អាកប្បកិរិយាមិនល្អ ជាទូទៅនឹងធ្វើឱ្យប៉ះពាល់ដល់ការទំនាក់ទំនងរបស់លោកអ្នក និងធ្វើឲ្យអ្នកកាន់តែពិបាកក្នុងការសម្រេចគោលដៅរបស់ខ្លួនថែមទៀតផង។ ទាំងនេះ មានដូចជា មិនចូលចិត្តឲ្យអ្នកណាស្តាប់បង្គាប់ រឹងរូស ឬ ច្រើនបដិសេធន៍ ទៅនឹងទស្សនៈរបស់អ្នកដទៃ។ ខាងក្រោមនេះ ជាអកប្បកិរិយាមិនល្អរបស់មនុស្សដែលត្រូវបានគេអះអាងថា ជាមូលហេតុនាំឲ្យបរាជ័យនៅក្នុងឆាកជីវិត។
១) វាយតម្លៃភ្លាមៗជាអវិជ្ជមានទៅលើអ្នកណាម្នាក់
នេះជាសញ្ញាណមួយបញ្ជាក់ថា ភាពបរាជ័យរបស់អ្នកបានចូលមកដល់ហើយ នៅពេលដែលអ្នកយល់ឃើញមនុស្សជុំវិញខ្លួនសុទ្ធតែមានភាពអវិជ្ជមានទាំងអស់។ នៅក្នុងជីវិតរបស់មនុស្សម្នាក់ៗតែងមានតម្លៃរៀងៗខ្លួន ហើយសេចក្តីសុខសុភមង្គល និង ភាពជោគជ័យ អាចកើតមានលុះត្រាតែអ្នកឲ្យតម្លៃ និង គោរពអ្នកដទៃ មិនមែនគិតថា ខ្លួនអ្នកសុទ្ធតែត្រូវទាំងអស់នោះទេ។
២) រីករាយនៅពេលឃើញអ្នកដទៃបរាជ័យ
ចំណុចនេះ គេឃើញមានច្រើនបំផុតនៅលើបុគ្គលបរាជ័យ។ ហេតុអ្វី? ព្រោះថាបុគ្គលបរាជ័យគឺជា អ្នកបរាជ័យរួចស្រេចទៅហើយ ហើយបើឃើញគេជោគជ័យតែខ្លួនបរាជ័យវិញ ដូចជារស់នៅមិនសូវសុខនោះឡើយ។ ដូច្នេះហើយ បើបានឃើញអ្នកណាម្នាក់បរាជ័យដែរហើយនោះ រឿងអីដែលមិនត្រូវសប្បាយចិត្ត?
៣) ឆាប់សម្រេចចិត្តភ្លាមៗមិនបានត្រិះរិះពិចារណាជាមុន
ចំណុចនេះជាអកប្បកិរិយាមិនល្អមួយទៀតរបស់បុគ្គលបរាជ័យ ព្រោះថាតាមក្បួនខ្នាតដូចជាពាក្យចាស់បានពោលថា “គិតមុនគួរ” ទើបធ្វើឲ្យអ្នកសម្រេចការងារដោយជោគជ័យបាន។ ការសម្រេចចិត្តធ្វើអ្វីភ្លាមៗដោយមិនបានគិតជាមុននេះ ប្រៀបដូចជាមនុស្សពិការភ្នែកកំពុងដើរចូលទៅក្នុងព្រៃជ្រៅនោះដែរ។
៤) គិតថា ជីវិតគឺជារឿងងាយស្រួលមិនបាច់មានក្បួនខ្នាត
មនុស្សដែលបរាជ័យតែងមានអកប្បកិរិយាបែបនេះ ពោលគឺមិនសូវជាខ្វាយខ្វល់រឿងគោលដៅជីវិតប៉ុន្មាននោះឡើយ។ បុគ្គលបែបនេះប្រើខ្សែជីវិតរស់នៅគិតមួយថ្ងៃធ្វើមួយថ្ងៃ គ្មានគម្រោងច្បាស់លាស់មិនដឹងជាទៅទីណា? នៅកន្លែងណា? ដោយមធ្យោបាយណា? និយាយឲ្យស្រួលស្តាប់ គឺធ្វើបានប៉ុណ្ណាយកប៉ុណ្ណឹង។
៥) បែងចែករកខុសត្រូវមិនឃើញ
ស ខ្មៅ អាក្រក់ ឬ ល្អ គឺជាស្រមោលអន្ទោលតាមប្រាណរបស់បុគ្គលបរាជ័យ ព្រោះថាបុគ្គលដែលមានអកប្បកិរិយាបែបនេះច្រើនតែយល់ថា សទៅជាខ្មៅ ខ្មៅទៅជាស និង ការមិនបានវែកញែករកហេតុផលនេះឯង។ ភាសាដែលគេនិយមហៅមួយទៀតនោះគឺថា មោហ៍បាំងតែម្តង បើស្រលាញ់គឺស្រលាញ់ងប់ បើស្អប់គឺស្អប់គ្មានទីបញ្ចប់ មិនមានគោលការណ៍គិតពិចារណាបន្តិចទាល់តែសោះ។
៦) យកបទពិសោធន៍អាក្រក់មួយរបស់ខ្លួន វាយតម្លៃរួមជាអវិជ្ជមាន (គិតថាបើអាក្រក់មួយ គឺអាក្រក់ទាំងអស់)
មានពាក្យមួយឃ្លាដែលប្រិយមិត្តធ្លាប់ឮគេនិយាយនោះគឺថា “ត្រីមួយកន្ត្រកបើស្អុយមួយគឺស្អុយទាំងអស់”។ នេះជាទស្សនៈមួយដែលមិនសមហេតុផល ត្បិតអីមានតែបុគ្គលបរាជ័យប៉ុណ្ណោះដែលយល់ឃើញបែបនេះ។ តាមពិតបុគ្គលម្នាក់នោះអាចជាអ្នក ព្រោះថាការដែលអ្នកយល់ថាអ្នកដទៃសុទ្ធតែខុសនេះហើយ ដែលអ្នកគ្មានផ្លូវបានជោគជ័យនេះឯង។
៧) ខ្ជះខ្ជាយលុយកាក់ និង ពេលវេលាលើរឿងដែលឥតប្រយោជន៍
នេះជាចំណុចអវិជ្ជមានមួយទៀតដែលធ្វើឲ្យអ្នកបរាជ័យទាំងមិនដឹងខ្លួន។ តើអ្នកបានសង្កេតទេថា មហាសេដ្ឋី និង បុគ្គលល្បីៗនៅជុំវិញពិភពលោកសុទ្ធតែមនុស្សធ្វើរឿងដែលឥតប្រយោជន៍ ឬ ខ្ជះខ្ជាយពេលវេលាទទេៗ? ចម្លើយនោះគឺគ្មានទេ ហើយបើអ្នកយល់ឃើញថា អកប្បកិរិយារបស់អ្នកផ្ទុយពីបុគ្គលជោគជ័យទាំងនោះ ល្មមដល់ពេលជម្រុះចេញហើយ។
៨) សើចចំអកទស្សនរបស់អ្នកដទៃដែលផ្ទុយពីទស្សនរបស់ខ្លួន
គ្មានឡើយពាក្យមើលងាយ មើលស្រាល ឬ សើចចំអកលើទស្សនៈអ្នកដទៃធ្វើឲ្យបុគ្គលម្នាក់ទទួលបានជោគជ័យក្នុងឆាកជីវិតបាន។ យ៉ាងណាមិញ សម្រាប់អ្នកផ្ទាល់នេះគ្រាន់តែធ្វើឲ្យអ្នកបាត់បង់ទំនាក់ទំនង និងរមែងគ្មានការគោរពស្រលាញ់ពីមនុស្សនៅជុំវិញខ្លួនតែប៉ុណ្ណោះ។
៩) ទាត់ចោលទស្សន ឬ គំនិតទាំងឡាយណាដែលផ្ទុយពីខ្លួន
ការទាត់ចោលទស្សន ឬ គំនិតយោបល់ទាំងឡាយណាដែលផ្ទុយពីខ្លួន គឺជាសញ្ញាណអាក្រក់មួយទៀតធ្វើឲ្យអ្នកបរាជ័យ។ មានមនុស្សច្រើនណាស់ដែលមានចំណេះដឹង បទពិសោធន៍ល្អៗជាងអ្នកដែលអ្នកគួររៀនសូត្រតាមឲ្យបានកាន់តែច្រើន។ ផ្ទុយទៅវិញ បើអ្នកនៅតែប្រកាន់អកប្បកិរិយាបែបនេះរហូតនោះ ភាពជោគជ័យច្បាស់ជាស្ថិតនៅឆ្ងាយដៃពីអ្នកបន្តិចហើយ៕
0 comments:
Post a Comment