អ្នក​មាន​ជំនាញ​លក់​ហើយ តែ​​អាជីវកម្ម​លក់​មិន​សូវ​ដាច់​ មក​ពី​មូលហេតុ​អ្វី?


អ្នក​មាន​ជំនាញ​លក់​ហើយ តែ​​អាជីវកម្ម​លក់​មិន​សូវ​ដាច់​មក​ពី​មូលហេតុ​អ្វី?     abilityshow 
ការអភិវឌ្ឍ​ជំនាញ​ដ៏​ត្រឹមត្រូវ​មួយ​ក្នុង​អាជីវកម្ម និង ការរៀនសូត្រ​ពី​ភាពបរាជ័យ​នានា ត្រូវបាន​គេ​មើលឃើញថា អាចធ្វើ​ឲ្យ​អាជីវកម្ម​នោះ​កាន់តែ​រឹងមាំ​ឡើង​។ ជំនាញ​លក់​ក្នុងចំណោម​ជំនាញ​សំខាន់ៗ​ផ្សេងៗ​ទៀត គឺជា​ជំនាញ​ពិសេស​មិនអាច​ខ្វះ​បាន​សម្រាប់ធ្វើ​អាជីវកម្ម ដែល​សហគ្រិន​ទូទៅ​ត្រូវមាន​ជាដាច់ខាត​។ ប៉ុន្តែ​បើ​អ្នកមាន​ជំនាញ​នេះហើយ ហើយ​អាជីវកម្ម​របស់​អ្នក​នៅតែ​លក់​មិនសូវ​ដាច់ តើ​បណ្តាលមកពី​មូលហេតុ​អ្វី​? ហេតុផល​នោះ​ច្បាស់​ជាមាន ដែល​វា​ទំនង​សហគ្រិន​ភាគច្រើន​បាន​មើលរំលង​ទៀតផង​។ TheBNEWS សូម​បង្ហាញ​ប្រិយមិត្ត​ពី​កំហុស​នៃ​ការលក់​ចំនួន​៤ ខាងក្រោម​នេះ​៖

១) អ្នកជា​អ្នកលក់​មិន​ផ្តល់​ភាពកក់ក្តៅ​ដល់​អតិថិជន​
​សូមអ្នក​ស្រមៃ​បន្តិច​មើល៍ថា បើ​អ្នកជា​អ្នកលក់​រអ៊ូរទាំ​ច្រើន មិន​ស្វាគមន៍​ដោយ​រីករាយ ឬ ចូលចិត្ត​ដំឡើង​មុខយក្ស​ដល់​អតិថិជន​នៅពេលដែល​ពួកគេ​ត្រូវការ​ជំនួញ​ពី​អ្នក តើ​មាន​អ្នកណាម្នាក់​មក​ទិញ​ផលិតផល​របស់​អ្នក​? បើ​អ្នក​នៅតែ​រឹងទទឹង​ប្រកាន់​គោលការណ៍​បែបនេះ​មិន​ខ្វាយខ្វល់ ឬ យកចិត្តទុកដាក់​ពី​តម្រូវការ​អតិថិជន​ប្រៀបដូចជា​ស្តេច​ទេនោះ អាជីវកម្ម​របស់​អ្នកនឹង​អាច​បះជើង​ជាមិនខាន​។ សូម​ចាំ​ថា អ្នកលក់ នឹង​អ្នកទិញ​ប្រៀបបាន​ដូច​ធ្មេញ​នឹង​អណ្តាត បើ​អ្នកចេះ​ញញឹមញញែម​បន្តិច​និយាយ​ស្វាគមន៍​ទៅកាន់​អតិថិជន​ដោយ​ភាពកក់ក្តៅ​យ៉ាង​រីករាយ​រាក់ទាក់ ទោះបីជា​ពួកគេ​បាន​ទិញ ឬ មិនបាន​ទិញ​ផលិតផល​របស់​អ្នក​ក៏ដោយ ក៏​រូប​ភាពល្អៗ​ទាំងនេះ​នៅ​ដក​ជាប់​ក្នុង​ចិត្ត​របស់​ពួកគេ​ជាមិនខាន​។​

