច ឬ ខ្ញុំហត់នឿយណាស់។ បើមិនដូច្នេះទេ អ្នកមិនជោគជ័យឡើយ»។
៥) ធ្វើអ្វីដែលធ្វើឲ្យអ្នកសប្បាយចិត្ត
លោកស្រី Joan Rivers បញ្ចេញទស្សនៈថា៖ « ខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថា ក្នុងមួយឆាកជីវិតរបស់ខ្ញុំនេះ ខ្ញុំចូលចិត្តធ្វើអ្វីដែលធ្វើឲ្យខ្ញុំសប្បាយចិត្តតែប៉ុណ្ណោះ។ ខ្ញុំមិនបានសន្យាឲ្យខ្លួនឯងនោះទេ ប៉ុន្តែនៅក្នុងអាជីពការងារខ្ញុំត្រូវតែធ្វើបែបនេះ។ កិច្ចការដែលខ្ញុំពេញចិត្តធ្វើដោយក្តីរីករាយ នឹងធ្វើឲ្យជីវិតការងាររបស់ខ្ញុំស្រស់ស្រាយ និង ជោគជ័យទៀតផង»។
៦) បើអ្នកដឹងពីទេពកោសល្យរបស់អ្នកនៅកន្លែងណា កុំបំផ្លាញវាឲ្យសោះ
« ខ្ញុំបានប្រឡូកក្នុងអាជីវកម្មនៅកន្លែងណាដែលគ្មានការប្រកួតប្រជែង។ នោះគឺទេពកោសល្យរបស់ខ្ញុំ។ ខ្ញុំបានប្រើប្រាស់ទេពកោសល្យរបស់ខ្ញុំ និង ខិតខំយ៉ាងអស់ពីលទ្ធភាព ហេតុដូច្នេះហើយទើបខ្ញុំអាចទទួលបានជោគជ័យ»។ នេះជាការលើកឡើងរបស់លោកស្រី Joan Rivers
៧) ភាពល្អឥតខ្ចោះមិនអាចធ្វើឲ្យអ្នកជោគជ័យនោះឡើយ
នៅទីនេះលោកស្រី Joan Rivers បានផ្តល់ដំបូន្មានថា ៖« កិច្ចការណាក៏ដោយ បើអ្នកចង់បានភាគល្អឥតខ្ចោះភ្លាមៗ មិនយូរនោះឡើយ វានឹងដួលរលំទៅវិញ។ អ្នកត្រូវចាំថា ការធ្វើអ្វីឲ្យប្លែកពីគេក្នុងស្ថានភាពមួយដែលមនុស្សទូទៅអាចទទួលយកបាន គឺជាគន្លឹះមួយដែលធ្វើឲ្យអ្នកជោគជ័យផងដែរ»។ យ៉ាងណាក៏ដោយ លោកស្រីបានបន្ថែមថា បើអ្នកចង់បានភាពល្អឥតខ្ចោះ អ្នកត្រូវកសាងវាឡើងបន្តិចម្តងៗ។
៨) ត្រូវញញឹមឲ្យបានច្រើន
លោកស្រី Joan River បានផ្តាំនៅចុងក្រោយថា ៖ « បើអ្នកញញឹមឲ្យបានច្រើន ជីវិតរបស់អ្នកនឹងស្រស់ស្រាយទៅតាមនោះដែរ។ ការទស្សនារឿងកំប្លែង ជជែកកម្សាន្តជាមួយក្រុមគ្រួសារ មិត្តភក្ដិ អាចជួយអ្នកបាន។ សូមចាំថា ជីវិតរបស់អ្នកជួបបញ្ហាជាច្រើនដែលអ្នកអាចរៀនសូត្របាន តែសូមកុំបណ្តោយឲ្យបញ្ហាទាំងនោះមកបំផ្លាញជីវិតអ្នកឲ្យសោះ»៕
0 comments:
Post a Comment