ជារៀងរាល់ថ្ងៃ តើលោកអ្នកបានធ្វើអ្វីខ្លះដើម្បីធ្វើឲ្យអាជីវកម្មរបស់លោកអ្នកលូតលាស់ទៅមុខ? នេះជាចម្ងល់មួយដែលលោកអ្នកចង់ដឹង ខណៈដែលឆ្នាំថ្មីឆ្នាំ ២០១៦ ក៏ខិតជិតមកដល់ និងជាអ្វីដែលលោកអ្នកចង់បានលទ្ធផលមួយដ៏គាប់ប្រសើរផងដែរនៅក្នុងឆ្នាំថ្មី។ សាកល្បងមើលគន្លឹះខ្លីៗចំនួន៥ ខាងក្រោមនេះដើម្បីជួយលោកអ្នកដោះស្រាយបញ្ហានេះឲ្យកាន់តែប្រសើរឡើង។
១) ផ្ដោតលើការងារដែលអ្នកត្រូវធ្វើនៅក្នុងថ្ងៃនេះ
វាជារឿងមួយខុសឆ្គងដែលអ្នកបានប្រើពេលពេញមួយថ្ងៃដើម្បីនឹកមមៃពីអ្វីដែលអ្នកត្រូវធ្វើនៅថ្ងៃនេះ។ ប៉ុន្តែ វាជារឿងមួយត្រឹមត្រូវបើអ្នកបានរៀបចំធ្វើគម្រោងការងារមួយសម្រាប់ធ្វើនៅថ្ងៃនេះ ជាពិសេសគឺចាប់ផ្តើមធ្វើការងារនោះនៅព្រឹកព្រលឹមនឹងធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ និង ប្រកបដោយថាមពលទៀតផង។ សមាធិ គឺជាវិធីសាស្ត្រដ៏ល្អមួយធ្វើឲ្យអ្នកចេះរៀនគ្រប់គ្រងអារម្មណ៍ខ្លួនឯងឲ្យមូលផ្តោតលើអ្វីដែលអ្នកចង់ធ្វើបានល្អប្រសើរបំផុត។
២) ពិនិត្យមើលការអនុវត្តការងារប្រចាំថ្ងៃ
គម្រោងការងារដែលធ្វើឡើងច្បាស់ណាស់ដែរថា អ្នកត្រូវបង្កើតវាឡើងដើម្បីសម្រេចគោលដៅអ្វីមួយនៅក្នុងថ្ងៃនេះ សប្ដាហ៍ក្រោយ ឬ ឆ្នាំនេះជាដើម។ ដូច្នេះហើយក្នុងចំណុចនេះទាមទារឲ្យអ្នកត្រូវតាមដានសកម្មភាពអនុវត្តគម្រោងការងាររបស់អ្នកថា តើវាបានសម្រេចដល់កម្រិតណា? ឆ្លើយតបទៅនឹងគោលដៅដែលចង់បានហើយឬនៅ? នៅខ្វះចំណុចណាខ្លះ? តើអ្វីទៅជាបញ្ហាប្រឈមមុខក្នុងការអនុវត្តគម្រោងការងារទាំងនោះ? សំនួរទាំងនេះនឹងជួយបង្ហាញផ្លូវអ្នកធ្វើឲ្យគម្រោងការងាររបស់អ្នកត្រូវបានអនុវត្តឆ្ពោះទៅកាន់គោលដៅដែលអ្នកចង់បាន។
៣) ធ្វើឲ្យជីវកម្មរបស់អ្នកដើរឲ្យទាន់បរិបទសាកលលោកជានិច្ច
សំនួរមួយដែលអ្នកគួរដឹងនៅពេលនេះនោះគឺថា តើអាជីវកម្មរបស់អ្នកបានដើរតាមបរិបទសាកលលោកដែរឬទេ? បើអ្នកពិនិត្យឃើញថា វាហាក់មិនមានការវិវិត្តណាមួយគួរឲ្យកត់សម្គាល់នោះទេ អ្នកត្រូវធ្វើឲ្យវាកាន់តែទំនើបឡើងជាប្រចាំ ឧស្សាហ៍ពិនិត្យលើអ្វីដែលមិនដំណើរការនៅក្នុងស្ថាប័នរបស់អ្នកដើម្បីធ្វើឲ្យអាជីវកម្មរបស់ជាអាជីវកម្មក្នុងយុគសម័យបច្ចេកវិទ្យាពិតៗ។
៤) ប្រើប្រាស់បណ្ដាញសង្គមឲ្យសកម្ម
នេះជាចំណុចសំខាន់មួយទៀតដែលទាមទារឲ្យអ្នកយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុតដើម្បីពិនិត្យមើលគេហទំព័រ និង អ្វីៗដែលមាននៅក្នុងបណ្ដាញសង្គមរបស់អ្នក ដើម្បីឲ្យប្រាកដថា អ្វីៗបានដំណើរការជាប្រក្រតី។ គ្មានអ្វីមានតម្លៃស្មើនឹងអតិថិជនរបស់អ្នកបានឃើញអាជីវកម្មរបស់អ្នកនៅលើគេហទំព័រ ឬ បណ្តាញសង្គមផ្សេងៗនោះឡើយ។ បើអ្នកមានប្លុក (Blog) អ្នកអាចផ្សព្វផ្សាយពីអាជីវកម្មរបស់អ្នកយ៉ាងហោចណាស់ឲ្យបាន៣ ដងដែរក្នុងមួយសប្ដាហ៍ដើម្បីធ្វើឲ្យសាធារណជនបានស្គាល់ឈ្មោះក្រុមហ៊ុនរបស់អ្នកកាន់តែច្រើនឡើង។ បើបណ្ដាញសង្គមផ្សេងៗទៀតដូចជា Facebook ឬ Twitter ជាដើម អ្នកគួរតែឧស្សាហ៍ផុស (Post) អ្វីផ្សេងៗពីអាជីវកម្មរបស់អ្នក២ ឬ ៣ ដងក្នុងមួយថ្ងៃអាចជាជម្រើសល្អប្រសើរមួយផងដែរ។
៥) កសាងបណ្ដាញទំនាក់ទំនងកាន់តែធំឡើង
នៅពេលអ្នកដែលអ្នកប្រឡូកក្នុងអាជីវកម្ម អ្នកត្រូវកសាងបណ្តាញទំនាក់ទំនងទៅវិញទៅមកជាមួយមនុស្សផ្សេងទៀត ឬ ជាមួយអ្នករកស៊ីជាដើមដើម្បីណែនាំខ្លួនអ្នកឲ្យគេស្គាល់កាន់តែច្រើនឡើង។ Name Card គឺជាជម្រើសដ៏ល្អរបស់អ្នកដើម្បីចែកដល់បុគ្គលទាំងនោះបានស្គាល់ពីអ្នកកាន់តែច្រើនឡើង។ អ្នកអាចធ្វើសកម្មភាពនេះនៅពេលមានកម្មវិធីជួបជុំផ្សេងៗ ដូចជាកម្មវិធីជប់លៀង ពិសាអាហារជុំគ្នា សន្និសីទ ឬ នៅក្នុងវេទិកាសាធារណៈជាដើម៕
0 comments:
Post a Comment