២) ចេះតែ​លក់​មួយ​មុខ តែ​គ្មាន​ដំណោះស្រាយ​ជូន​អតិថិជន​
​ក្នុង​អាជីវកម្ម យុទ្ធសាស្ត្រ​បញ្ចេញ​ផលិតផល ឬ សេវាកម្ម​លក់​ទៅកាន់​ទីផ្សារ​កាន់តែច្រើន មិនមែន​មានន័យថា ជួយ​ឲ្យ​អាជីវកម្ម​របស់​អ្នក​ជោគជ័យ​នោះឡើយ ។ វា​ជា​រឿង​ល្អ​ដែល​ផលិតផល ឬ​សេវាកម្ម​របស់​អ្នកមាន​ទីផ្សារ​ខ្ពស់ ប៉ុន្តែ​បើ​អ្នក​គ្មាន​ដំណោះស្រាយ​រាល់​បញ្ហា​នានា​ជូន​អតិថិជន​ទេនោះ មិន​ខុស​អ្វី​ដាក់​ត្រី​ក្នុង​កញ្ជើធ្លុះ​នោះទេ​។ ជា​ឧទាហរណ៍​ក្រុមហ៊ុនទូរស័ព្ទ Apple បាន​ស្រាវជ្រាវ​រក​បច្ចេកវិទ្យា​ថ្មីៗ​ជាច្រើន និង ធ្វើ​ឲ្យ​ផលិតផល​របស់ខ្លួន​កាន់តែ​ទំនើប​ជាង​មុន​បង្ក​ភាពងាយស្រួល​ដល់​អតិថិ​ជន រហូត​ទទួលបាន​ការគាំទ្រ​គ្រប់ទិសទី​។ អាជីវកម្ម​របស់​អ្នក​អាច​រៀនសូត្រ​ពី​ក្រុមហ៊ុន​នេះ​បាន​។​

៣) គិតតែ​ចង់យក​ឈ្នះ​គូប្រកួត​ហួសហេតុ​ពេក​
​តើ​អ្នកមាន​បានគិត​ទៅលើ​ស៊ុត​មាស​នៅក្នុង​អាជីវកម្ម​របស់​អ្នក​ដែរឬទេ​? ស៊ុត​មាស​នៅពេលនេះ​សំដៅ​ទៅលើ​អ្វីមួយ​ដែលជា​សក្ដានុពល​ធ្វើ​ឲ្យ​អ្នក​អាច​យកឈ្នះ​គូប្រជែង​បាន​។ មានពេលខ្លះ​គូប្រជែង​របស់​អ្នក​អាច​ដកថយ​ពី​ការប្រកួត ហើយ​ងាក​មក​ស្វែងរក​ចំណុច​ពិសេស​មួយ​ដែល​ល្អ​ជាង​អ្នក​។ នោះ​គឺ បច្ចេកទេស​លក​ផលិតផល​នោះឯង​។​

​ការលក់​ឲ្យ​បាន​ច្រើន​គឺជា​រឿង​មួយ​ទៅហើយ តែ​ការលក់​ឲ្យ​បាន​ចំៗ​ទៅកាន់​អតិថិជន​យ៉ាង​មាន​ប្រសិទ្ធភាព​ដែល​អ្នក​យល់​មាន​សក្ដានុពល​នាំ​ចំណូល​គ្រាក់ៗ​មក​ឲ្យ​អ្នក​គឺជា​រឿង​សំខាន់​មួយទៀត​។ នៅក្នុង​សង្គ្រាម​អាជីវកម្ម អ្នក​មិនត្រូវ​ផ្ដោត​ត្រឹមតែ​យកឈ្នះ​គូប្រជែង​មួយ​មុខ​ដោយ​បញ្ចេញ​ផលិតផល​ឲ្យ​បាន​ច្រើន​នោះទេ តែ​យុត្តិសាស្ត្រ ឬ បច្ចេកទេស​លក់​ផ្សេងៗ​ទៀត​ដែល​នាំ​ប្រាក់ចំណូល​បាន​ច្រើន គឺជា​អ្វីដែល​អ្នក​យកចិត្តទុកដាក់ មិនចាំបាច់​ខ្វាយខ្វល់​ច្រើន​លើ​គូប្រជែង​របស់​អ្នក​ឡើយ​។ 

៤) និយាយ​រឿងរ៉ាវ​អវិជ្ជមាន​ពី​គូប្រជែង​របស់​អ្នក​
​វា​ជា​រឿង​មួយ​ងាយស្រួល​ដើម្បី​ប្រាប់​ទៅ​សាធារណជន​នានា ជាពិសេស​អតិថិជន​របស់​អ្នក​ថា គូប្រជែង​របស់​អ្នកផ្តល់​ផលិតផល ឬ សេវាកម្ម​មិនល្អ លក់​ក្នុងតម្លៃ​ថ្លៃ និង គ្មាន​គុណភាព​ជាដើម​។ នេះ​ជាស​ញ្ញាណ​មិនល្អ​មួយ​ប្រៀបដូចជា​ការយក​សាំង​មក​ជះ​លើ​ភ្លើង​កំពុងតែ​ឆេះ​។ អ្នក​សាក​គិត​ទៅ​មើល៍ថា តើ​មនុស្ស​ភាគច្រើន​ចង់​រកស៊ី​ជាមួយ​មនុស្ស​ដែលមាន​គំនិត​អវិជ្ជមាន​ពី​អ្នកដទៃ​ដែរឬទេ​? បើ​អ្នក​បានត្រឹមតែ​អួត​សរសើរ​ផលិតផល ឬ សេវាកម្ម​របស់ខ្លួន ហើយ​មិន​យល់​អ្វី​ដែលជា​តម្រូវ​ការពិត​ប្រាកដ​របស់​អតិថិជន​ដូចជា​ដំណោះស្រាយ​ជូន​ពួកគេ​ទេនោះ សម្ដី​ដែល​ចេញពី​មាត់​របស់​អ្នក​គ្រាន់តែ​ជា​ភូតកុហក​ស្រស់ៗ​តែប៉ុណ្ណោះ​។​

​ការពិត​វា​គឺ​បែប​នេះឯង ពោល​គឺថា បើ​អ្នកស្វែងរក​ដំណោះស្រាយ​ជូន​អតិថិជន​ឲ្យ​ខ្ពស់ជាង​ដៃគូ​ប្រជែង​របស់​អ្នក​ដោយ​មិន​គិតតែ​ពី​លុយៗ​មួយ​មុខ វា​ជាស​ញ្ញាណ​ដ៏​ល្អ​មួយ​កាន់តែ​បង្កើត​ទំនុកចិត្ត​ជាមួយនឹង​ពួកគេ​។ សូម​កុំភ្លេចថា ទំនាក់ទំនង​ជិតស្និទ្ធ​ជា​ឯកជន​ទៅនឹង​អតិថិជន​ម្នាក់ៗ មាន​ចំណែក​សំខាន់​ណាស់​សម្រាប់​ដង្ហើម​អាជីវកម្ម​របស់​អ្នក​។ បើ​អ្នក​ផ្តល់ជូន​សេវាកម្ម​ដល់​ពួកគេ​បាន​យ៉ាង​ល្អប្រសើរ ពួកគេ​នឹង​រីករាយ​ចែករំលែក​ពី​អ្នក​ទៅកាន់​មនុស្ស​ផ្សេងទៀត​ជាមិនខាន​៕​
Share on Google Plus

About TDasany

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment