បុគ្គល ៧ រូប​រៀន​ចប់​ថ្នាក់​បណ្ឌិត​នៅ​អាយុ​ក្រោម ​២០ ឆ្នាំ​ ពី​សាកលវិទ្យាល័យ​ល្បីៗ​​​ក្នុង​លោក



បុគ្គល​ ៨ ​រូប​ដែល​មាន​បញ្ញា​ខ្ពស់​ជាង​គេ​ក្នុង​ពិភពលោក។ នៅ​ក្នុង​អត្ថបទ​នេះ សូម​នាំ​អារម្មណ៍​អស់​លោក​អ្នក​ឲ្យ​បាន​ស្គាល់​បុគ្គល​​ប្រាំពីរ​រូប​ ដែល​រៀន​ចប់​ថ្នាក់​បណ្ឌិត​នៅ​អាយុ​ក្រោម​ម្ភៃ​ឆ្នាំ ហើយ​ដែល​មាន​បញ្ញា​ខ្ពស់​ និង​អាច​និយាយ​បាន​ច្រើន​ភាសា​ក្នុង​វ័យ​ក្មេង​យក​តែ​មែន​ទែន ត្រឹម​តែ​៩ ឬ​១០ ឆ្នាំ​សោះ​អាច​និយាយ​បាន​ច្រើន​ភាសា​យ៉ាង​ស្ទាត់​ជំនាញ។ ស្ដាប់​មួយ​ភ្លែត ហាក់​ដូច​ជា​មិន​គួរ​ជឿ ប៉ុន្តែ​នេះ​ជា​ការ​ពិត​ហើយ​ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​សៀវភៅ​កំណត់​ត្រា​ពិភពលោក Guinness Book ទៀត​ផង។

អាស្រ័យ​ដោយ​សារ​សមត្ថភាព​បញ្ញា​របស់​អស់លោក​ លោក​ស្រី អ្នក​នាង​កញ្ញា ដូច​ដែល​រៀប​រាប់​ខាង​ក្រោម​នេះ មាន​លក្ខណៈ​ពិសេស​លើស​គេ ទើប​សាកល​វិទ្យាល័យ​អនុញ្ញាត​ឲ្យ​ចូល​រៀន​ថ្នាក់​ឧត្ដម​សិក្សា ដោយ​មិន​ចាំ​បាច់​រៀន​តាម​សម្រួល​ពី​ថ្នាក់​ទី​១ ដល់​ថ្នាក់​ទី​១២ ទេ ដែល​មាន​ន័យ​ថា​គេ​អាច​រៀន​ផ្លោះ​ថ្នាក់​បាន។ ​នៅ​មាន​រឿងរ៉ាវ​ជា​ច្រើន​ទៀត ដែល​ពាក់​ព័ន្ធ​នឹង​ភាព​ឈ្លាសវៃ និង​សមិទ្ធផល​របស់​យុវជន​អាយុ​ក្រោម ២០ ឆ្នាំ ប្រកប​ដោយ​កោសល្យ​ខ្ពស់​បំផុត។ អត្ថបទ​នេះ​ផ្ដោត​ជា​សំខាន់​លើ​បុគ្គល​ដែល​មាន​សមត្ថភាព​ខ្ពស់​នៅ​ក្នុង​ការ​សិក្សា រហូត​ដល់​រៀន​ចប់​ថ្នាក់​បណ្ឌិត​ដោយ​ជោគជ័យ ខណៈ​ដែល​អស់​លោក ​លោក​ស្រី​ អ្នក​នាង​កញ្ញា​ទាំង​នោះ ស្ថិត​ក្នុង​វ័យ​ជាង​ដប់​ឆ្នាំ។

១- លោក​ខាលវីត (Karl Witte) អាយុ ១៣ ឆ្នាំ​រៀន​ចប់​បណ្ឌិត
លោក​ខាលវីត កើត​នៅ​ថ្ងៃ​ទី០១ ខែកក្កដា ឆ្នាំ១៨០០ នៅ​ប្រទេស​អាល្លឺម៉ង់។ ពេល​លោក​អាយុ ៩ ឆ្នាំ លោក​ចេះ​និយាយ​ភាសា​បារំាង – អាល្លឺម៉ង់ – អ៊ីតាលី – ឡាតាំង និង​ភាសា​ក្រិក។ នៅ​ថ្ងៃ​ទី១០ ខែមេសា ឆ្នាំ ១៨១៤ លោក​ទទួល​បាន​សញ្ញាបត្រ​បណ្ឌិត​កម្រិត​ភីអេចឌី (Ph.D) ពី​សាកលវិទ្យាល័យ Giessen ប្រទេស​អាល្លឺម៉ង់ ក្នុង​ជន្មាយុ ១៤ ឆ្នាំ។ លោក​ខាលវីត ​ត្រូវ​បាន​កត់​ត្រា​ក្នុង​សៀវភៅ Guinness Bookជា​អ្នក​រៀន​ចប់​ថ្នាក់​បណ្ឌិត​វ័យ​ក្មេង​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ ហើយ​ជា​ឯតទគ្គកម្ម ដែល​មិន​ទាន់​អ្នក​ណា​បំបែក​កំណត់​ត្រា​នេះ​បាន​នៅ​ឡើយ​ទេ មក​ទល់​នឹង​ពេល​នេះ​។


២- លោក​គីមអ៊ុងយ៉ុង (Kim Ung-Yong ) អាយុ ១៥ ឆ្នាំ​រៀន​ចប់​ថ្នាក់​បណ្ឌិត
លោក​គីម​កើត​នៅ​ថ្ងៃ​ទី០៧ ខែមីនា ឆ្នាំ១៩៦២ នៅ​ប្រទេស​កូរ៉េខាងត្បូង។ អាយុ​មិន​ទាន់​គ្រប់​ ១៥ ឆ្នាំ​ផង លោក​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បណ្ឌិត​ផ្នែក​រូបវិទ្យា ពី​សាកលវិទ្យាល័យ​កូឡូរ៉ាដូ (Colorado University) សហរដ្ឋ​អាមេរិក។

អាយុ​បួន​ឆ្នាំ លោក​ចេះ​អាន​ភាសា​ជប៉ុន – ភាសា​កូរ៉េ – ភាសា​អាល្លឺម៉ង់ និង​អង់គ្លេស។ នៅ​អាយុ​គម្រប់​ប្រាំ​ឆ្នាំ លោក​អាច​ដោះ​ស្រាយ​លំហាត់​គណិតវិទ្យា​កម្រិត​ខ្ពស់ ​ដូច​ជា​លំហាត់​អនុគមន៍​ឌីហ្វេរ៉ង់ស្យែល និង​អាំងតេក្រាល់ (intergral)។

រោយមក តាម​កញ្ចក់​ទូរទស្សន៍​ជប៉ុន​ លោក​គីម​បាន​និយាយ​យ៉ាង​ស្ទាត់​ជំនាញ​នូវ​ភាសា​ជាច្រើន​ដូច​ជា ៖ ភាសា​ចិន – អេស្ប៉ាញ – វៀតណាម – តាកាឡុក (Tacalog) – អាល្លឺម៉ង់ – អង់គ្លេស – ចិន – ជប៉ុន និង​ភាសា​កូរ៉េ។ បច្ចុប្បន្ន លោក​គីមអ៊ុងយ៉ុង មាន​អាជីព​ជា​វិស្វករ​សំណង់​ស៊ីវិល (civil engineer)។


៣- អ្នក​ស្រី​​​រូតឡូរឹន (Ruth Lawrence) រៀន​ចប់​ថ្នាក់​បណ្ឌិត​នៅ​អាយុ ១៧ ឆ្នាំ
អ្នក​នាង Ruth Lawrence ​កើត​នៅ​ថ្ងៃទី ០២ ខែសីហា ឆ្នាំ១៩៧១ នៅ​ប្រទេស​អង់គ្លេស។ អ្នក​នាង​មាន​ជំនាញ​ខាង​គណិត​វិទ្យា។ ក្នុង​វ័យ ១៣ ឆ្នាំ អ្នក​នាង​បាន​រៀន​ចប់​ថ្នាក់​បរិញ្ញាបត្រ​ពី​សាកលវិទ្យាល័យ​ Oxford ដ៏​ល្បីល្បាញ​របស់​អង់គ្លេស និង​ជា​អ្នក​ដំបូង​បំផុត​ដែល​បាន​សម្រេច​សមិទ្ធផល​បែប​នេះ​នៅ Oxford។ នៅ​ឆ្នាំ​១៩៨៩ អ្នក​នាង​បាន​រៀន​ចប់​ថ្នាក់​បណ្ឌិត​ក្នុង​វ័យ​មិន​ទាន់​គ្រប់​១៨ឆ្នាំ​ផង។ ក្រោយ​ពេល​បញ្ចប់​ការ​សិក្សា អ្នកស្រី​ត្រូវ​បាន​ទទួល​ឲ្យ​ចូល​ធ្វើ​ការ​នៅ​សាកលវិទ្យាល័យ​ហាវើត (Harvard University) សហរដ្ឋ​អាមេរិក​ ហើយ​ជា​សាកលវិទ្យាល័យ​ដែល​មាន​គុណភាព​អប់​រំ​ខ្ពស់​ផុត​លេខ​ក្នុង​លោក​។ បច្ចុប្បន្ន អ្នក​ស្រី​រៀបការ និង​កំពុង​បម្រើ​ការ​នៅ​សាកលវិទ្យាល័យ​នៅ​ប្រទេស​អ៊ីស្រាអែល។


៤- លោក ​Norbert Wiener រៀន​ចប់​បណ្ឌិត​នៅ​អាយុ ១៧ ឆ្នាំ
លោក Norbert Wiener កើត​នៅ​ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ១៨៩៤ នៅ​សហរដ្ឋ​អាមេរិក។ លោក​មាន​ជំនាញ​ខាង​គណិត​វិទ្យា និង​បាន​រៀន​ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​គណិតវិទ្យា ពី​សាកលវិទ្យាល័យ Tufts University នៅ​អាយុ ១៤ ឆ្នាំ។ នៅ​ឆ្នាំ១៩១២ ក្នុង​ជន្មាយុ ១៧ ឆ្នាំ​លោក​រៀនចប់​ថ្នាក់​បណ្ឌិត​ផ្នែក​គណិតវិទ្យា​ពី​សាកលវិទ្យាល័យ​ហាវើត (Harvard University)។ ក្រោយមក លោក​បាន​ចូល​បម្រើ​ការ​ងារ​ជា​សាស្ត្រាចារ្យ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​ប្រចាំ​រដ្ឋ​ម៉ាសាឈូសេត (Massachusett Institute of Technology -MIT) ​ជា​វិទ្យាស្ថាន​ដ៏​ល្បីល្បាញ​ខាង​វិស័យ​បច្ចេកវិទ្យា។ លោក​ទទួល​មរណភាព​នៅ​ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៦៤។


៥- អ្នកនាង​អាលីហ្សា​សេបឺ (Alia Sabur) អាយុ ១៧ ឆ្នាំ​ទទួល​បាន​សញ្ញាបត្រ​បណ្ឌិត
នាង​អាលីហ្សា កើត​នៅ​ថ្ងៃ​ទី២២ ខែកុម្ភៈ ឆ្នាំ ១៩៨៩ នៅ​សហរដ្ឋ​អាមេរិក។ ក្នុង​វ័យ ១៩ ឆ្នាំ អ្នក​នាង​ត្រូវ​បាន​តែងតាំង​ជា​សាស្ត្រាចារ្យ (Professor) ប្រចាំ​សាកលវិទ្យាល័យ Konkuk ប្រទេស​កូរ៉េខាងត្បូង ហើយ​ជា​មនុស្ស​អាយុ​តិច​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក ដែល​ទទួល​បាន​តំណែង​នេះ។ នាង​មាន​ជំនាញ​ខាង​គណិតវិទ្យា។ ក្រៅ​ពី​នេះ នាង​ជា​អ្នក​ផ្លុំ​ឧបករណ៍​ក្លារីណែត (Clarinet ស្រដៀង​ខ្លុយ) ដ៏​ជំនាញ​ម្នាក់។ អាយុ ៩ ឆ្នាំ នាង​ទទួល​បាន​ខ្សែក្រវាត់​ខ្មៅ​មួយ​ជាន់​ខាង​កីឡា​តេក្វាន់ដូ (Tae Kwan-do) – ចូលរៀន​ថ្នាក់​បរិញ្ញាបត្រ​នៅ​សាកល​វិទ្យាល័យ​ស្តូនីប៊្រូក (Sony Brook University) នៅ​អាយុ ១០ ឆ្នាំ។ នៅ​ឆ្នាំ២០០៧ នាង​បាន​រៀន​ចប់​ថ្នាក់​បណ្ឌិត​ (Ph.D) ពី​សាកល​វិទ្យាល័យ  Drexel សហរដ្ឋ​អាមេរិក។


៦- លោក​សូយ៉ាណូ (Sho Yano) ​រៀន​ចប់​បណ្ឌិត​នៅ​អាយុ ១៨ ឆ្នាំ
លោក​កើត​នៅ​ថ្ងៃទី ២២ ខែតុលា ឆ្នាំ១៩៩០ នៅ​សហរដ្ឋ​អាមេរិក។ លោក​រៀន​ចប់​បរិញ្ញាបត្រ​ផ្នែក​វិស័យ​សុខាភិបាល ឬ​វេជ្ជសាស្ត្រ នៅ​អាយុ ១២ ឆ្នាំ។ លោក​ចេះ​អាន​នៅ​អាយុ ២ ឆ្នាំ និង​ចេះ​សរសេរ​នៅ​អាយុ ៣​ ឆ្នាំ។ លោក​រៀន​ចប់​ថ្នាក់​បណ្ឌិត​ផ្នែក​វេជ្ជសាស្ត្រ​ពី​សាកល​វិទ្យាល័យ​ឈីកាហ្គោ​សហរដ្ឋ​អាមេរិក​ក្នុង​អាយុ ១៨ ឆ្នាំ (ក្មេង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​សាកលវិទ្យាល័យ​នេះ)។ បច្ចុប្បន្ន លោក​ជា​វេជ្ជបណ្ឌិត​ជំងឺ​ទូទៅ (physician)។


៧- អ្នក​នាង Juliet Beni រៀន​ចប់​ថ្នាក់​បណ្ឌិត​ផ្នែក​ចិត្តវិទ្យា នៅ​អាយុ ១៩ ឆ្នាំ
អ្នក​នាង Juliet Beni បាន​រៀន​ចប់​បណ្ឌិត​ផ្នែក​ចិត្តវិទ្យា​សង្គម និង​ចិត្ត​វិទ្យា​អាកប្បកិរិយា (Social/ Personality Psychology) ពី​សាកលវិទ្យាល័យ​កាលីហ្វ័រញ៉ា (University of California) ហើយ​ជា​និស្សិត​ដំបូង​បង្អស់​របស់​សាកល​វិទ្យាល័យ​នេះ​ដែល​ក្មេង​បំផុត ហើយ​ទទួល​បាន​សញ្ញាបត្រ​បណ្ឌិត។ ឆ្នាំ២០០៨ ក្នុងអាយុ ១៥ ឆ្នាំ នាង​Juliet Beni រៀន​ចប់​បរិញ្ញាបត្រ និង​រៀន​ចប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់ (Master Degree) នៅ​ឆ្នាំ២០១០។


កំណត់​សម្គាល់​ ៖ ​ទិន្នន័យ​ខាង​លើ​នេះ​ត្រូវ​បាន​ដក​ស្រង់​ពី​គេហទំព័រស្ដី​ពី​បុគ្គល​ដប់​រូប​ដែល​រៀន​ចប់​បណ្ឌិត​នៅ​អាយុ​ក្មេង​បំផុត​ (http://www.gradschoolhub.com/10-youngest-people-ever-to-achieve-a-doctorate-degree/) ធ្វើ​ជា​អត្ថបទ​គោល​ ហើយ​ TheBNEWS បាន​ដក​ស្រង់​ពីប្រភព​ដទៃ​ទៀត​ដើម្បី​បញ្ជាក់​ និង​ផ្ទៀងផ្ទាត់​ឲ្យ​កាន់​តែ​ច្បាស់។
Share on Google Plus

About TDasany

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment