នៅពេលដែលបញ្ចប់ការសិក្សាពីមហាវិទ្យាល័យនោះមិនមែនមានន័យថា អ្នកឈប់រៀនឈប់ទទួលចំណេះដឹងនោះទេ ។ ការចាប់ផ្តើមការងារថ្មី តួនាទីថ្មី ទំនាក់ទំនងថ្មី ទាំងអស់នេះគឺសុទ្ធតម្រូវឲ្យមានចំណេះដឹងថ្មីពីសាលា ដូច្នេះការឈប់រៀនឈប់ចង់ទទួលចំណេះដឹងថ្មី មានន័យថាអ្នកកំពុងឈប់អភិវឌ្ឍខ្លួនអញ្ចឹងដែរ។ ទោះបីជាការសិក្សាឥតឈប់ជារឿងសំខាន់ប៉ុន្តែភាគច្រើននៃយើងច្រើនតែអនុវត្តនូវវិធីដែលមិនទាន់ត្រឹមត្រូវល្អដើម្បីក្លាយខ្លួនជាអ្នកដែលជោគជ័យក្នុងការសិក្សាមួយរូប។ លោកសាស្ត្រាចារ្យ Nate Kornell ដែលជាអ្នកជំនាញខាងចិត្តសាស្ត្រ និងជាអ្នកសិក្សាពីយុទ្ធសាស្ត្រនៃការសិក្សាមកពីមហាវិទ្យាល័យ Williams College បានបង្ហាញមូលដ្ឋានគ្រឹះសំខាន់ចំនួន ២ ដើម្បីក្លាយខ្លួនជាបុគ្គលជោគជ័យក្នុងការសិក្សា។
១) ប្រឈមមុខនឹងភាពលំបាក
កំហុសមួយដ៏សាមញ្ញដែលយើងតែងឃើញជាញឹកញាប់នៅក្នុងការសិក្សាគឺការមានទំនោរ ក្នុងការប្រឹងប្រែងសិក្សាទៅតាមអ្វីដែលជាកិច្ចការសាលាប៉ុណ្ណោះ។ លោក Kornell បានពន្យល់ថា នៅពេលដែលអ្នកទៅកន្លែងក្លឹបហាត់ប្រាណ អ្នកព្យាយាមហាត់ប្រាណដោយការលើកដុំដែកទម្ងន់ ១០ គីឡូក្រាម ដែលធ្វើឲ្យអ្នកលើកបានតែ ៤ ឬ ៥ ដងអាចធ្វើឲ្យអ្នកអស់កម្លាំងខ្លាំង ប៉ុន្តែប្រសិនបើអ្នកប្តូរវាមកលើកត្រឹម ៥ គីឡូក្រាមវិញ អាចធ្វើឲ្យការហាត់របស់អ្នកងាយស្រួលដែលអ្នកអាចលើកបានច្រើនដង។ ប៉ុន្តែបញ្ហានៅត្រង់ថានៅពេលដែលលើកទម្ងន់ស្រាលធ្វើឲ្យអ្នកមានអារម្មណ៍ងាយស្រួល នោះការលើកទម្ងន់ធ្ងន់គឺកាន់តែផ្តល់លទ្ធផលល្អថែមទៀតចំពោះការហាត់របស់អ្នក។
ប្រសិនបើអ្នកធៀបឧទាហរណ៍ខាងលើជាមួយនឹងការសិក្សាវិញ នៅពេលដែលមេរៀនណាមួយមានលក្ខណៈងាយស្រួល នោះអ្នកនឹងមានអារម្មណ៍កាន់តែចង់រៀនវាថែមទាំង ។ ដូច្នេះនៅក្នុងភាពជាក់ស្តែងអ្នកត្រូវតែប្រឹងប្រែងឲ្យខ្លាំងបំផុត នៅពេលអ្នកបានកំពុងជួបនូវបញ្ហាក្នុងការសិក្សារបស់អ្នក។ បើតាមលោកសាស្ត្រាចារ្យ Kornell ការសិក្សាប្រកបដោយជោគជ័យគឺជារឿងមួយពិបាកបំផុត ព្រោះវាជាការបង្ហាញពីសមត្ថភាពរបស់បុគ្គលនិមួយៗ ត្រូវប្រឈមមុខនឹងភាពលំបាកទាំងឡាយដែលវាជារនាំងខណ្ឌចែកអ្នកដែលជោគជ័យក្នុងការសិក្សា ពីមនុស្សដទៃទៀត។ ដូច្នេះការសិក្សាគឺជារឿងមួយដែលមានការប្រកួតប្រជែងខ្លាំង ត្រូវសម្លឹងឲ្យបានវែងឆ្ងាយ មានការលើកទឹកចិត្ត និងភាពកង្វល់មកជាមួយផង ហេតុនេះហើយអ្នកត្រូវចាំថាឫសគល់នៃការសិក្សាគឺពោរពេញដោយភាពល្វីងជូរចត់ប៉ុន្តែផ្លែផ្កាដែលទទួលបានអាចនឹងមានរសជាតិផ្អែមហួសពីការរំពឹងទុក។
២) មិនត្រូវព្យាយាមទន្ទេញតែក្នុងមួយរយៈពេលខ្លី
ជាទូទៅវិធីសាស្ត្រក្នុងការរៀនដ៏ពេញនិយមរបស់សិស្សមហាវិទ្យាល័យគឺការព្យាយាមទន្ទេញឲ្យចាំនូវមេរៀនឲ្យបានច្រើនតាមដែលអាចធ្វើទៅបានក្នុងពេលមួយជាក់លាក់ ដែលវាជាមធ្យោបាយមួយដែលប្រកបដោយប្រសិទ្ធភាពផងដែរ ប្រសិនបើអ្នកចង់ចងចាំអ្វីមួយតែក្នុងមួយរយៈពេលខ្លីនេះបើតាមលោកសាស្ត្រាចារ្យ Kornell ។ ការទន្ទេញនៅមុនពេលប្រលងគឺជារឿងដ៏ល្អមួយដែលជួយឲ្យអ្នកចងចាំបានច្បាស់ និងមានប្រសិទ្ធភាពក្នុងពេលប្រលង ប៉ុន្តែបញ្ហាគឺត្រឹម ១សប្ដាហ៍ ១ ខែ ឬ ១ ឆ្នាំអ្នកនឹងអាចភ្លេចអ្វីដែលអ្នកទន្ទេញតែមួយរយៈពេលខ្លីនេះទៅវិញទាំងអស់ ។
ដើម្បីទទួលបានចំណេះដឹងថ្មី ជាមួយនឹងការចងចាំបានយូរ តម្រូវឲ្យអ្នកកំណត់ពេលនៃការទន្ទេញ ឬ មើលមេរៀនរបស់អ្នក ឲ្យនៅដាច់ឆ្ងាយពីគ្នា ។ ជាឧទាហរណ៍មេរៀនមួយអ្នកត្រូវមើលវាឡើងវិញ៤ ដងក្នុងមួយខែ ដូច្នេះកុំព្យាយាមមើល ៤ ដងក្នុងថ្ងៃតែមួយ តែអ្នកគួរតែមើល ១ដងក្នុងមួយសប្ដាហ៍ ព្រោះថាការកំណត់ពេលឲ្យដាច់ពីគ្នាដើម្បីមើលវាឡើងវិញគឺជាទម្រង់នៃការរៀនដ៏មានប្រសិទ្ធភាពដែលធ្វើឲ្យខួរក្បាលចងចាំបានល្អ និង បានរយៈពេលយូរ ដូច្នេះការចែកពេលដាច់ចេញពីគ្នា អាចធ្វើឲ្យខួរក្បាលរបស់អ្នកមានការភ្លេចភ្លាំងខ្លះ ប៉ុន្តែនៅពេលដែលដល់ពេលដែលអ្នកកំណត់សម្រាប់ការអានឡើងវិញគឺជាពេលដែលអ្នកកំពុងបំពេញ ចំណុចដែលខួរក្បាលរបស់អ្នកភ្លេចនេះបើតាមលោក សាស្ត្រាចារ្យ Kornell។
0 comments:
Post a Comment