១៩ វិច្ឆិកាម្សិលមិញនេះ ជាថ្ងៃគម្រប់២០ឆ្នាំ នៃការក្លាយជាអ្នកចាំទីអាជីពរបស់ Gianluigi Buffon។ ទោះឈានដល់វ័យ៣៧ឆ្នាំទៅហើយក្ដី ក៏ Buffon នៅតែជាអ្នកចាំទីកំពូលរបស់អ៊ីតាលី មិនទាន់មានអ្នកជំនួសបាននៅឡើយ។ តើអាជីព២០ឆ្នាំកន្លងមក អ្នកចាំទីដ៏អស្ចារ្យរបស់ពិភពលោករូបនេះ បានប្រវត្តិបែបណា?
ចាប់កំណើតក្នុងគ្រួសារឈាមជ័រអ្នកកីឡា
Buffon បានកើតថ្ងៃ២៨ មករា ១៩៧៨ ក្នុងគ្រួសារអត្តពលិកអ៊ីតាលី ដោយមានម្ដាយឈ្មោះ Maria Stella ជាកីឡាការិនីចោលដុំដែក ឯឪពុកឈ្មោះ Adriano ជាកីឡាករលើកទម្ងន់។ បងប្អូនស្រី២នាក់របស់ Buffon ឈ្មោះ Vorenica និង Guendalina ក៏ជាកីឡាការិនីបាល់ទះជម្រើសជាតិអ៊ីតាលី ចំណែកពូបង្កើត Dante Masocco គឺជាកីឡាករបាល់បោះក្នុងលីកបាល់បោះ Serie A1 និងក្រុមជម្រើសជាតិអ៊ីតាលី។ មិនត្រឹមតែប៉ុណ្ណោះទេ វីរបុរសអ្នកចាំទីអ៊ីតាលី Lorenzo Buffon ក៏ជាបងប្អូនជីដូនមួយជាមួយជីតារបស់ខ្លួនផងដែរ។
Buffon ពីកុមារភាព ជាមួយម្ដាយ
ចាប់ផ្ដើមលេងបាល់ក្នុងឈុតយុវជន ជាខ្សែបម្រើ
Buffon បានចាប់ផ្ដើមលេងបាល់ទាត់ក្នុងឈុតយុវជន Parma ក្នុងឆ្នាំ១៩៩១ ក្នុងអាយុ១៣ឆ្នាំ។ អំឡុងពេលលេងឲ្យក្រុម Academy របស់ Parma នោះ Buffon លេងក្នុងតំណែងជាច្រើន (ក្រៅពីចាំទី) ជាពិសេសគឺជាខ្សែបម្រើ។ ដោយសារតែអ្នកចាំទីអ៊ីតាលី Thomas K’Kono បានលេងយ៉ាងល្អនៅ World Cup ឆ្នាំ១៩៩០ ធ្វើឲ្យ Buffon ចាត់ទុកជា idol ហើយក៏មានចិត្តចង់ផ្លាស់ទៅធ្វើអ្នកចាំទីដូច idol របស់ខ្លួនដែរ។
ចៃដន្យមានពេលមួយ អ្នកចាំទីទាំង២ក្នុងក្រុមយុវជន Parma បានរងរបួស ធ្វើឲ្យ Buffon ត្រូវបានគ្រូបង្វឹកជ្រើសធ្វើជាអ្នកចាំទី ដោយមើលឃើញចំណង់ចំណូលចិត្តរបស់គេ រួមទាំងកម្ពស់ និងកាយសម្បទាអំណោយផល។ ដោយសារតែចិត្តស្រលាញ់ រូបគេបានស៊ាំនឹងតំណែងថ្មីយ៉ាងលឿន ហើយត្រឹមរយៈពេល២សប្ដាហ៍ គ្រូបង្វឹកបានដាក់ឲ្យគេក្លាយជាអ្នកចាំទីដៃទី១តែម្ដង។
ឆ្នាំ១៩៩៤ Buffon ត្រូវគ្រូបង្វឹក ហៅឲ្យចូលហាត់ជាមួយក្រុមឈុតធំ មុនក្លាយជាកីឡាករឈុតធំរបស់ Parma នៅឆ្នាំ១៩៩៥ ក្នុងអាយុ១៧ឆ្នាំ។ Buffon បានលេងប្រកួតដំបូងក្នុងលីកកំពូលអ៊ីតាលី Serie A នាថ្ងៃទី១៩ វិច្ឆិកា ១៩៩៥ ដោយអាចរក្សា clean sheet (មិនឲ្យគេទាត់ចូល) ក្នុងប្រកួតនោះ ពោលគឺស្មើ ០-០ ទល់នឹងជើងឯកអ៊ីតាលី AC Milan ដោយអាចសង្រ្គោះបាល់ពីការស៊ុតរបស់កីឡាករខ្លាំងៗនាពេលនោះ ដូចជា Roberto Baggio, George Weah និង Marco Simone ជាដើម។ ក្រោយប្រកួតនោះ Buffon បានបង្ហាញខ្លួន៧ប្រកួតទៀតឲ្យក្រុមឈុតធំ ក្នុងរដូវកាលនោះ ដោយ Parma ឈរលេខ៦ អាចជាប់ទៅលេង UEFA Cup (បច្ចុប្បន្ន Europa League)។
រដូវកាលទី២ ក្លាយជាអ្នកចាំទីដៃទី១របស់ Parma ល្បីពេញអ៊ីតាលី
រដូវកាល ១៩៩៦-១៩៩៧ ជារដូវកាលទី២របស់ Buffon ក្នុងក្រុមឈុតធំរបស់ Parma ហើយរូបគេអាចក្លាយជាអ្នកចាំទីដៃទី១ទាំងវ័យក្មេង រុញច្រើន Luca Bucci និង Alessandro Nista ទៅកៅអីបម្រុង។ Parma បានឈរលេខ២ក្នុងរដូវកាលនោះ នៅពីក្រោមក្រុមជើងឯក Juventus ហើយបានជាប់ទៅលេងនៅ UEFA Champions League។ Buffon បានរបូតគ្រាប់បាល់តែ១៧គ្រាប់ប៉ុណ្ណោះក្នុង២៧ប្រកួត ដែលធ្វើឲ្យគេចាប់អារម្មណ៍យ៉ាងខ្លាំងនៅអ៊ីតាលី។
ឈ្នះពាន២ក្នុងរដូវកាលទី៤ និងជាប់ជា Goalkeeper of the Year លើកដំបូង
១៩៩៨-១៩៩៩ Buffon បានជួយឲ្យ Parma ឈ្នះពានអឺរ៉ុបលើកដំបូង គឺពាន UEFA Cup ដោយរក្សា clean-sheet ក្នុងប្រកួតផ្ដាច់ព្រ័ត្រ ឈ្នះ Marseille ៣-០។ មិនត្រឹមតែប៉ុណ្ណោះទេ Parma ក៏បានឈ្នះពាន Coppa Italia ផងដែរ ប៉ុន្តែជាប់លេខ៤នៅ Serie A។ ទម្រង់លេងដ៏លេចធ្លោ បានធ្វើឲ្យ Buffon ឈ្នះពានអ្នកចាំទីល្អបំផុត ឬ Goalkeeper of the Year ជាលើកដំបូង និងពាន Bravo Award (ពានសម្រាប់កីឡាករល្អបំផុតទាំង២៣ប្រចាំអឺរ៉ុប) ផងដែរ។ ក្រៅពីនេះ Buffon ក៏ឈរទី៥ក្នុងបញ្ជីអ្នកចាំទីល្អបំផុតក្នុងលោកនាពេលនោះ IFFHS World’s Best Goalkeeper និងជាប់ជាបេក្ខភាពមួយរូបដើម្បីដណ្ដើមពាន Ballon d’Or ថែមទៀតផង។
រដូវកាលបន្ទាប់ Buffon បានជួយ Parma ឈ្នះពាន១ទៀតគឺ Supercoppa Italiana ក្រោយយកឈ្នះក្រុមខ្លាំង AC Milan។
ក្លាយជាអ្នកចាំទីថ្លៃបំផុតក្នុងលោក ពេល Juventus ទិញយកពី Parma
មុនចាប់ផ្ដើមរដូវកាល ២០០១-២០០២ ដោយមើលឃើញភាពខ្លាំងរបស់ Buffon ក្រុមយក្សអ៊ីតាលី Juventus បានចំណាយលុយដល់ទៅ ៣២,៦លានផោន (ជិត៥០លានដុល្លារ) ទិញរូបគេពី Parma ដែលជាតម្លៃនៃការទិញដូរថ្លៃបំផុតមួយក្នុងលោក និងជាតម្លៃថ្លៃបំផុតរបស់ Juventus នាពេលនោះ។ នៅពេលនោះ Roma និង Barcelona ក៏ចង់បានដែរ ប៉ុន្តែ Buffon ជ្រើសយក Juventus ដោយសារការជម្រុញពីឪពុករបស់ខ្លួន។
ក្រោយចូលក្រុមថ្មីភ្លាម Buffon បានពាក់អាវលេខ១ ក្លាយជាអ្នកចាំទីដៃទី១ ជំនួសអ្នកចាំទីហូឡង់ Edwin van der Sarដែលក្លិបលក់ទៅឲ្យ Fulham។
រយៈពេលជាង១៤ឆ្នាំនៅ Juventus អ្នកចាំទីកម្ពស់ ១,៩១ម៉ែត្រ បានឈ្នះពានរង្វាន់ជាច្រើន ក្នុងនោះមាន Serie A ៦ដង, Serie B ម្ដង (ពេល Juventus ត្រូវនិន័យទៅលេង Serie B), Coppa Italia ម្ដង, Supecoppa Italiana ៥ដង, និងជាជើងឯករង UEFA Champions League ២ដងផងដែរ។
ជាប់ជម្រើសជាតិគ្រប់លំដាប់អាយុតាំងពី U-15 ដល់ U-23 និងចូលឈុតធំត្រឹមអាយុ១៩ឆ្នាំ
Buffon បានលេងឲ្យជម្រើសជាតិអ៊ីតាលី ក្នុងគ្រប់លំដាប់អាយុ ទាំង U-15, U-16 រហូតដល់ U-23។ នៅថ្ងៃ២៩ តុលា ១៩៩៧ Buffon បានចូលលេងឲ្យជម្រើសជាតិឈុតធំអ៊ីតាលីលើកដំបូងក្នុងអាយុត្រឹម១៩ឆ្នាំ ក្រោមការបង្វឹករបស់លោក Cesare Maldini អំឡុងការប្រកួតជម្រុះ World Cup ឆ្នាំ១៩៩៨ ទល់នឹងក្រុមរុស្ស៊ី។ Buffon បានប្ដូរចូលលេង នៅពេលអ្នកចាំទីដៃទី១រងរបួសពេលប្រកួត។ រូបគេបានជួយសង្រ្គោះបាល់ជាច្រើននៅលើទីលានពោរពេញដោយទឹកកក ជាលទ្ធផលស្មើគ្នា ១-១ ខណៈ១គ្រាប់របស់ម្ចាស់ផ្ទះរុស្ស៊ី គឺជាការធ្វើឲ្យចូលទីខ្លួនឯងរបស់ Fabio Cannavaro។
នៅក្នុងក្រុមជម្រើសជាតិ Buffon បានជួយឲ្យអ៊ីតាលីឈ្នះពានរង្វាន់ពិភលោក FIFA World Cup ឆ្នាំ២០០៦។ ក្រៅពីនេះ អ៊ីតាលីក៏បានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ Euro ឆ្នាំ២០១២ និងបានមេដាយសំរឹទ្ធ FIFA Confederations Cup ឆ្នាំ២០១៣ផងដែរ។
ពានផ្ទាល់ខ្លួន និងកំណត់ត្រាច្រើនមិនគួរឲ្យជឿ
ក្នុងអាជីព២០ឆ្នាំមកនេះ Buffon ឈ្នះពានផ្ទាល់ខ្លួនជាច្រើន ចំណែកកំណត់ត្រាវិញក៏ច្រើនដែរ។ ពានគួរឲ្យកត់សម្គាល់ គឺពានអ្នកចាំទីល្អបំផុតនៅ Serie A ៩ដង, ពានអ្នកចាំទីល្អបំផុតក្នុងលោក ៤ដង, ពានអ្នកចាំទីល្អបំផុតក្នុង២៥ឆ្នាំចុងក្រោយ, ពានអ្នកចាំទីល្អបំផុតប្រចាំសតវត្សទី២១, ពានអ្នកចាំទីល្អបំផុតទ្វីបអឺរ៉ុប ម្ដង, ពាន FIFPro World XI ២ដង និងពានជាច្រើនទៀត។
ចំណែកកំណត់ត្រាវិញ រួមមានដូចជា៖ កីឡាករចូលលេងឲ្យជម្រើសជាតិអ៊ីតាលីច្រើនដងជាងគេ (១៥៤ដង), អ្នកចាំទីរក្សា clean-sheet ច្រើនជាងគេក្នុងមួយរដូវ World Cup (ស្មើអ្នកចាំទី៥នាក់ទៀត), អ្នកចាំទីតែម្នាក់ក្នុងលោក ដែលអាចឈ្នះពាន UEFA Club Footballer of the Year (២០០៣), អ្នកចាំទីថ្លៃបំផុតក្នុងលោក និងកំណត់ត្រាជាច្រើនទៀត។
ជីវិតផ្ទាល់ខ្លួន
Buffon បានរៀបអាពាហ៍ពិពាហ៍ជាមួយតារាម៉ូដែលឆេក Alena Seredova ក្នុងខែមិថុនា ឆ្នាំ២០១១ ក្រោយរស់នៅជាមួយគ្នាតាំងពីឆ្នាំ២០០៥។ ពួកគេមានកូន២នាក់ គឺ Louis Thomas (កើតឆ្នាំ២០០៧) និង David Lee (កើតឆ្នាំ២០០៩)។ ខែឧសភា ២០១៤ Buffon បានប្រកាសថាបានលែងលះភរិយា ក្រោយរៀបការបាន៣ឆ្នាំ។ ថ្មីៗនេះ បានទាក់ទងពិធីការិនីកីឡា Ilaria D’Amico ហើយថែមទាំងបានប្រកាសថានឹងមានកូនឆាប់ៗខាងមុខផងដែរ។
សម្រាប់ប្រិយមិត្ត គិតថា Buffon ជាអ្នកចាំទីដ៏អស្ចារ្យម្នាក់ក្នុងប្រវត្តិសាស្រ្ដបាល់ទាត់ដែរឬទេ?
0 comments:
Post a Comment