ចៅហ្វាយគ្រប់រូបរមែងចង់បានលទ្ធផលល្អៗពីអ្នកនៅក្រោមបង្គាប់។ បើកាលណាអ្នកអាចធ្វើកិច្ចការល្អៗ និង សម្រេចជោគជ័យលើអ្វីដែលប្រធានរបស់អ្នកបានដាក់ឲ្យនោះ វាជាផលវិជ្ជមានមួយសម្រាប់អនាគតខាងមុខ ព្រោះ នៅកន្លែងធ្វើការ វាជៀសមិនផុតពីការប្រកួតប្រជែងសមត្ថភាពរវាង បុគ្គលិក និង បុគ្គលិកលើការងារមួយចំនួនទេ។ ដូច្នេះហើយ អ្នកត្រូវខិតខំធ្វើកិច្ចការឲ្យបានល្អ និង ប្រសើរបំផុត ដើម្បីបញ្ជាក់អំពីសមត្ថភាពដ៏ពិតៗរបស់អ្នក ទៅកាន់ថ្នាក់លើ។
ខាងក្រោមនេះ គឺជាអ្វីដែល ប្រធានគ្រប់រូបចង់លឺចេញពីមាត់បុគ្គលិក៖
១) ខ្ញុំមានដំណោះស្រាយ
ជារៀងរាល់ថ្ងៃ មានបញ្ហាជាច្រើនដែលបានកើតឡើង ធ្វើឲ្យប្រធានគ្រប់រូប មានអារម្មណ៍តានតឹង និង ស្មុគស្មាញយ៉ាងខ្លាំង។ ក្នុងស្ថានភាពនេះ បើមានបុគ្គលិកណាម្នាក់អាចមក និយាយថា ខ្លួនមានដំណោះស្រាយលើបញ្ហាទាំងនោះ ប្រាកដណាស់ថា ប្រធាននឹងពេញចិត្តយ៉ាងខ្លាំងលើ សកម្មភាពបែបនេះ។ ដូច្នេះហើយ ប្រសិនបើអ្នកអាច ជួយដោះស្រាយបញ្ហាជាច្រើនបានមែននោះ មានន័យថា មិនយូរមិនឆាប់ អ្នកប្រាកដជា ទទួលបានលទ្ធផលល្អនៅកន្លែងការងារ ដូចជា ការកោតសរសើរ ឬ ការតំឡើងឋានៈជាដើម។
២) ខ្ញុំនឹងធ្វើវា
នៅពេលមាន ការងារដែលលំបាកៗត្រូវធ្វើ ប្រហែលជាបុគ្គលិកភាគច្រើនមិនចង់ធ្វើនោះទេ។ ក្នុងស្ថានភាពនេះ ប្រសិនបើអ្នក ចេញមុខប្រកាសថា ខ្លួននឹងទទួលខុសត្រូវលើការងារដ៏ស្មុគស្មាញ ដែលគ្រប់គ្នាមិនចង់ធ្វើ វានឹងជួយឲ្យអ្នកក្លាយជា មនុស្សម្នាក់ដ៏សំខាន់ដែលមិនអាចខ្វះបាននៅកន្លែងធ្វើការ។ ប្រការនេះ វាធ្វើឲ្យថ្នាក់លើរបស់អ្នកមានការសប្បាយចិត្ត និង មានទំនុកចិត្តខ្ពស់លើការតាំងចិត្តដ៏មុតមាំនេះ ដោយសារតែការទទួលខុសត្រូវរបស់អ្នក។
៣) ខ្ញុំអាចជួយបាន
គ្មាននរណាម្នាក់អាចធ្វើកិច្ចការអ្វីមួយ ដោយមិនពឹងពាក់លើអ្នកដទៃសោះនោះទេ គ្រាន់តែតិច ហើយនិងច្រើនប៉ុណ្ណោះ ព្រោះថា ពេលខ្លះការងារទាំងនោះ វាលំបាកខ្លាំងពេក ដែលទាមទារឲ្យមានជំនួយពីអ្នកដទៃ។ បើអ្នកអាច ជួយគ្នាទៅវិញទៅមកនោះ វាគឺជាទម្លាប់ដ៏ល្អ ដែលមិនត្រូវមើលរំលង។ ការធ្វើបែបនេះ វាធ្វើឲ្យចៅហ្វាយនាយរបស់អ្នក មិនសរសើរមិនបាន ព្រោះ វាជាការសាមគ្គីគ្នាដ៏ល្អមួយ ជួយឲ្យក្រុមហ៊ុន ឬ ស្ថាប័នរីកចម្រើនទៅមុខ។ ដូច្នេះហើយ អ្នកគួរតែ និយាយថា អ្នកអាចជួយបាន ដោយធ្វើទៅតាមលទ្ធភាព ព្រោះនេះគឺជាសម្ដីដែល ថ្នាក់លើចង់លឺពីបុគ្គលិកគ្រប់រូប។
៤) ខ្ញុំមានគំនិតថ្មី
គំនិតច្នៃប្រឌិតពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះបើគ្មានចំណុចនេះទេ រាល់កិច្ចការអ្វីៗទាំងអស់ហាក់ដូចជា មិនអាចដំណើរការទៅមុខបានល្អ ឬ ទទួលបានជោគជ័យជាដុំកំភួននោះទេ។ ជារៀងរាល់ថ្ងៃ បើសិនមនុស្សគ្រប់គ្នាធ្វើរឿងអ្វីដដែលៗនោះ មើលទៅវាពិតជាធុញទ្រាន់ ប៉ុន្តែបើមានគំនិតថ្មីវិញ វាពិតជាធ្វើឲ្យម្នាក់ៗមានអារម្មណ៍ថ្មីលើការងារ ពោលគឺរុញច្រានឲ្យពួកគេមានអារម្មណ៍ថា ពេញចិត្ត និង ចង់ធ្វើឲ្យវាឲ្យសម្រេចឆាប់ៗ។ គំនិតច្នៃប្រឌិតថ្មីនេះ គឺជាចំណុច ដែលថ្នាក់លើតែងចង់បានពីបុគ្គលិកក្រោមបង្គាប់របស់ខ្លួន ព្រោះ វាពិតជាសំខាន់ ក្នុងការទទួលបានសមិទ្ធផលដ៏ធំធេងនៅពេលអនាគត៕
0 comments:
Post a Comment