ក្លាយជាអ្នកមាន គឺជាក្តីប្រាថ្នារបស់មនុស្សគ្រប់រូប ដូច្នេះហើយបានជាម្នាក់ៗខំព្យាយាមគ្រប់បែបយ៉ាងដើម្បីសន្សំលុយ ធ្វើយ៉ាងណាឲ្យក្លាយជាអ្នកមានទ្រព្យសម្បត្តិច្រើន ឲ្យបានកាន់តែឆាប់កាន់តែល្អ។ ប៉ុន្តែពេលខ្លះនៅពេលដែល មនុស្សបានឈានដល់ចំណុចដែលខ្លួនចង់បាន ពោលគឺក្លាយជា«អ្នកមាន» បែរជាប្រឈមនឹងបញ្ហាផ្សេងៗជាច្រើន ហើយពេលខ្លះនាំឲ្យធ្លាក់ខ្លួនមកក្រក្រីវិញយ៉ាងរហ័ស ឬ ក៏ក្លាយជាមនុស្សម្នាក់ដែលហានធ្វើរឿងរ៉ាវមិនល្អជាច្រើន។
ក្នុងន័យនេះ នៅពេលដែលអ្នកក្លាយទៅជាអ្នកមានម្នាក់ មិនមានន័យថា ជារឿងល្អគ្រប់គ្រាន់សម្រាប់ជីវិតនោះទេ ហើយវាក៏មិនស្ថិតស្ថេរជារៀងរហូតដែរ ព្រោះថា អ្វីៗគឺអាចប្រែប្រួលគ្រប់ពេលទាំងអស់។ ដូច្នេះហើយ អ្នកក៏ត្រូវប្រុងប្រយ័ត្នខ្ពស់ឲ្យមែនទែន ព្រោះ អ្នកអាចនឹងភ្លើតភ្លើន ដែលនាំឲ្យអន្តរាយ។
ដើម្បីជៀសពីបញ្ហាផ្សេងៗ អ្នកគួរតែគិតគូរឲ្យល្អិតល្អន់នៅពេលក្លាយជាអ្នកមាន ហើយត្រូវចាំទុកនូវចំណុចសំខាន់ៗទាំងអស់នេះ៖
១) កុំភ្លេចមនុស្សដែលជួយជ្រោមជ្រែងអ្នក
បើទោះបីជា មានសមត្ថភាពខ្លាំងប៉ុណ្ណាក៏ដោយ គឺជៀសមិនផុតពីការពឹងពាក់ ឬ ការជ្រោមជ្រែងពីអ្នកដទៃនោះទេ។ បើក្លាយទៅជាអ្នកមានហើយ សូមកុំភ្លេចគុណអ្នកទាំងនោះ ហើយព្យាយាមសងគុណពួកគេតាមតែអាចធ្វើទៅតាម ព្រោះនេះគឺជា គុណតម្លៃដ៏ប្រសើរបំផុតក្នុងការរស់នៅរបស់មនុស្សគ្រប់គ្នា។ ប៉ុន្តែ ប្រសិនបើ ក្រោយពេលក្លាយជាអ្នកមានទ្រព្យសម្បត្តិច្រើនហើយ បែរជា អ្នកព្រងើយកន្តើយជាមួយមនុស្សទាំងនោះ វានឹងនាំឲ្យមានការសោកស្តាយទៅថ្ងៃក្រោយ ព្រោះថា អ្នកអាចនឹងបាត់បង់មនុស្សជាទីស្រលាញ់ និង ល្អៗជាច្រើន ហើយនឹងមានបញ្ហាជាច្រើនទៀត កើតឡើង។
២) លុយមិនអាចដោះស្រាយអ្វីគ្រប់យ៉ាងនោះទេ
បើទោះបីជា លុយមានសារៈសំខាន់ប៉ុណ្ណាក៏ដោយ ប៉ុន្តែវាក៏មានដែនកំណត់ដែរ ពោលគឺវាមិនអាចដោះស្រាយបញ្ហាគ្រប់យ៉ាងនោះទេ។ បើអ្នកអាងថា ខ្លួនមានលុយច្រើន ដោយមិនខ្វល់ពីអ្វីឡើយ ហើយគិតថា គ្រាន់តែប្រើលុយដើម្បីដោះស្រាយនោះ វាអាចជាការយល់ខុស ព្រោះ ទំនោរនេះអាចនាំឲ្យមានការខកចិត្តទៅថ្ងៃក្រោយក៏ថាបាន។ មានបញ្ហាជាច្រើន ដែលអ្នកត្រូវព្យាយាមដោះស្រាយ ដោយមិនប្រើលុយតែម្យ៉ាង ជាពិសេសគឺ បញ្ហាទំនាក់ទំនងទាំងក្នុងគ្រួសារ និង មជ្ឈដ្ឋានខាងក្រៅ ក៏ដូចជា កិច្ចការជាច្រើនទៀត។ ត្រូវចងចាំថ្ងៃ លុយគ្រាន់តែជា ឧបករណ៍ សម្រាប់នាំមនុស្សទៅរកសុភមង្គល ដូច្នេះហើយ មិនមែនឲ្យតែមានលុយ គឺមានសុភមង្គលនោះទេ បើអ្នកមិនចេះប្រើប្រាស់លុយឲ្យត្រូវតាមកាលវេលា និង មានប្រយោជន៍។
៣) ត្រូវជៀសឲ្យផុតពីល្បែង
មិនថា មានទ្រព្យសម្បត្តិច្រើនប៉ុណ្ណាទេ តែឲ្យតែហានចូលខ្លួនជ្រៅទៅនឹងល្បែងស៊ីសង ប្រាកដណាស់ថា ថ្ងៃណាមួយអ្នកប្រាកដជាវិលទៅរកពិភពដើមវិញ ឬ អន់ជាងពិភពដើមទៅទៀតក៏ថាបាន។ ប៉ុន្តែ មនុស្សភាគច្រើននៅពេល ក្លាយជាអ្នកមាន ពួកគេតែងភ្លេចចំណុចនេះ ហើយបានចូលខ្លួនយ៉ាងជ្រៅ ដកខ្លួនមិនរួចរហូតដល់ បាត់បង់អ្វីៗគ្រប់បែបយ៉ាង រួមទាំងមនុស្សជាទីស្រលាញ់ទៀតផង។ ដូច្នេះហើយ សូមកុំយកខ្លួនអ្នកទៅ ប្រឡូកក្នុងរឿងអវិជ្ជមានបែបនេះអី ព្រោះវាគ្មានប្រយោជន៍អ្វីឡើយសម្រាប់ជីវិតអ្នក។ មានន័យថា ដើម្បីអាចរក្សា ឬ បង្កើនទ្រព្យសម្បត្តិ អ្នកត្រូវតែជៀសឲ្យផុតពីល្បែងទាំងពួង។
៤) សុភមង្គល បានមកពីការចែករំលែក
មិនថា មានលុយច្រើនយ៉ាងណាទេ បើអ្នកព្យាយាមរក ដើម្បីចាយវាយតែសម្រាប់ខ្លួនឯង យូរៗទៅវាហាក់ដូចជា សោះអង្គើយបន្តិច ប៉ុន្តែបើអ្នកអាចចែករំលែកចំណែកខ្លះទៅកាន់អ្នកដែលត្រូវការនោះ វានាំឲ្យចិត្តរបស់អ្នកមានភាពរីករាយ។ ការចែករំលែក គឺជាទម្លាប់ដ៏ល្អបំផុត សម្រាប់ការរស់នៅ ព្រោះថា បើអ្នកផ្តល់ចំណែកខ្លះ ឬ ជួយដល់ មនុស្សដែលកំពុងត្រូវការបន្ទាន់នោះ វាមិនត្រឹមតែធ្វើឲ្យខ្លួនអ្នកផ្ទាល់មានអារម្មណ៍រីករាយក្នុងចិត្តនោះទេ តែថែមទាំងអាចជួយដល់អ្នកដទៃឲ្យមានក្តីសង្ឃឹមក្នុងជីវិតផងដែរ។ ដូច្នេះហើយ គួរចងចាំថា សុភមង្គលដ៏ធំបំផុតរបស់មនុស្ស មិនមែនដោយសារតែមានលុយច្រើនតែម្យ៉ាងនោះទេ ពោលគឺការចែករំលែក ក៏ជាចំណុចដែលមិនត្រូវមើលរំលងឡើយ។
៥) កុំគិតថា ខ្លួនអស្ចារ្យ
ថ្វីបើអ្នកបានវិវត្តខ្លួន ពីមនុស្សធម្មតាម្នាក់ មកជាមនុស្សដែលមានទ្រព្យសម្បត្តិច្រើនក៏ដោយ ប៉ុន្តែសូមកុំមានមោទនភាពជ្រុលហួសហេតុពេក។ មនុស្សមួយចំនួន តែងផ្លាស់ប្ដូរឥរិយាបថយ៉ាងច្រើន ដោយសារតែមានមោទនភាពនឹងជោគជ័យរបស់ខ្លួន ហើយបែរជាវាយតម្លៃថា អ្នកដទៃគឺជាមនុស្សដែលអន់ ឬ មិនដល់ខ្លួន។ បើអ្នកគិតថា គេមិនដល់ខ្លួន ប្រាកដណាស់ថា គ្មានថ្ងៃអ្នកអាចរស់នៅចុះសម្រុងជាមួយមនុស្សជុំវិញខ្លួនបានឡើយ៕
0 comments:
Post a Comment