ខ្សែក្រវាត់​​ផលិត​​ដោយ​កូន​ខ្មែរ​​​​កែ​ច្នៃ​ពី​ឈើ​ រក​ចំណូល​បាន​រាប់​ពាន់​ដុល្លារ​ក្នុង​មួយ​ខែៗ​



សិប្បកម្ម​ខ្សែ​ក្រវាត់​កូន​ខ្មែរ​កែ​ច្នៃ​ពី​ឈើ​​អាច​​រក​ចំណូល​បាន​ជាង ​២០០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ​ៗ​ ​​និង​បាន​​​ផ្ដល់​ការ​ងារ​ជូន​កម្មករ​​ ​១០​នាក់​​ ហើយ​បាន​ផ្ដល់​​មូលនិធិ​រួម​ចំណែក​ក្នុង​​​សកម្មភាព​សប្បុរស​ធម៌​ជួយ​​​ដល់​អ្នក​ទី​ទល់​ក្រ ​និង​អ្នក​​​ចាស់​ជរា​នៅ​ក្នុង​សហគមន៍​​ថែម​ទៀត​ផង។​

ម្ចាស់​សិប្បកម្ម​ខ្សែ​ក្រវាត់​កូន​ខ្មែរ លោក​ ម៉ៅ​ ជីមន​ ឱ្យថា​ សិប្បកម្ម​ខ្សែ​ក្រវាត់​កូន​ខ្មែរ​បាន​បង្កើត​ឡើង​រយៈ​ពេល​ជាង​ពីរ​ឆ្នាំ​មក​ហើយ​ ដោយ​បច្ចុប្បន្ន​មាន​កម្មករ​បម្រើ​​​ការងារ​ចំនួន​ ១០​នាក់​ដែល​កម្មករ​ភាគ​ច្រើន​ជា​​អ្នក​​ទី​ទាល់​ក្រ​ និង​ជន​ពិការ​ ដែល​គ្មាន​លទ្ធភាព​ប្រកប​របរ​ផ្សេង​​ៗដើម្បី​​រក​​ប្រាក់​ចំណូល​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ​​បាន​។ លោក​បន្ត​ថា ​​ប្រាក់​​ខែ ​កម្ម​ករ​ម្នាក់​ទទួល​បាន​ក្នុង​មួយ​ខែ​​ចាប់​ពី ​១២០​ដុល្លារ​អាមេរិក​ទៅ ​១៣០​ដុល្លារ​អាមេរិក​ និង​មាន​ប្រាក់​បន្ថែម​សម្រាប់​ការងារ​ថ្ងៃ​អាទិត្យ​ចំនួន ​២៥ ០០០រៀល​ និង​ប្រាក់​លើក​ទឹក​ចិត្ត​ សម្រាប់​ថ្ងៃ​បុណ្យ​​ចំនួន​ ១០​ដុល្លារ​ផង​ដែរ​។

លោក​បន្ថែម​ទៀត​ថា ​ក្នុង​មួយ​ថ្ងៃ​សិប្បកម្ម​​ខ្សែ​ក្រវាត់​កូន​ខ្មែរ​ អាច​ផលិត​បាន​ចន្លោះ​​ពី​ ១០​ទៅ​ ២០​ខ្សែ​ដោយ​តម្លៃ​លក់​ក្នុង​មួយ​ខ្សែ​​​​មាន​​​ ៣០​ ដុល្លារ​ ៣៥ ដុល្លារ​និង​៥០​ដុល្លារ​​ ​ទៅ​តាម​ប្រភេទ​ឈើ​ដែល​បាន​យក​​មក​កែ​ច្នៃ​​ជាមួយ​ខ្សែ​លីឡុង​តាន់​ ឬ​ខ្សែ​ប្រាំង​កង់ ហើយ​ក្រៅ​ពី​ការ​ធ្វើ​លក់​ខ្លួន​ឯង​ លោក​ក៏​ស៊ី​ឈ្នួល​ធ្វើ​ឱ្យ​​គេ​ផង​ដែរ​ ដោយ​១ខ្សែ​លោក​យក​ថ្លៃ​ ​២០​ដុល្លារ​អាមេរិក​​​​។​

សិប្បកម្ម​កែ​ច្នៃ​ខ្សែ​ក្រវាត់​កូន​ខ្មែរ​ ក៏​បាន​ចូល​រួម​ចំណែក​ក្នុង​សកម្មភាព​​សប្បុរស​ធម៌ ​នៅ​ក្នុង​សង្គម​ផង​ដែរ​ ក្រៅ​ពី​​​​​ប្រកប​អាជីវកម្ម។ ម្ចាស់​សិប្បកម្ម​បាន​​​ថ្លែង​ដូច្នេះ​​ថា​ ៖​« កូន​ជាង​ខ្ញុំ​រើស​យក​មក​សុទ្ធ​តែ​​ជា​អ្នក​ទី​ទាល់​​ទេ ​និង​អ្នក​ដែល​ពិការ​​​ អ្នក​ដែល​គេ​គ្រាន់​បើ​ ខ្ញុំ​មិន​រើស​ទេ​ ហើយ​ខ្ញុំ​តាំង​ចិត្ត​ខ្លួន​ឯង​ថា ​នៅ​ពេល​បាន​ចំណូល​ពី​ការ​លក់​ខ្សែ​ក្រវាត់​​ ក្នុង​មួយ​​ខ្សែ​​ខ្ញុំ​​ដក​ ១០០០​រៀល​ ដើម្បី​​ដាក់​ចូល​មូលនិធិ​ជួយ​​ជន​ក្រីក្រ​»។

​​លោក​ ម៉ៅ​ ជីមន​ ជា​​ជាង​ឈើ​ម្នាក់​​រស់​នៅ​ក្នុង​​​ភូមិ​ពានា​ ឃុំ​អំពិល​ក្រៅ​​ ស្រុក​ស៊ីធរ​កណ្ដាល​ ខេត្ត​ព្រៃវៃង​​។ ​របៀប​នៃ​ការ​ធ្វើ​ខ្សែ​ក្រវាត់​នេះ​​គឺ​លោក​បាន​រៀន​​កែ​ច្នៃ​ដោយ​ខ្លួនឯង​ ដោយ​មាន​ការ​ផ្ដល់​យោបល់​ពី​ចៅ​អធិការ​វត្ត​ពានា​ និង​កូន​របស់​លោក​ដែល​ធ្វើ​ការ​ជា​វិស្វករ។​ តាម​ការ​បញ្ជាក់​​របស់​លោក​ឱ្យ​​ដឹង​ថា ​សិប្បកម្ម​ខ្សែ​ក្រវាត់​កូន​ខ្មែរ​នៅ​មាន​ទ្រង់​ទ្រាយ​តូច​នៅ​ឡើយ​​ ហើយ​លោក​រំពឹង​ថា​ ប្រជាពលរដ្ឋ​ខ្មែរ​នឹង​ជួយ​គាំ​ទ្រ​ផលិត​ផល​ខ្មែរ​​ដើម្បី​ឱ្យ​ការ​ផលិត​កាន់​​តែ​រីក​ចំរើន​ថែម​ទៀត៕
Share on Google Plus

About TDasany

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment