មានរឿងរ៉ាវជាច្រើន ដែលមនុស្សម្នាក់ៗបានធ្វើក្នុងឆាកជីវិតរបស់ពួកគេ។ តាមរយៈសកម្មភាពជាច្រើនដែលបានធ្វើកន្លងមក វាតែងបន្សល់នូវការចងចាំដែលពិបាកបំភ្លេចទាំង រឿងរ៉ាវល្អៗ និង រឿងរ៉ាវអាក្រក់។ អ្វីដែលជាការកត់សម្គាល់នោះ នៅពេលដែលមនុស្សធ្វើអ្វីដែលមិនល្អ (ដោយចេតនា ឬ អចេតនា) វាតែងតែធ្វើឲ្យពួកគេ ប្រឈមនឹងវិប្បដិសារីធ្ងន់ធ្ងរដែលតែងតែមានជាប់ក្នុងខួរក្បាលមិនអាចបំភ្លេចបាន។ វាជារឿងដែលជៀសមិនផុត ចំពោះបញ្ហានេះប៉ុន្តែ ប្រសិនបើអ្នកមិនយកចិត្តទុកដាក់ មុនពេលសម្រេចចិត្តធ្វើអ្វីមួយនោះទេ មានន័យថា ភាគរយនៃការប្រឈមនឹង វិប្បដិសារី នឹងមានច្រើនជាក់ជាមិនខាន ដែលនាំឲ្យប៉ះពាល់ដល់សតិអារម្មណ៍របស់អ្នក។
ដើម្បីជៀសវាងនូវ វិប្បដិសារីនៅពេលអនាគត អ្នកគួរជៀសវាងចំណុចមួយចំនួន ខាងក្រោម៖
១) បំពេញក្តីសុបិនរបស់អ្នកដទៃ
អ្នកខ្លះ បានធ្វើគ្រប់យ៉ាងដើម្បីទទួលបានជោគជ័យទៅលើអ្វីមួយ ប៉ុន្តែពេលខ្លះអ្វីដែលពួកគេកំពុងធ្វើនោះ វាមិនមែនជាអ្វីដែលពួកគេប្រាថ្នាក្នុងចិត្តឡើយ ពោលគឺ ដើម្បីគ្រាន់តែបំពេញ តាមបំណង ឬ ក្តីសុបិនរបស់មនុស្សផ្សេងប៉ុណ្ណោះ។ ការបណ្តែតបណ្តោយខ្លួន រហូតដល់ហួសពេលក្នុងការបំពេញសុបិនរបស់ខ្លួន នោះវាធ្វើឲ្យអ្នក មានអារម្មណ៍ថា ហាក់ដូចជាសោកស្តាយយ៉ាងខ្លាំង ព្រោះថា ក្នុងជីវិតមនុស្សម្នាក់ៗ បើទោះបីជា មានទ្រព្យសម្បត្តិច្រើនប៉ុណ្ណាក៏ដោយ តែបើមិនបានធ្វើអ្វីដែលខ្លួនចង់បានទេ វាហាក់ដូចជា គ្មានន័យ។ វិប្បដិសារីធំមួយដែល មនុស្សគ្រប់គ្នាតែងជួបប្រទះគឺ ការព្យាយាមធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីក្តីសុបិនរបស់អ្នកដទៃ ហើយមិនសួរខ្លួនឯងថា ចង់បានអ្វី ហើយចង់សម្រេចវាឲ្យបាននៅពេលណា។
២) ធ្វើពុតជាអ្វីមួយដែលខ្លួនមិនចង់
មនុស្សជាច្រើន តែងប្រឈមបញ្ហាផ្លូវចិត្ត ព្រោះតែពួកគេត្រូវតែសម្ដែងធ្វើជាអ្វីមួយដែល សង្គម ឬ មនុស្សជុំវិញខ្លួនពេញចិត្ត តែពួកគេផ្ទាល់មិនចង់នោះទេ។ ការធ្វើពុត ដើម្បីសម្របតាមអ្នកដទៃនេះ គឺជាការរស់នៅក្រោមសម្ពាធដ៏ធ្ងន់ធ្ងរមួយ ព្រោះថា គ្មានថ្ងៃមានភាពរីករាយក្នុងចិត្តនោះឡើយ ព្រោះរាល់សកម្មភាពដែលធ្វើឡើង គឺមិនស្តែងឲ្យចេញពីចិត្ត ឬ ពីធម្មជាតិខ្លួន។ ដូច្នេះហើយ សូមកុំព្យាយាមធ្វើអ្វីដែល មិនមែនជាចំណុចពិសេសរបស់អ្នក ព្រោះ មនុស្សណាក៏មានចំណុចពិសេសដែរ ហើយបើអ្នកព្យាយាមធ្វើតាមចិត្តអ្នកដទៃ ឬ ព្យាយាមចម្លងសកម្មភាពអ្នកដទៃ វាស្មើនឹង លុបបំបាត់ចំណុចពិសេសរបស់ខ្លួន។
៣) ការទម្លាប់និយាយកុហក
មនុស្សមួយចំនួន ពូកែខាងនិយាយកុហកភូតភរ ហើយតែងធ្វើបែបនេះជាញឹកញាប់ ដោយមិនខ្វល់អ្វីទាំងអស់។ ប៉ុន្តែ គ្មាននរណាម្នាក់ ចូលចិត្តរាប់អាន រស់នៅ ឬ ធ្វើការជាមួយមនុស្សដែលពូកែខាងកុហក ឬ បោកប្រាស់នោះទេ។ ការកុហក ឬ ភូតភរ វាទម្លាប់ដ៏សែនអាក្រក់មួយ ព្រោះវាបំផ្លាញសេចក្ដីទុកចិត្ត របស់អ្នកដទៃ ហើយ ប្រការនេះធ្វើឲ្យមានបញ្ហារកាំរកូសកើតឡើងមិនខាន។ បើសិនជា អ្នកជាមនុស្សប្រភេទនេះ អ្នកគួរតែព្យាយាមកែប្រែជាបន្ទាន់ ព្រោះបើមិនកែប្រែទេ វិប្បដិសារីនឹងកើតឡើងជាក់ជាមិនខាន ដោយសារមនុស្សនៅជុំវិញខ្លួនអ្នក លែងឲ្យតម្លៃ និង ឈប់ប្រាស្រ័យទាក់ទងជាដើម។
៤) បណ្តោយខ្លួនជ្រុលមិនគិតពីសុខភាព
សុខភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃផុតក្នុងជីវិតមនុស្ស ព្រោះថា បើគ្មានសុខភាពល្អនោះទេ នៅថ្ងៃណាមួយអ្នកនឹងបាត់បង់អ្វីៗគ្រប់យ៉ាង។ ប៉ុន្តែ មនុស្សភាគច្រើន ជាពិសេសមនុស្សវ័យក្មេង ហាក់ដូចជា ខ្វះការយកចិត្តទុកដាក់លើផ្នែកដ៏សំខាន់នេះ ព្រោះ ពួកគេអាងថា ខ្លួននៅមានកម្លាំង និង សុខភាពល្អ។ ការបណ្តែតបណ្តោយខ្លួន មិនគិតថែរក្សាសុខភាព នឹងផ្តល់អាក្រក់យ៉ាងខ្លាំងនៅពេលអនាគត ហើយនៅពេលនោះអ្នកប្រាកដជាសោកស្តាយជាមិនខាន។ ដូច្នេះហើយ អ្នកគួរតែ យកចិត្តទុកដាក់ឲ្យបានល្អបំផុត លើសុខភាពផ្ទាល់ខ្លួន ដើម្បីជៀសពីបញ្ហាជម្ងឺផ្សេងៗ ដែលរំខានដល់ជីវិតរបស់អ្នក៕
0 comments:
Post a Comment