ប្រជា​ពលរដ្ឋ​ទាំង​ក្មេង​ចាស់​នៅ​ភូមិ​ពោធិ៍​តូច​​ ឃុំ​កំពង់លួង​​ នាំ​គ្នា​ប្រកប​របរ​ជាង​ទង​​ធ្វើ​គ្រឿង​ប្រាក់​



អង្គុយ​ឆ្លាក់​​ក្បាច់​នៅ​លើ​ថូ​ប្រាក់​ក្បែរ​ស្តង់​ពិព័រណ៍​ ភ្នែក​ទាំង​គូ​សម្លឹង​មិន​ដាក់​​ ដៃ​ទាំង​គូ​​ប្រឹង​ឆ្លាស់​ចេញ​ជា​ក្បាច់​​ប្រកប​ដោយ​​​ការ​យក​ចិត្ត​ទុក​ដាក់ ​ខណៈ​ដែល​​មនុស្ស​​​ម្នា​​ជា​ច្រើន​ដើរ​ចេញ​​ចូល​ទៅ​មក​​​ឈរ​មើល​ពី​របៀប​ឆ្លាស់​​រូប​ដោយ​ប្រើ​ដៃ​ យុវតី​ វន ចាន់​នី​ ជា ​ជាង​ទង​វ័យ​ក្មេង​ម្នាក់​​រស់​នៅ​ក្នុង​ភូមិ​ពោធិ៍​តូច​​ ឃុំ​កំពង់​លួង​ ស្រុក​ពញាឮ​ ខេត្ត​កណ្ដាល​ដែល​តំបន់​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​ មាន​ប្រជា​ពល​រដ្ឋ​ជា​ច្រើន​គ្រួសារ​ប្រកប​របរ​ធ្វើ​ជា​ជាង​ទង​​។ ​

យុវតី​ វន ចាន់នី​​ រៀន​ចេះ​ជំនាញ​នេះ​ពី​​ឪពុក​ម្ដាយ​របស់​ខ្លួន​។​ ប្អូន​ស្រី​ វន ចាន់​នី​​ ប្រាប់​ថា​៖«ខ្ញុំ​​ចេះ​ជំនាញ​នេះ​​ពី​ឪពុក​ម្ដាយ​របស់​ខ្ញុំ​ រួច​ទៅ​ខ្ញុំ​រៀន​ពី​គាត់​ ខ្ញុំ​ចេះ​ ឆ្លាស់​តាំង​ពី​​ខ្ញុំ​អាយុ​៨​ឆ្នាំ​មក​ម្លេះ​​»។

ប្អូន​ស្រី​ឱ្យ​ដឹង​ទៀត​ថា ​ប្រជា​ពលរដ្ឋ​មិន​ថា​ ក្មេង​ឬ​ចាស់​ទេ​ សុទ្ធ​តែ​ចេះ​ឆ្លាស់​​ ដោយ​​ចម្លាក់​គ្រឿង​ប្រាក់​ទាំង​នេះ​នៅ​ពេល​ធ្វើ​រួច​​ ត្រូវ​បាន​​​ឈ្នួញ​​កណ្ដាល​ប្រមូល​ទិញ ​​ឬ ត្រូវ​បាន​​​​មន្ត្រី​រាជការ​កុម្ម៉ង់​ទិញ​​។ ​ប្អូន​ស្រី ​ចាន់​នី ​ថា​ ៖«នៅ​ពេល​​យើង​ធ្វើ​ហើយ​មាន​ឯកឧត្តម​ លោក​ជំទាវ​គេ​កុម្ម៉ង់​​ទិញ​​ គាត់​​ទិញ​យក​ទៅ​ដាក់​តាំង​នៅ​ក្នុង​ផ្ទះ​ឬ​យក​ទៅ​ប្រគេន​ព្រះ​សង្ឃ​» ។​

​អ្នក​គ្រប់​គ្រង​សិប្បកម្ម​ គ្រឿង​ប្រាក់​​​រស់​នៅ​ក្នុង​ភូមិ​ពោធិ៍​តូច​ឃុំ​កំពង់​លួង​​អ្នក​ស្រី​ វ៉ាន់ ម៉ារ៉ាឌី ​​ឱ្យ ​The BNEWS ដឹង​ថា ​ឧបករណ៍​ និង​​​សម្ភារៈ​​គ្រឿង​ប្រាក់​ផ្សេង​ៗទៀត​​ ត្រូវ​បាន​កែ​ច្នៃ​​ជា​លក្ខណៈ​គ្រួសារ​ ដោយ​ពួក​គាត់​បាន​ចេះ​ជំនាញ​នេះ​តៗ​គ្នា​តាំង​ពី​ដូនតា​រៀង​មក​។ ​អ្នក​ស្រី​ វ៉ាន់​ ម៉ារ៉ាឌី ​៖ «ប្រជាពលរដ្ឋ​នៅ​ភូមិ​ពោធិ៍​តូច​ ឃុំ​កំពង់​លួង​ហ្នឹង​គាត់​ធ្វើ​ជា​លក្ខណៈ​គ្រួសារ ដោយ​គាត់​ចេះ​ជំនាញ​នេះ​ត​ៗ​គ្នា គាត់​ធ្វើ​បាន​តិច​ឬ ច្រើន​អាស្រ័យ​ទៅ​លើ​សមាជិក​គ្រួសារ​​នីមួយ​ៗ» ។

អ្នក​ស្រី​បន្ថែម​ទៀត​ថា​ ផលិត​ផល​​គ្រឿង​ប្រាក់​ទាំង​នេះ​គេ​​យក​ទៅ​បោះ​លក់​នៅ ​ផ្សារ​​ថ្មី​​ ផ្សារ​ទួល​ទំពូង​ និង​ដឹក​យក​លក់​នៅ​ខេត្ត​សៀមរាប​​​ជា​ដើម​។ ក្រៅ​ពី​អតិថិជន​ខ្មែរ​ក៏​មាន​​អតិថិជន​បរទេស​ផង​ដែរ​ ដែល​ពួក​គេ​​ទិញ​​​គ្រឿង​ប្រាក់​​ទាំង​នេះ​ យក​ទៅ​ស្រុក​កំណើតវិញ​។

នៅ​រដូវ​កាល​មាន​កម្មវិធី​បុណ្យ​ទាន​ផ្សេង​ៗ​ផលិត​ផល​​គ្រឿង​ប្រាក់​ទាំង​នេះ​លក់​ដាច់​ច្រើន​ដោយ​អ្នក​ខ្លះ​ទិញ​​យក​ទៅ​ប្រើ​ប្រាស់​ និង​ខ្លះ​ទៀត​ទិញ​យក​​ទៅ​ធ្វើ​ជា​កាដូ​អនុស្សាវរីយ៍​ជា​ដើម​​ ដោយ​ឡែក​នៅ​រដូវ​ភ្លៀង​វិញ​ ការ​លក់​ក៏​មិន​សូវ​ជា​ដាច់​ប៉ុន្មាន​ដែរ​។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ប្រភព​ខាង​លើ​។

អ្នក​ស្រី​ឱ្យ​ដឹង​ផង​ដែរ​ថា​ នៅ​តាម​គ្រួសារ​នីមួយ​ៗ​ជំនាញ​នៃ​ការ​ចេះ​ឆ្លាស់​មិន​ដូច​គ្នា​ទេ​ គ្រួសារ​ខ្លះ​ចេះ​ធ្វើ​ផ្តិល​ រូប​ផ្លែ​ឈើ និង​គ្រួសារ​ខ្លះ​ទៀត​ចេះ​ធ្វើ​​រូប​សត្វ​ ។ អ្នកស្រី​ ម៉ារ៉ាឌី​ ថា​៖«មួយ​គ្រួសារ​ធ្វើ​ផ្តិល​ មួយ​គ្រួសារ​ទៀត​ធ្វើ​រូប​ផ្លែ​ឈើ​ និង​ខ្លះ​ទៀត​ធ្វើ​ជា​រូប​សត្វ​ដំរី​ ឬ ត្រី​អញ្ចឹង​ទៅ​» ។

​​​​​​​ប្រធាន​សមាគម​សិប្បកម្ម​ភូមិ​ចម្លាក់​ប្រាក់​ អ្នក​ស្រី​ដេន​ ម៉ាស់​ ក៏​ឱ្យ ដឹង​ស្រដៀងគ្នា​​នេះ​ដែរ​ពី​ការ​ប្រកប​របប​ជាង​ទង​របស់​អ្នក​ស្រុក​កំពង់​លួង​ អ្នក​ស្រី​ថ្លែង​ថា ​​​ប្រជាពលរដ្ឋ​​ស្ទើរ​តែ​គ្រប់​គ្រួសារ​នៅ​ភូមិ​ពោធិ៍​តូច​នាំ​គ្នា​ប្រកប​មុខ​របប​ធ្វើ​ជា​ជាង​ប្រាក់​នេះ​តាំង​ពី​យូរ​យាន​ណាស់​មក​ហើយ ​​​​ដែល​វត្ថុធាតុ​ដើម​​​យក​ផលិត​គ្រឿង​ប្រាក់​ទាំង​នេះ​​គឺ​មាន​នៅ​ក្នុង​​ទីផ្សារ​និង​ប្រមូល​ទិញ​ពី​អ្នក​លក់​អេដ​ចាយ​។

​អ្នក​ស្រី​ ដេន​ ម៉ាស់​ មាន​ប្រសាសន៍​ថា ៖«​ភាគ​ច្រើន​គេ​ទិញ​ពី​អេដ​ចាយ​មក​ អា​ខ្សែ​ភ្លើង​អី លួស​ខ្សែ​ភ្លើង​កា​ចេរ​កា​ចាស់​អី​ហ្នឹង គេ​យក​មក​រំលាយ​ចាក់​កិល​ហើយ​គេ​មាន​រោង​ម៉ាស៊ីន​មួយ​នៅ​ក្នុង​ភូមិ​សម្រាប់​ស្ល​លក់​ឱ្យ​យើង​»។

​អ្នក​ស្រី​បន្ថែម​ទៀត​ថា​សម្រាប់​ការ​ផ្គត់​ផ្គង់​ទៅ​កាន់​ទីផ្សារ​គឺ​មិន​ទាន់​បាន​គ្រប់​គ្រាន់​នៅ​ឡើយ​នុះ​ទេ​ដោយ​សារ​សិប្បកម្ម​នេះ​​ធ្វើ​ជា​លក្ខណៈ​គ្រួសារ​ និង​ធ្វើ​ដោយ​ដៃ។​ ទាក់​ទង​ទៅ​ប្រាក់​ចំណូល​សម្រាប់​ដែល​ចេះ​ជំនាញ​នេះ ​អ្នក​ស្រី​ថ្លែង​ដូច្នេះ​ថា​៖«សម្រាប់​អ្នក​ដែល​ចេះ​តំឡើង​ជា​រូប ​​ក្នុង​មួយ​ខែ​មនុស្ស​ម្នាក់​អាច​រក​ចំណូល​បាន​ពី ​១០០ ទៅ ​២០០​ដុល្លារ​អាមេរិក ចំណែក​អ្នក​ចេះ​ឆ្លាស់​អាច​រក​ចំណូល​ខ្ពស់​បំផុត​ត្រឹម ​១០០​ដុល្លារ​ក្នុង​មួយ​ខែ ប៉ុន្តែ​អ្នក​ដែល​ចេះ​ឆ្លាស់​ស្អាត​មែន​ទែន​ទើប​គេ​ទទួល​បាន​ប្រាក់​ចំណូល​ច្រើន​ជា​នេះ​»។​

អ្នក​ស្រី​ ដេន​ ម៉ាស់​ ក្រៅ​ពី​ធ្វើ​ជា​អ្នក​តម្លើង​គ្រឿង​ប្រាក់​ អ្នក​ស្រី​ក៏​ជា​ឈ្មួញ​កណ្ដាល​ផង​ដែរ​ ដែល​ក្នុង​មួយ​ខែ​អ្នក​ស្រី​អាច​រក​ចំណូល​បាន​រាប់​ពាន់​ដុល្លារ​ពី​ការ​លក់​គ្រឿង​ប្រាក់​ទាំង​នេះ​៕​
Share on Google Plus

About TDasany

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment