ភាគច្រើន មនុស្សម្នាក់ៗសុទ្ធតែធ្លាប់និយាយកុហក គ្រាន់តែតិច ឬ ច្រើន និង ការកុហកនោះ ដើម្បីធ្វើឡើងក្នុងគោលដៅអ្វីប៉ុណ្ណោះ ព្រោះមិនមែនឲ្យតែនិយាយកុហកសុទ្ធតែអាក្រក់នោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ គ្មាននរណាម្នាក់ចង់ឲ្យគេកុហកខ្លួននោះទេ ព្រោះគេយល់ឃើញថា ការកុហកគឺជា សកម្មភាពដ៏អាក្រក់មួយដែលមិនគួរកើតឡើងមាន។ ថ្វីបើមិនចូលចិត្តឲ្យអ្នកដទៃកុហក ប៉ុន្តែវាមិនមែនរឿងងាយស្រួលនោះទេ ដើម្បីដឹងថានរណានិយាយកុហក ឬ និយាយការពិត ដូច្នេះហើយបានជា មានមនុស្សជាច្រើនត្រូវបានគេនិយាយកុហកច្រើនលើកច្រើនសា។
ដើម្បីអាចដឹងថា នរណានិយាយកុហក ឬ និយាយការពិត អ្នកអាចសម្គាល់តាមរយៈសកម្មភាពទាំងនេះបាន៖
១) ភ្នែកក្រឡេបក្រឡាប់
អ្នកអាចធ្វើការសង្កេតបានថាតើ មនុស្សដែលព្យាយាមនិយាយរឿងអ្វីជាមួយអ្នកនោះ គឺ និយាយកុហក ឬ មិនកុហក ថ្វីបើមានការលំបាកក្តី។ ការនិយាយ កុហកមិនមែនជារឿងងាយស្រួលប៉ុន្មាននោះទេ ហើយពួកគេតែមានអារម្មណ៍ភិតភ័យក្នុងចិត្ត ព្រោះក្រែងលោបែកការ។ ដូច្នេះហើយ អ្នកអាចធ្វើការសង្កេតលើភ្នែកដៃគូសន្ទនារបស់អ្នក ប្រសិនបើ មានចលនាក្រឡេបក្រឡាប់ ខុសពីធម្មតា មានន័យថា មានអ្វីមិនស្រួលហើយ ឬ អាចនិយាយបានថា កំពុងនិយាយកុហក។
២) ញ័រ ឬ បែកញើស
មិនមែនមានតែភ្នែកក្រឡេបក្រឡាប់នោះទេ ដែលអ្នកអាចសម្គាល់ថា មនុស្សណាម្នាក់និយាយកុហក ពោលគឺ មានចំណុចជាច្រើនផ្សេងទៀតដែលអ្នកអាចធ្វើការស្គាល់។ ក្នុងពេលនិយាយគ្នាអំពីអ្វីមួយ អ្នកអាចសង្កេតមើល ថាតើមាន បែកញើស ឬ ញ័រដៃដែរឬទេ។ បើឃើញស្ថានភាពបែបនេះ អ្នកអាចធ្វើការវាយតម្លៃបានភ្លាមថា ពាក្យសម្ដីដែលនិយាយនោះ ប្រាកដជាមានបញ្ហាអ្វីមួយ បើមិនដូច្នោះទេ ហេតុអ្វីត្រូវភិតភ័យដល់ថ្នាក់ បើកញើស ឬ ញ័រដៃ។
៣) ព្យាយាមនិយាយពិស្ដារ ខុសពីធម្មតា
ដើម្បីឲ្យអាចកុហកនរណាម្នាក់បាន មនុស្សមួយចំនួនតែនឹកគិតជាច្រើនលើកច្រើនសា ដើម្បីត្រៀមលើកហេតុផលអ្វីក៏ដោយ ធ្វើយ៉ាងណាឲ្យគេជឿជាក់មកលើខ្លួន។ ជាមួយគ្នានោះ អ្នកអាចគិតលើពាក្យសម្ដីរបស់ដៃគូរឲ្យបានម៉ត់ចត់ ជាពិសេសនៅពេលដែលពួកគេទាំងនោះព្យាយាមពន្យល់អ្វីមួយយ៉ាងពិស្ដារខុសពីធម្មតា ជាពិសេសនោះនិយាយលើកហេតុផលយ៉ាងណា ដើម្បីឲ្យអ្នកជឿជាក់។ បើឃើញស្ថានភាពបែបនេះ សូមកុំអាលជឿដោយងាយឲ្យសោះ ហើយត្រូវទុកពេលវេលាគ្រប់គ្រាន់ដើម្បី ត្រិះរិះឲ្យល្អ មុននឹងសម្រេចចិត្តធ្វើអ្វីមួយ ព្រោះបើមិនដូច្នោះទេ អ្នកអាចនឹងត្រូវបានគេកុហកបោកប្រាស់មិនខាន។
៤) ហេតុផលអត់ស៊ីសង្វាក់
ថ្វីត្បិតតែ មុនពេលនរណាម្នាក់ធ្វើការនិយាយកុហកទៅកាន់អ្នកដទៃ ពួកគេត្រៀមហេតុផលជាច្រើនក្តី ក៏ប៉ុន្តែហេតុផលទាំងនោះ នឹងមិនអាចស៊ីសង្វាក់គ្នានោះទេ ប្រសិនអ្នកព្យាយាមសួរដេញដោលឲ្យបានច្រើនតាមតែអាចធ្វើទៅបាន។ នៅពេលនិយាយកុហក មនុស្សម្នាក់ៗតែងនិយាយអ្វីឲ្យគេជឿ ប៉ុន្តែគេមិនអាចនិយាយលើកហេតុផលល្អគ្រប់ពេលនោះឡើយ ពោលគឺកំហុសប្រាកដជាកើតឡើង។ នៅពេលដែលឃើញថា ពាក្យសំដីដែលពួកគេនិយាយ ហាក់ដូចជា មិនសូវសមស្របគ្នាសោះ ជាពិសេសនៅពេលអ្នកសួរត្រឡប់ចុះឡើងនោះ មានន័យថា ប្រាកដជាមានអ្វីមិនស្រួល ដូច្នេះមិនត្រូវជឿលើការនិយាយលួងលោមទាំងនោះឡើយ៕
0 comments:
Post a Comment