លោក​អូបាម៉ា​​​ថ្មី​ៗ​​​នេះ​សរសើរ​​លោក​ស្រី​ហ៊ីឡារី​ថា ​សក្កិសម​ជា​ប្រធានាធិបតី​អាមេរិក! តើ​លោក​ស្រី​មាន​លក្ខណៈ​សម្បត្តិ​​​ពិសេស​ចំណុច​ណា​ខ្លះ?



លោក​ស្រី​ហ៊ីឡារី បាន​កោត​សរសើរ «នយោបាយ​អន្តោប្រវេសន្ត» របស់​លោក​ប្រធានាធិបតី​បារ៉ាក់​អូបាម៉ា។ ចំណែក​លោក​អូបាម៉ា ក៏​បាន​កោត​សរសើរ​ចំពោះ​លោក​ស្រី​វិញ​ដែរ ហើយ​លោក​នៅ​បាន​លើក​ឡើង​ទៀត​ថា លោកស្រី​គ្លីនតុន​សក្ដិសម​ជា​អនាគត​ប្រធានាធិបតី​អាមេរិក​បំផុត។ លោក​ស្រី​ហ៊ីឡារី ត្រូវ​គេ​ប្រមើល​ឃើញ​ថា ​ជា​ជម្រើស​ល្អ​ជាង​គេ​ក្នុង​ជួរ​គណបក្ស​ប្រជាធិបតេយ្យ សម្រាប់​ប្រជែង​យក​តំណែង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ក្នុង​ការ​បោះឆ្នោត​អាណត្តិ​ថ្មី។

ចង់​ដឹង​ថា​ លោក​ស្រី​ហ៊ីឡារី​គ្លីនតុន មាន​ប្រវត្តិ​យ៉ាង​ដូចម្ដេច​ខ្លះ សូម​នាំ​មក​ជូន​អស់​លោក​អ្នក នូវ​ប្រវត្តិសង្ខេប​របស់​លោក​ស្រី ដោយ​ផ្ដោត​លើ​ប្រវត្តិ​ការងារ និង​អាជីព​នយោបាយ​របស់​លោក​ស្រី​មាន​សេចក្ដី​ដូច​តទៅ។

ឈ្មោះ ៖ ហ៊ីឡារី​រ៉ូដាម​គ្លីនតុន (Hillary Rodam Clinton)
អាយុ ៖ ៦៧ ឆ្នាំ
អាជីព ៖ ជា​អ្នក​នយោបាយ​ ខាង​គណបក្ស​ប្រជាធិបតេយ្យ
​ថ្ងៃ​ខែ​ឆ្នាំ​កំណើត ៖ ២៦ តុលា ១៩៤៧
ទីកន្លែង​កំណើត ៖ ទីក្រុង​ឈីកាហ្គោ (Chicago) រដ្ឋ​អ៊ីលីណយ – សហរដ្ឋ​អាមេរិក
កម្ពស់ ៖ ១៦៩ សង់ទីម៉ែត្រ
ស្វាមី ៖ លោក​ប៊ីលគ្លីនតុន (Bill Clinton) (រៀប​អាពាហ៍ពិពាហ៍​កាល​ពី​ឆ្នាំ១៩៧៥)
កូន ៖ កូន​ស្រី​ឈ្មោះ​នាង ឆែលស៊ី (Chelsea) កើត​ឆ្នាំ១៩៨០
គណបក្ស​នយោបាយ ៖ ១៩៦៨ – មក​ទល់​នឹង​បច្ចុប្បន្ន ៖ ជា​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ (Democratic Party)
​កម្រិត​វប្បធម៌ ៖ ១៩៦៩ : បរិញ្ញាបត្រ​ពី​សាកល​វិទ្យាល័យ  Wellesley College។ ១៩៧៣ : បណ្ឌិត​ច្បាប់ (Juris Doctor) ពី​សាកលវិទ្យាល័យ​យេល (Yale University)។

​ប្រវត្តិ​ការងារ និង​អាជីព​នយោបាយ​ ៖ ២០០៩ – ២០១៣ ៖ កាន់​តំណែង​ជា​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​ពី​ឆ្នាំ។ ២០០១ – ២០០៩ ៖ កាន់​តំណែង​ជា​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក ប្រចាំ​រដ្ឋ​ញូយ៉ក។

លោក​ស្រី​ហ៊ីឡារី កើត​ថ្ងៃ​ទី២៦ ខែតុលា ឆ្នាំ១៩៤៧។ ជីវិត​ពី​កុមារភាព​របស់​លោក​ស្រី ​ពោរពេញ​ដោយ​ភាព​សុខដុមរមនា និង​សេចក្ដី​ថ្លៃថ្នូរ (ជា​ពូជ​អម្បូរ​អ្នក​ខ្ពង់​ខ្ពស់)។ តាំង​តែ​ពី​ក្មេង​មក លោក​ស្រី​ចូលចិត្ត​វិស័យ​កីឡា និង​មាន​នាទី​ជា​ប្រធាន​សមាគមន៍​និស្សិត។ ពេល​រៀន​នៅ​មហាវិទ្យាល័យ Wellesley College លោក​ស្រី​តែង​តែ​រៀន​បាន​ពិន្ទុ​ខ្ពស់​ជា​និច្ច។ ឆ្នាំ១៩៦៩ លោកស្រី​រៀន​មុខ​វិជ្ជា​ច្បាប់​នៅ​សាកល​វិទ្យាល័យ​យេល (Yale University) និង​បាន​ធ្វើ​ការ​ជា​លក្ខណៈ​កម្មសិក្សាការី ឬ​អ្នក​ហាត់​ការ (intern) ហើយ​បានភប់ប្រសព្វ​ជា​មួយ​លោក​ប៊ីលគ្លីនតុន ដែល​ក្រោយ​មក​អ្នក​ទាំង​ពីរ​ក្លាយ​ជា​គូ​ស្វាមីភរិយា​នឹង​គ្នា ដោយ​បាន​រៀប​អាពាហ៍ពិពាហ៍​កាល​ពី​ឆ្នាំ១៩៧៥។

មាគ៌ា​ឆ្ពោះ​ទៅ​ប្រកួត​យក​តំណែង​ប្រធានាធិបតី​អាមេរិក​សម្រាប់​អាណត្តិ​ឆ្នាំ២០០៩ – ២០១៣

លោក​ស្រី​ហ៊ីឡារី​ជា​ដៃ​គូ​ប្រជែង​ជា​មួយ​លោក​បារ៉ាក់អូបាម៉ា កាល​ពី​ឆ្នាំ២០០៨ សម្រាប់​ប្រកួត​យក​តំណែង​ជា​បេក្ខជន​ក្នុង​គណបក្ស ដើម្បី​ឈាន​ទៅ​ប្រកួត​ជា​មួយ​បេក្ខជន​មក​ពី​ខាង​គណបក្ស​សាធារណរដ្ឋ (Republican Party)។ លោក​ស្រី​មិន​បាន​ឈ្នះ​តំណែង​ជា​បេក្ខជន​ផ្ដាច់ព្រ័ត្រ​ទេ ប៉ុន្តែ​ត្រូវ​លោក​អូបាម៉ា​ជ្រើស​តាំង​ជា​រដ្ឋ​មន្ត្រី​ការ​បរទេស​ក្នុង​រដ្ឋការ​របស់​លោក​ពី​ឆ្នាំ២០០៩ – ២០១៣។

លោក​ស្រី​ជា​នារី​ទី​មួយ​នៅ​ក្នុង​នយោបាយ​សហរដ្ឋ​អាមេរិក ដែល​កាន់​មុខ​តំណែង​ជា​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក ហើយ​ដែល​មាន​អតីតភាព​ជា «ស្ត្រី​ទីមួយ​ – First Lady» (ភរិយា​ប្រធានាធិបតី​កាល​ពី​ជំនាន់​មុន​លោកស្រី មិន​ដែល​មាន​តំណែង​បែប​នេះ​ទេ ពី​មុន​មក)។

​មុខ​តំណែង​ជា​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​ពី​ឆ្នាំ២០០៩ – ២០១៣
ក្នុង​នាម​ជា​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក លោក​ស្រី​ហ៊ីឡារី ជា​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​ដំបូង​បង្អស់​ដែល​បាន​ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវ​រដ្ឋ​ទៅ​កាន់​បណ្ដា​ប្រទេស​នានា ​ច្រើន​ជាង​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​ណា​ទាំង​អស់ (១១២ ប្រទេស​)។លោក​ស្រី​តែង​លើក​ស្ទួយ «សិទ្ធិ​ស្ត្រី – women’s rights» និង​សិទ្ធិមនុស្ស (human rights)។ ពាក់​ព័ន្ធ​នឹង ​«បដិវត្ត​ផ្កាម្លិះ​នៅ​មជ្ឈិមបូព៌ា – Arab Spring» លោក​ស្រី ក្នុង​នាម​ជា​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក ក៏​បាន​បង្ហាញ​គោល​ជំហរ​របស់​រដ្ឋាភិបាល​លោក​អូបាម៉ា​អាណត្តិ​ទីមួយ​ផង​ដែរ និង​ពាក់​ព័ន្ធ​នឹង​អន្តរាគមន៍​យោធា​នៅ​ប្រទេស​លីប៊ី (ផ្ដួល​រំលំ​លោក​អតីត​ប្រធានាធិបតី​នៃ​ប្រទេស​លីប៊ី (ហ្កាដាហ្វ៊ី​) ពី​តំណែង៕
Share on Google Plus

About TDasany

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment