លោក Yoshikazu Tanaka ជាមហាសេដ្ឋីវ័យក្មេងជនជាតិជប៉ុនមួយរូប នៅក្នុងតំបន់អាស៊ី ហើយលោកក៏ជាសហគ្រិនមួយរូបដែលបានបង្កើតបណ្ដាញទំនាក់ទំនងសង្គមមួយដែលមានឈ្មោះថា GREE Inc ដែលជាក្រុមហ៊ុនរកស៊ីខាងសេវាកម្មអ៊ីនធឺណិតមួយដ៏ល្បីនៅជប៉ុន។ បច្ចុប្បន្នលោក Yoshikazu Tanaka ជាមហាសេដ្ឋីវ័យក្មេងមួយរូបជាមួយទ្រព្យសម្បត្តិ ១,១ ពាន់លានដុល្លារ នេះបើយោងតាមទស្សនាវដ្ដី Forbes គិតត្រឹមថ្ងៃទី ១២ វិច្ឆិកា ២០១៥។
លោក Yoshikazu Tanaka កើតនៅក្នុងទីក្រុង តូក្យូ ប្រទេសជប៉ុនក្នុងឆ្នាំ ១៩៧៧ ។ នៅក្នុងអំឡុងពេលសិក្សាថ្នាក់អនុវិទ្យាល័យលោក Tanaka ចាប់អារម្មណ៍ខ្លាំងក្នុងការធ្វើឲ្យសង្គមផ្លាស់ប្តូរ តាមរយៈមុខវិទ្យាសិក្សា ទំនាក់ទំនងព័ត៌មាន ដោយលោកចូលចិត្តអានសៀវភៅមួយក្បាលមានចំណងជើងថា Power Shift ដែលនិយាយពីផ្នែកនេះ ។ លោក Tanaka បានចូលរៀនក្នុងមហាវិទ្យាល័យច្បាប់ របស់សាកលវិទ្យាល័យ Nihon University ។
នៅក្នុងឆ្នាំ ២០០៣ លោក Tanaka បានចាប់ផ្ដើមអភិវឌ្ឍបណ្ដាញសង្គមមួយឈ្មោះថា SNS GREE តែពេលទំនេរប៉ុណ្ណោះព្រោះវាចំណង់ចំណូលចិត្តរបស់លោក។ រហូតមកទល់នឹងឆ្នាំ ២០០៤ លោក Tanaka បានបើកឲ្យបណ្ដាញសង្គម SNS GREE ជាសាធារណៈក្នុងនាមជាគេហទំព័រផ្ទាល់ខ្លួន។ ត្រឹមរយៈពេល១ខែនៃការបើកជាសាធារណៈរបស់លោកបានទទួលអ្នកប្រើប្រាស់ដល់ទៅ ១០ ០០០ នាក់ដែលធ្វើឲ្យលោក Tanaka ពិបាកគ្រប់គ្រងខ្លាំងដែលកើនចំនួនអ្នកប្រើប្រាស់ខ្លាំងដូច្នេះ។
នៅចុងឆ្នាំ ២០០៤ លោក Tanaka ក៏ចាប់ផ្តើមបើកក្រុមហ៊ុនជាសាធារណៈមួយឈ្មោះថា GREE Inc ដើម្បីបម្រើសេវាកម្មឲ្យបានទូលាយនិងល្អឥតខ្ចោះជូនដល់អ្នកប្រើប្រាស់។ នៅចុងឆ្នាំ ២០០៨ ក្រុមហ៊ុន GREE Inc បានជាប់នៅក្នុងបញ្ជីជាក្រុមហ៊ុនបច្ចេកវិទ្យារីកលូតលាស់យ៉ាងឆាប់រហ័សមួយរបស់ប្រទេសជប៉ុន។ នៅដើមឆ្នាំ ២០០៩ លោក Tanaka បានស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ ២៤ ក្នុងចំណោមមហាសេដ្ឋីមានជាងគេទាំង ៤០ រូបនៅជប៉ុន។ តាមរយៈស្នាដៃនៃការបង្កើតបណ្ដាញសង្គម SNS GREE នៅក្នុងឆ្នាំ ២០១០ លោក Tanaka បានក្លាយជាមហាសេដ្ឋីវ័យក្មេងបំផុតនៅអាស៊ីដែលក្លាយខ្លួនជាមហាសេដ្ឋីទាំងអាយុមិនដល់ ៣៥ ឆ្នាំផង។
0 comments:
Post a Comment