តើ​អ្វីទៅ​​ជា​បំណុល​​រស់ (Good Debt) និង បំណុល​​​ងាប់​ (Bad Debt)?



បំណុល​ទាំងអស់​មិនមែន​សុទ្ធតែ​ធ្វើ​ឲ្យ​អ្នក​អាច​រក​ប្រាក់​ចំណេញ​បាន​កាន់តែ​ច្រើន​ជាង​មុន​នោះ​ឡើយ។ ហេតុដូច្នេះ​ហើយ​វា​ជា​ចំណុច​សំខាន់​នៅ​ទី​នេះ​ដែល​ប្រិយមិត្ត​គួរ​ស្វែង​យល់​ពី​ភាព​ខុសគ្នា​រវាង​បំណុល​រស់ ឬ បំណុល​ល្អ (Good Debt) និង បំណុល​ងាប់ ឬ បំណុល​ខូច​ (Bad Debt)​ ឲ្យ​បាន​ច្បាស់​ជា​មុន​សិន មុន​នឹង​សម្រេចចិត្ត​ថា តើ​គួរ​​ធ្វើ​ដូចម្តេច​ខ្លះ​ចំពោះ​បំណុល​​ទាំងពីរ​នេះ? ​​
បំណុល​​រស់​ ឬ បំណុល​​ល្អ​​ (Good Debt)​
បំណុល​ដែល​​ជា​ទូទៅ​ត្រូវ​បាន​គេ​ចាត់ទុក​ថា ជា​បំណុល​រស់​ ឬ ​បំណុល​ល្អ​នោះ​ គឺ​​ជា​បំណុល​ដែល​ជួយ​ជ្រោមជ្រែង​លោក​អ្នក​​ក្នុង​ការ​ផ្តល់​លទ្ធភាព​ប្រសើរ​ជាង​មុន​​សម្រាប់​យក​ទៅ​​វិនិយោគ ទិញ​អគារ ឬ អចលនទ្រព្យ​នានា​ជា​ដើម។ គេ​អាច​និយាយ​ឲ្យ​ងាយ​យល់​ជាង​​នេះ គឺ​ជា​បំណុល​ដែល​នាំ​មក​នូវ​ប្រាក់​ចំណូល​ដល់​អ្នក​​ខ្ចី និង ជួយ​ឲ្យ​​អ្នក​ខ្ចី​បាន​ប្រាក់​ចំណេញ​កាន់តែ​ច្រើន​។

ឧទាហរណ៍​ថា ​លោក​អ្នក​បាន​ខ្ចី​ប្រាក់​មួយ​ចំនួន​ដើម្បី​ទៅ​ទិញ​​លំនៅឋាន ឬ វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​។ ការ​វិនិយោគ​លើ​វិស័យ​នេះ​ត្រូវ​បាន​គេ​វាយតម្លៃ​ថា តម្លៃ​នឹង​កើន​ឡើង​ក្នុង​រយៈ​ពេល​វែង។ នៅ​ក្នុង​ករណី​នេះ​ លោក​អ្នក​អាច​មាន​លទ្ធភាព​ដោះបំណុល​ដែល​បាន​ជំពាក់​យក​មក​វិនិយោគ​​ ឬ ទិញ​ផ្ទះ​បាន​តាម​រយៈ​​ការ​យក​ប្រាក់​ដែល​បាន​ទទួល​​ពី​ថ្លៃ​ជួល​ផ្ទះ​​នោះ​ទៅ​បង់​រំលោះ។

បំណុល​ងាប់​ ឬ បំណុល​ខូច​ (Bad Debt)
ផ្ទុយ​ពី​បំណុល​រស់​ បំណុល​​ងាប់ ត្រូវ​បាន​គេ​ផ្តល់​និយមន័យ​ថា ជា​បំណុល​ដែល​ធ្វើ​​ឲ្យ​អ្នក​ខ្ចី​យក​ទៅ​​ទិញ ឬ ចំណាយ​លើ​​អចលនទ្រព្យ​ទាំងឡាយ​ណា​​ដែល​មាន​តម្លៃ​​​ធ្លាក់​ចុះ​ជា​លំដាប់​។ អាច​និយាយ​បាន​ម្យ៉ាង​ទៀត​ថា ជា​បំណុល​ដែល​មិន​ជួយ​​បង្កើន​រក​​ប្រាក់​ចំណូល​បន្ថែម ឬ ខ្ចី​ប្រាក់​​យក​ទៅ​ដោះ​បំណុល​ដែល​មាន​ស្រាប់​​។

​ប្រាក់​កម្ចី​ផ្ទាល់​ខ្លួន​សម្រាប់​យក​​ទៅ​ទិញ​សម្ភារៈ​ទំនើបៗ លំនៅឋាន​ល្អៗ ហូបចុក​តាម​តែ​អំពើ​ចិត្ត ដើរ​លេង​កម្សាន្ត​​ចាយវាយ​មិន​ចំ​ទិសដៅ ខ្ចី​ប្រាក់​ពី​កន្លែង​មួយ​ទៅ​ដោះ​បំណុល​កន្លែង​មួយ​ គឺ​ជា​ឧទាហរណ៍​ដ៏​ល្អ​ជា​កម្មវត្ថុ​នៃ​បំណុល​ងាប់​ ឬ បំណុល​​ខូច​​នេះ។ ​

តើ​បំណុល​​ងាប់​អាច​ក្លាយ​ជា​​​បំណុល​​​រស់​ដែរ​ឬទេ?
នៅ​ត្រង់​ចំណុច​នេះ​មាន​ការ​លើកឡើង​ផ្សេងៗ​គ្នា​ដោយ​អ្នក​ខ្លះ​និយាយ​ថា ​បំណុល​ងាប់​អាច​ជួយ​ឲ្យ​អ្នក​ជំពាក់​បំណុល​ចេះ​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​ខ្លួន​ និង ​កាន់តែ​ជោគជ័យ​ផ្នែក​ហិរញ្ញវត្ថុ​របស់​ខ្លួន​។ ឧទាហរណ៍​ថា ​ប្រសិន​​បើ​លោក​អ្នក​​គោរព និង ព្យាយាម​​​ដោះ​បំណុល​ជា​រៀងរាល់​ខែ​​យ៉ាង​ទៀងទាត់​បំផុត នោះ​មានន័យ​ថា​បំណុល​ដែល​ជំពាក់​នឹង​កាន់តែ​ធ្លាក់ចុះ​បន្តិច​ម្តងៗ។ យ៉ាងណាមិញ បើ​​លោក​អ្នក​ចំណាយ​មាន​​ច្រើន​ជាង​ចំណូល ហើយ​បំណុល​ក៏​មាន​ទៀត​នោះ នោះ​លោក​អ្នក​មិន​អាច​មាន​លទ្ធភាព​ដោះ​បំណុល​បាន​ឡើយ និង​ ច្បាស់​​ជា​ក្លាយ​ជា​ទាសករ​បំណុល​ងើប​មុខ​មិន​រួច​ជា​មិន​ខាន​។

តើ​បំណុល​​រស់​ ឬ បំណុល​ល្អ​​អាច​ក្លាយ​​ជា​បំណុល​ងាប់​​ដែរ​ឬទេ?​​​
ប្រើប្រាស់​បំណុល​រស់​ទៅ​ដោះ​បំណុល​ងាប់​អាច​ធ្វើ​ឲ្យ​អ្នក​ចំណាយ​ពេល​រាប់​ឆ្នាំ​ដើម្បី​ដោះ​វា​ឲ្យ​រួច។ ករណី​​នេះ​កើត​មាន​នៅ​ពេល​​បំណុល​​រស់ ត្រូវ​បាន​ខ្ចី​បន្ថែម​​លើ​បំណុល​​​ងាប់​ដែល​មាន​ស្រាប់​តាំង​ពី​មុន​មក​។

ឧទាហរណ៍​ថា លោក​អ្នក​បាន​ខ្ចី​ប្រាក់​ (បំណុល​រស់​)ពី​ធនាគារ ៣០០ ០០០​ដុល្លារ​ដើម្បី​ទៅ​​ទិញ​​ផ្ទះ​មួយ​ល្វែង ខណៈ​ទន្ទឹម​នឹង​គ្នា​នេះ​លោក​អ្នក​កំពុង​ជំពាក់​បំណុល​គេ​ស្រាប់ (បំណុល​ងាប់​) ប្រមាណ ១០ ០០០​ដុល្លារ​​​។ នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​ត្រូវ​​រក​ប្រាក់​មក​​បង់​រំលោះ​​កាន់តែ​ច្រើន​ជាង​មុន អាច​និយាយ​បាន​ថា យក​ប្រាក់​ចំណូល​ដែល​បាន​ពី​​ការ​ជួល​ផ្ទះ​មក​ដោះ​បំណុល​ចាស់ ១០ ០០០​ដុល្លារ​​ផង និង មួយ​ចំនួន​ទៀត​ទៅ​ដោះ​បំណុល​នៅ​ធនាគារ​ ៣០០ ០០០​ដុល្លារ​ផង​។

ស្ថានភាព​នេះ​បាន​ធ្វើ​ឲ្យ​លោក​អ្នក​ត្រូវ​ទទួល​ខុសត្រូវ​ដោះ​បំណុល​ចំនួន​ពីរ​កន្លែង និង អាច​ធ្វើ​ឲ្យ​លោក​អ្នក​ចំណាយ​ពេល​ច្រើន​ជាង​មុន ប្រសិន​បើ​ការ​រក​ចំណូល​នោះ​មិន​អាច​ទូទាត់​អត្រា​ការប្រាក់​ចេញ​ពី​បំណុល​ទាំង​ពីរ​បាន។

ហេតុដូច្នេះ​នេះ មុន​នឹង​លោក​អ្នក​ខ្ចី​ប្រាក់​គួរ​តែ​ពិចារណា​លើ​អត្រា​ការ​ប្រាក់​កម្ចី និង ចំណូល​ដែល​បាន​មក​ តើ​សមមូល​នឹង​គ្នា​ដែរ​ឬ​អត់? បើ​អត្រា​ការ​ប្រាក់​មាន​ចំនួន​លើស​ពី​ប្រាក់​ចំណូល​ លោក​អ្នក​ត្រូវ​ដកថយ​វិញ និង​ព្យាយាម​ដោះ​បំណុល​ចាស់ (បំណុល​ងាប់​)​​ ​នោះ​ឲ្យ​រួច​ក្នុង​អត្រា​ការ​ប្រាក់​ទាប​ជា​មុន​សិន មុន​នឹង​សម្រេចចិត្ត​ខ្ចី​ប្រាក់ (បំណុល​រស់​)​ វិនិយោគ​អ្វី​ផ្សេង​ទៀ​​៕
Share on Google Plus

About TDasany

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment