លោក Rodney Anderson៖ ការ​បន្ទាប​ខ្លួន​ និង ភាព​សុភាពរាបសារ​ គឺ​ជា​កូនសោ​​តំណាងឲ្យ​ភាព​ជោគជ័យ


លោក Rodney Anderson៖ ការ​បន្ទាប​ខ្លួន​ និង ភាព​សុភាពរាបសារ​ គឺ​ជា​កូនសោ​​តំណាងឲ្យ​ភាព​ជោគជ័យ     Businessinsider 
«តើ​​ CEO ក្រុមហ៊ុន​​មួយ​អាច​​ហ៊ាន​អះអាង​​ទេ​ថា ខ្លួន​ពិត​ជា​អាច​​​ធ្វើ​ឲ្យ​ក្រុមហ៊ុន​របស់​ខ្លួន​​​ជោគជ័យ​ដោយ​ធ្វើ​​ការ​តែម្នាក់​ឯង​​បាន​? តាម​ចម្លើយ​របស់​ខ្ញុំ​​នោះ​ គឺ​គ្មាន​​ឡើយ​នៅ​លើ​លោក​យើង​នេះ»។ ​នេះ​ជា​ការ​លើកឡើង​របស់​លោក Rodney Anderson ​ជា​ស្ថាបនិក និង នាយក​ប្រតិបត្តិ​​​ភោជនីយដ្ឋាន​ Pancheros Mexican Grill ដ៏​ធំ​បំផុត​​មួយ​របស់​អាមេរិក។
បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ ១៩៩២ លោក Anderson បាន​​បញ្ចប់​​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម​ (MBA) ពី​សាកលវិទ្យាល័យ Chicago និង ជា​ពេល​ដំបូង​បំផុត​ក្នុង​ឆាក​ជីវិត​របស់​លោក​​ដែល​បាន​ក្លាយ​ជា​សហគ្រិន​​បោះ​ដើមទុន​បង្កើត​​ភោជនីយដ្ឋាន​មួយ​នេះ​​​ឡើង​​នៅ​​ក្រុង​ Iowa ក្នុង​រដ្ឋ Lowa។

នៅ​ក្នុង​រយៈ​ពេល​២ ឬ ៣ ឆ្នាំ​ដំបូង​ លោក​បាន​បម្រើ​ការងារ​សព្វគ្រប់​បែបយ៉ាង​​ទាំងអស់​នៅ​ក្នុង​ភោជនីយដ្ឋាន​របស់​លោក​រាប់ទាំង​ការងារ​លាងចាន ជួត​តុ គិតលុយ បោសសំអាត និង ​ធ្វើ​ចុងភៅ​​ជា​ដើម​ដើម្បី​ដកពិសោធន៍​​ថា តើ​​ភោជនីយដ្ឋាន​ដ៏​ល្អ​មួយ​ត្រូវ​​រៀបចំ​ឡើង​ដោយ​របៀបណា? ​​​​

លោក Anderson បាន​បន្ត​ថា សកម្មភាព​នេះ​នឹង​ធ្វើ​ឲ្យ​លោក​យល់​កាន់តែ​ច្បាស់​ពី​ស្ថានភាព​​ក្រុម​ការងារ​របស់​លោក​​ដែល​បម្រើ​នៅ​ក្នុង​ភោជនីយដ្ឋាន​នេះ និង ដើម្បី​ដឹង​ថា តើ​​មុខរបរ​របស់​លោក​នៅ​មាន​ចំណុច​ខ្វះខាត​ត្រង់ណា​​ខ្លះ​ដែល​ត្រូវ​កែលំអ​​បន្ថែម​ទៀត? ដំណាក់​កាល​នេះ​ហើយ​ដែល​ម្ចាស់​ភោជនីយដ្ឋាន​បម្រើ​មុខម្ហូប​តាម​បែប​អាហារ​មិកស៊ិក​រូប​នេះ​បញ្ជាក់​ថា ការ​បន្ទាប់​ខ្លួន និង ភាព​សុភាពរាបសារ​គឺ​ជា​កូនសោ​​ចំនួន​ពីរ​មិន​​អាច​ខ្វះ​បាន​ធ្វើ​ឲ្យ​​ភោជនីយដ្ឋាន​របស់​លោក​មាន​ពន្លឺ​ថ្ងៃ​រហូត​មកដល់​ថ្ងៃ​នេះ។

«ការ​ធ្វើ​អាជីវកម្ម​លើ​វិស័យ​​ភោជនីយដ្ឋាន​ គឺ​មាន​សារសំខាន់​ខ្លាំង​ណាស់​ដើម្បី​​ដឹង​ និង ស្វែង​យល់​ពី​អ្វី​ដែល​យើង​ធ្វើ​មិន​អាច​ដូច​ការ​គិត​របស់​យើង​នោះ​ឡើយ។ យើង​បាន​​ផ្ដោត​លើ​ការ​ផ្ដល់​សេវាកម្ម​ និង ផលិតផល​​ទាំងឡាយ​ណា​​ដែល​​ជា​តម្រូវ​ការ​របស់​អតិថិជន​​​​ទូទៅ»។ នេះ​ជា​ប្រសាសន៍​របស់​​លោក Anderson។

លោក​បាន​បន្ត​​ដូច្នេះ​ថា៖« វា​ប្រាកដ​ណាស់​ដែល​ថា ចំណុច​​តូច​មួយ​សោះ​អាច​ធ្វើ​ឲ្យ​ផ្លាស់ប្ដូរ​អ្នក​បាន ​នោះ​គឺ​សេវាកម្ម​ល្អ​ជូន​អតិថិជន។ អ្នក​ត្រូវ​តែ​ចេះ​បន្ទាប់​ខ្លួន​ឲ្យ​បាន​​ល្អ​ដើម្បី​អនុវត្ត​ហើយ​អនុវត្ត​ទៀត​​នូវ​អ្វី​ដែល​ជា​មូលដ្ឋាន​​នាំ​ឲ្យ​​អ្នក​ជោគជ័យ​បាន​ ដូច​ជា ផ្ដល់​អាហារ​ដែល​មាន​គុណភាព​ និង អនាម័យ​ល្អ និង ការ​ផ្ដល់​សេវាកម្ម​យ៉ាង​ល្អ​​​ផ្សេង​ទៀត​ដែល​ធ្វើ​ឲ្យ​អតិថិជន​សប្បាយ​ចិត្ត»។ ​​​

លោក​​បាន​បង្ហាញ​ទស្សនៈ​ផ្ទាល់​ខ្លួន​ថា ក្នុង​នាម​ជា​អ្នក​ដឹកនាំ​ម្នាក់ អ្នក​ត្រូវ​ចេះ​បន្ទាប់​ខ្លួន​ឲ្យ​បាន​ល្អ មិន​​ឆ្មើងឆ្មៃ ឬ វាយឫក​ដល់​អ្នកណា​ម្នាក់​ដែល​នៅ​ជុំវិញ​ខ្លួន​នោះ​ឡើយ។ « ​ចំណុច​នេះ គួរតែ​ផុស​ចេញ​ពី​បេះដូង​ CEO គ្រប់រូប​ដើម្បី​​​ភ្ជាប់​បណ្ដាញ​ទំនាក់ទំនង​ដ៏​ល្អ​មួយ​ទៅ​កាន់​អតិថិជន បុគ្គលិក និង​ទៅ​កាន់​​គូប្រជែង​របស់​ខ្លួន​ទៀត​ផង។ អ្នក​ត្រូវ​ទទួល​យក​ការ​រិះគន់ គំនិត​ស្ថាបនា​ពី​គ្រប់​ទិសទី​ ទើប​អ្នក​អាច​កែលំអ​ចំណុច​ខ្វះ​បាន​របស់​អ្នក​បាន ហើយ​អាច​បម្រើ​អតិថិជន​កាន់តែ​ល្អ​ឡើង»។

ដោយ​កំពុង​គ្រប់គ្រង​​ភោជនីយដ្ឋាន​​នេះ​ដែល​មាន​សាខា​រហូត​ដល់ ៦៥​កន្លែង​នៅ​ទូទាំង​ទឹកដី​អាមេរិក សហគ្រិន​រូប​នេះ​បាន​ពន្យល់​ថា៖« ការ​បន្ទាប់​ខ្លួន និង ភាព​សុភាពរាបសារ​បាន​ធ្វើ​ឲ្យ​អ្នក​ជោគជ័យ​​ដោយសារ​តែ​វា​ជួយ​បង្កើន​ទំនាក់ទំនង​កាន់តែ​ស្និទ្ធស្នាល​ជាមួយ​បុគ្គលិក​គ្រប់រូប ជា​ពិសេស​គឺ​បាន​ជួយ​លើកទឹកចិត្ត​​រវាង​អ្នក​ និង ពួកគេ​ឲ្យ​មាន​ការ​ពិភាក្សា​គ្នា​ដោយ​បើកចំហ​មួយ​បាន»។​​​​​

លោក Anderson បាន​ពន្យល់​​ទៀត​ថា ​ភាព​ជោគជ័យ​​ភាគច្រើន​កើត​ចេញ​ពី​ចម្ងល់​ជា​ច្រើន និង ស្វែង​រក​អ្នកណា​ម្នាក់​ដែល​មាន​សមត្ថភាព​គ្រប់គ្រាន់​អាច​​ដោះស្រាយ​ចម្ងល់​​ទាំង​​នោះ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ ការរៀនសូត្រ​ពី​អ្នកដទៃ​ដែល​មិន​ភ័យខ្លាច​ទៅ​នឹង​កំហុស​ដែល​​កើត​មាន​ឡើង និង ការ​ប្តេជ្ញា​ចិត្ត​​កែលំអ​ចំណុច​ខ្វះ​ខាត​ទាំង​នោះ​​ ​គឺ​ជា​​គន្លឹះ​ពិសេស​ដែល​ធ្វើ​ឲ្យ​លោក​ជោគជ័យ​ដោយ​មិន​​អាច​ប្រកែក​បាន៕
Share on Google Plus

About TDasany

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment