Jurgen Klopp កំពុងមានកង្វល់ពីរបួសរបស់ Daniel Sturridge ប៉ុន្តែសាមីខ្លួនអះអាងថាអាចចូលលេងវិញបាន និងត្រៀមខ្លួនរួចរាល់សម្រាប់ប្រកួតដំបូងក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី។
ខ្សែប្រយុទ្ធវ័យ២៦ឆ្នាំបានអវត្តមានពីទីលានប្រកួតតាំងពីថ្ងៃទី១៦ ខែតុលា ដោយសាររងរបួសជង្គង់ ក្នុងអំឡុងពេលហ្វឹកហាត់ជាមួយកីឡាករ Jordon Ibe។
យ៉ាងណាក៏ដោយ Sturridge បានត្រលប់មកហ្វឹកហាត់ឡើងវិញហើយកាលពីពេលថ្មីៗ ប៉ុន្តែលោក Klopp នៅមិនទាន់ប្រាកដចិត្តថា គួរដាក់គេឲ្យលេងនៅការប្រកួតជាមួយ Manchester City ឬអត់នោះទេ។
“Sturridge បានប្រសើរហើយ បន្ទាប់ពីសម្រាកព្យាបាលរបួសមួយរយៈវែង តែពិតណាស់ គាត់មិនជា ១០០ភាគរយនោះទេ។ គាត់ជាកីឡាករមានគុណភាព ប៉ុន្តែដូចដែលគ្រប់គ្នាបានដឹង កីឡាករត្រូវការហ្វឹកហាត់។ រាប់ទាំងការហាត់ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ Sturridge ទើបតែចូលហាត់ពេញជាមួយក្រុមបាន៣ដងប៉ុណ្ណោះ នេះជាអ្វីដែលខ្ញុំត្រូវគិត”។ Klopp បានប្រាប់ដូច្នេះ។
កីឡាករ Daniel Sturridge ទើបតែលេងបាន៣ប្រកួតប៉ុណ្ណោះនៅរដូវកាលថ្មី ប៉ុន្តែបានបង្ហាញការលេងយ៉ាងល្អ ក្នុងជ័យជម្នះរបស់ Liverpool ៣-២លើ Aston Villa កាលពីថ្ងៃទី២៦ ខែកញ្ញា ដោយស៊ុតបញ្ចូលទីបាន ២គ្រាប់។
រឿងដាច់ដោយឡែកមួយទៀត កីឡាករ Steven Gerrard បានត្រលប់មកទីលានហ្វឹកហាត់ Melwood របស់ Liverpool កាលពីថ្ងៃពុធ និងបានជួបសន្ទនាលើកដំបូងជាមួយលោក Klopp។ អតីតប្រធានក្រុមជើងឯកលីកកំពូលអង់គ្លេស១៨សម័យកាលរូបនេះ នឹងហ្វឹកហាត់ជាមួយ Liverpool ដើម្បីត្រៀមសម្រាប់ ការប្រកួតមុនបើករដូវកាលថ្មីរបស់ខ្លួននៅ Major League៕
0 comments:
Post a Comment