គន្លឹះ៥យ៉ាងនេះ ធានា​ថា​​អាច​ជួយ​ឲ្យ​អ្នក​សប្បាយចិត្ត​នៅ​កន្លែង​ធ្វើការ​បាន​!



ជា​ធម្មតា​ទេ ការងារ​ប្រចាំថ្ងៃ​តែង​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​មាន​អារម្មណ៍​ថា ស្មុគស្មាញ​ និង តានតឹង​ក្នុងចិត្ត ប្រការ​នេះ​ធ្វើ​ឲ្យ​ប្រសិទ្ធភាព​នៃ​ការងារ​ចុះ​អន់ខ្សោយ​។ ការ​មិន​សប្បាយចិត្ត​នេះ បណ្តាល​មកពី​កត្តា​ច្រើន​យ៉ាង​ ដូចជា ការងារ​លំបាក​ពេក ការ​មិន​ចុះសម្រុង​ជា​មួយ​អ្នកដទៃ​ ឬ ទីកន្លែង​ធ្វើការ​មិនសូវ​អំណោយ​ផល​ជាដើម។​ ដូច្នេះហើយ​ ក្នុង​បញ្ចៀស​បញ្ហា​ទាំង​អស់​នេះ ​យើង​ត្រូវតែ​មាន​វិធីសាស្ត្រ​មួយ​ចំនួន ដើម្បី​អាច​ធ្វើ​ឲ្យ​អារម្មណ៍​មាន​ភាព​រីករាយ​ នៅ​កន្លែង​ធ្វើ​ការ​។

ខាងក្រោម​នេះ គឺ​ជា​គន្លឹះ​មួយចំនួន​ដែល​ធ្វើ​ឲ្យ​អ្នក​ មាន​អារម្មណ៍​ថា សប្បាយ​រីករាយ​នៅ​កន្លែង​ធ្វើ​ការ​របស់​ខ្លួន៖

១) ដាក់​កូន​​រុក្ខជាតិ​​នៅ​តុ​ធ្វើការ
ជា​ការ​ពិត​ណាស់​ថា មនុស្ស​ម្នាក់ៗ​ពិត​ជា​ត្រូវ​ការ​រស់​នៅ​ជា​មួយ​ធម្មជាតិ​ ដើម្បី​ឲ្យ​មាន​សុខភាព​ល្អ និង អារម្មណ៍​ប្រសើរ។ ប៉ុន្តែ​ ដោយសារ​តែ​នា​ពេល​បច្ចុប្បន្ន​នេះ​ មនុស្ស​ភាគ​ច្រើន​រស់នៅ​ក្នុង​ទីក្រុង ហើយ​ធ្វើការ​ក្នុង​ការិយាល័យ​ជាច្រើន​ម៉ោង ដូច្នេះ​ហើយ​គ្មាន​ពេលណា​ដើម្បី​ចំណាយ​ពេល​ជាមួយ​ធម្មតា​ជាតិ​នោះ​ឡើយ។ ថ្វីបើ​បែប​នេះ​ក្តី យើង​ក៏​អាច​កែច្នៃ​បាន​ដែរ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​​​។

ចំពោះ​ការ​ធ្វើការ​នៅ​ការិយាល័យ តាមរយៈ​ការ​​លម្អ​កូន​រុក្ខជាតិ​តូចៗ​នៅ​លើ​តុ​ធ្វើការ​ ព្រោះ​រុក្ខជាតិ​បៃតង​ពិតជា​ អាច​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ស្រស់ថ្លា​ និង អាច​កាត់​បន្ថយ​​នូវ​អារម្មណ៍​តប់ប្រមល់​ជាច្រើន​ដែល​បណ្តាល​មកពី​ការងារ។ ហេតុដូច្នេះហើយ​បាន​ជា​ នៅ​តាម​ការិយាល័យ​ ជាច្រើន​ខ្វះ​រុក្ខជាតិ​តូច​ទាំងនោះ​ឡើយ។

២) ពង្រឹង​ចំណង​មិត្តភាព​
ចំណុច​សំខាន់​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ធុញទ្រាន់​ចំពោះ ការងារ​របស់​ខ្លួន​ក៏ដោយសារតែ នៅ​កន្លែង​ធ្វើការ​ មិន​មាន​ទំនាក់ទំនង​ល្អ​ជា​មួយ​នឹង​បុគ្គលិក​ផ្សេងទៀត ឬ គ្មាន​ការ​សាមគ្គី​គ្នា។ ការ​សាមគ្គី​ពិតជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ព្រោះ គ្មាន​នរណា​ម្នាក់ អាច​ធ្វើ​ការ​គ្រប់យ៉ាង​ក្នុង​ក្រុម​ហ៊ុន​តែ​ម្នាក់ឯង​នោះ​ទេ ពោល​គឺ​ត្រូវ​ការ​ការ​ខិតខំ​ពី​បុគ្គលិក​ម្នាក់ៗ​ជា​ចាំបាច់។ ដូច្នេះហើយ ដើម្បី​ឲ្យ​ខ្លួន​អ្នក​មាន​អារម្មណ៍​ថា រីករាយ​និង​ពេញចិត្ត​នៅ​កន្លែង​ធ្វើការ​នោះ ត្រូវតែ​ចាប់ផ្តើម​សាង​ទំនាក់ទំនង​ល្អ​ជា​មួយ​អ្នក​ជុំវិញ​ខ្លួន​​។

៣) ចេះ​អត់ឱន​ខ្លួនឯង​
គ្មាន​នរណា​ម្នាក់​ ​​ចង​សាង​កំហុស​នោះ​ទេ ពោល​គឺ​សុទ្ធតែ​ចង់​ជោគជ័យ​ទាំងអស់ ប៉ុន្តែ​វា​ពិតជា​ពិបាក​ជៀស​ឲ្យ​ផុត​ពី​បញ្ហា​ផ្សេងៗ​ដែល​កើត​ឡើង​ត្រង់​ប្រការ​ណា​មួយ។ ក្នុង​ស្ថានភាព​នេះ​ ប្រសិន​បើ​អ្នក អ្នក​ស្តី​បន្ទោស​លើ​ខ្លួនឯង​ខ្លាំងពេក​នៅ​ពេល​មាន​កំហុស​អ្វី​មួយ​នោះ វា​ធ្វើ​ឲ្យ​អារម្មណ៍​តានតឹង​កាន់តែ​ខ្លាំង ហើយ​ក៏​គ្មាន​កម្លាំងចិត្ត​ណា​ទៅ​បន្តការងារ​ឲ្យ​បាន​ល្អ​ទៀត។ ដូច្នេះ ត្រូវតែ​ចេះ​អត់ឱន​ឲ្យ​ខ្លួន​ឯង​ នៅ​ពេល​សាង​កំហុស​អ្វី​មួយ​ ប៉ុន្តែ​អ្នក​ត្រូវ​ខិតខំ​ធ្វើ​វា​ឲ្យ​បាន​ល្អ​ឡើង​វិញ ​។

៤) គិត​បែប​វិជ្ជមាន
ការ​គិត​ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​មនុស្ស​ម្នាក់ៗ ព្រោះ​បើ​គិត​ថា អាក្រក់ ប្រាកដ​ណាស់​ថា អ្វីៗ​ប្រាកដ​ជា​អាក្រក់ ហើយ​បើ​គិតតែ​ល្អ អ្វីៗ​ប្រាកដ​ជា​ល្អ​មិនខាន។ ដូច្នេះ​ហើយ ​អ្នក​គួរ​តែ​ព្យាយាម​គិត​អ្វី​ដែល​វិជ្ជមាន​លើ​ការងារ​របស់​អ្នក បើ​ទោះ​បី​ជា​មាន​បញ្ហា​ជាច្រើន​កើត​ឡើង​ក្តី ព្រោះ​វា​ជា​កម្លាំងចិត្ត​ដ៏​សំខាន់​ដែល ធ្វើ​ឲ្យ​ខ្លួន​អ្នក​អាច​បន្តដំណើរ​ទៅ​មុខ​ទៀត ដើម្បី​ឈាន​ទៅ​រក​ភាព​ជោគជ័យ។ ដូច្នេះហើយ សូម​កុំ​គិត​បែប​អវិជ្ជមាន​ធ្វើ​អ្វី ផ្ទុយទៅវិញ​ត្រូវតែ​មាន​សង្ឃឹម​ក្នុង​ចិត្ត​ជា​និច្ច​ថា អ្វីៗ​ប្រាកដជា​ប្រសើរ​ឡើង បូករួម​ជាមួយ​នឹង​ការ​ខិតខំ​ប្រឹងប្រែង​យ៉ាង​អស់​ពី​សមត្ថភាព​ក្នុង​ការ​ធ្វើការងារ​នោះ។

៥) ទម្លាប់​ជួយ​ដល់​អ្នកដទៃ
បើ​ទោះបីជា មាន​ភាព​រវល់​យ៉ាង​ណា​ក៏​ដោយ តែ​អ្នក​ក៏​គួរតែ​ជួយ​សម្រួល​ការងារ​ដល់​បុគ្គលិក​ផ្សេងទៀត​ដែល​ជួប​បញ្ហា​ពិបាក​ដោះស្រាយ។ ការ​ជួយ​ដល់​អ្នកដទៃ​នេះ មិន​ត្រឹមតែ​ពង្រឹង​សាមគ្គី​ភាព​ជា​មួយ​មនុស្ស​ជុំវិញ​ខ្លួន​តែ​ម្យ៉ាង​ទេ តែ​វា​ក៏​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា សប្បាយ​ចិត្ត​ចំពោះ​ទង្វើ​ដែល​ខ្លួន​បាន​ធ្វើ​នៅ​កន្លែង​ធ្វើ​ការ​ផង​ដែរ​។ ដូច្នេះហើយ កុំ​ស្ទាក់ស្ទើរ​ក្នុង​ការ​ ជួយ​ដល់​អ្នក​ដទៃ ប្រសិន​បើ​មាន​លទ្ធភាព​ព្រោះ វា​ក៏​ជា​សេចក្តី​សុខ​យ៉ាង​សំខាន់​៕
Share on Google Plus

About TDasany

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment