១១ គន្លឹះ​​ជួយ​ឲ្យ​ឆ្នាំ ២០១៦ របស់លោក​​អ្នក​​កាន់តែ​មាន​ជាង​ឆ្នាំ ២០១៥



១) រៀបចំ​បញ្ជី​ចំណូល​ចំណាយ​​ឡើង​វិញ​
អ្នក​ពិត​ជា​មិន​អាច​​គ្រប់គ្រង​ហិរញ្ញវត្ថុ​ដែល​ចាយ​វាយ​គ្មាន​ទិសដៅ​បាន​នោះ​ទេ ហេតុដូច្នេះ​ហើយ​ជំហាន​ដំបូង​នៅ​ទី​នេះ​ទាមទារ​ឲ្យ​អ្នក​ចេះ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ពោល​ គឺ​ចំណូល និង ចំណាយ​​ឲ្យ​បាន​​ត្រឹមត្រូវ និង​ដឹង​​ថា តើ​ហិរញ្ញវត្ថុ​របស់​អ្នក​ត្រូវ​ចំណាយ​ទៅ​លើ​អ្វី​ខ្លះ? នៅ​ពេល​ដែល​អ្នក​ដឹង​ពី​ហិរញ្ញវត្ថុ​របស់​អ្នក​ច្បាស់លាស់ អ្នក​នឹង​អាច​កំណត់​បាន​ពី​ចំណុច​​​ខ្វះខាត និង ដំណោះស្រាយ​​ងាយៗ​មួយ​ចំនួន​ទប់ទល់​ទៅ​នឹង​ការ​ចំណាយ​ដែល​គ្មាន​ទិសដៅ​ទាំង​នោះ។​

២) កាត់​បន្ថយ​ការ​ចំណាយ
អ្នក​អាច​សម្លឹង​ជុំវិញ​អ្នក​ថា តើ​អ្នក​បាន​ចំណាយ​លើ​អ្វី​ខ្លះ​ច្រើន​ជាងគេ? តើ​អ្វី​ទៅ​ដែល​ធ្វើ​ឲ្យ​អ្នក​ចំណាយ​ច្រើន​ជាងគេ​បំផុត? ការ​​ចំណាយ​លើ​ការ​ហូបចុក​តាម​អំពើ​ចិត្ត ស្លៀកពាក់ សម្ភារៈ​ទំនើបៗ អគ្គិសនី កម្មវិធី​ជួបជុំ និង សម្ភារៈ​ផ្សេង​ៗ​ទៀត​បើ​មាន​ច្រើន​ហួស​ហេតុ​ពេក​នោះ អ្នក​គួរ​កំណត់​មក​ត្រឹម​ចំនួន​មួយ​សម​ល្មម​បាន​ហើយ​​ក្នុង​ចំនួន​មួយ​តិច​ជាង​ចំណូល​របស់​អ្នក​។

៣) ចំណាយ​លើ​ខ្លួន​អ្នក​សិន មុន​​ចំណាយ​ឲ្យ​​អ្នកដទៃ
អ្នក​ប្រហែល​ជា​មិន​មាន​ហិរញ្ញវត្ថុ​​គ្រប់គ្រាន់​សម្រាប់​ចេញ​ថ្លៃ​ឲ្យ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​អ្នក​ទាំងអស់​នោះ​​​ទេ ហើយ​ក៏​មិនមែន​ចេះ​តែ​ចេញ​ថ្លៃ​ឲ្យ​ដោយ​ឥតប្រយោជន៍​នោះ​ទេ​។ ម្ល៉ោះហើយ​​បើ​ដឹង​ថា ខ្លួន​អ្នក​គ្មាន​លទ្ធភាព​លើ​រឿង​នេះ​ទេ​នោះ គួរ​គិត​ពី​តម្រូវការ​ខ្លួន​អ្នក​ជា​មុន​សិន​​ មុន​នឹង​ជួយ​​អ្នកដទៃ។ ប៉ុន្តែ បើ​មើល​ឃើញ​ថា បុគ្គល​ណា​ម្នាក់​អាច​ជួយ​ឲ្យ​អ្នក​ជោគជ័យ​បាន ជួយ​ចេញ​ថ្លៃ​ខ្លះៗ​ក៏​​គ្មាន​អ្វី​ខាតបង់​​ដែរ។ ​​

៤) កំណត់​ឲ្យ​បាន​ច្បាស់​ពី​និយមន័យ​​ទ្រព្យសម្បត្តិ​
នៅ​ក្នុង​វចនានុក្រម ទ្រព្យសម្បត្តិ​គឺ​ជា​ចំនួន​ទឹកប្រាក់​ និង ​ការ​កាន់កាប់​ទ្រព្យសម្បត្តិ​​​ក្នុង​ចំនួន​ដ៏​ច្រើន​​សន្ធឹកសន្ធាប់​។ យ៉ាងណាមិញ បើ​អ្នក​សួរ​អ្នកណា​ម្នាក់​ពី​រឿង​នេះ អ្នក​នឹង​ទទួល​បាន​ចម្លើយ​ផ្សេងៗ​គ្នា​ជា​មិន​ខាន។ ករណី​នេះ មាន​មហាសេដ្ឋី​ជា​ច្រើន​​​បាន​និយាយ​ថា សេរីភាព គោលបំណង គ្រួសារ សុខភាព បទពិសោធន៍ ​សុភមង្គល ជា​ដើម​ គឺ​មាន​​តម្លៃ​​ជាង​លុយ​ទៅ​ទៀត។ តាម​ពិត​ទៅ លុយ​មិន​អាច​ទិញ​របស់​ទាំង​នេះ​បាន​ដោយ​ភ្លាមៗ​នោះ​ទេ តែ​វា​អាច​ជួយ​បង្ក​លក្ខណៈ​ងាយស្រួល​​ឲ្យ​អ្នក​បង្កើត​ចំណុច​​ទាំង​នេះ​បាន។

៥) ព្យាយាម​សន្សំ​លុយ​តាម​តែ​អាច​ធ្វើ​ទៅ​បាន
បើ​ទោះបីជា អ្នក​អាច​រក​ចំណូល​បាន​ច្រើន​ក្នុង​មួយ​ខែៗ ប៉ុន្តែ​ប្រសិន​ មិន​សន្សំ​វា​ឲ្យបាន​ល្អ​ទេ អ្នក​គ្មាន​ថ្ងៃ​អាច​ សល់​លុយ​ច្រើន​បាន​ឡើយ។ មិន​ត្រឹម​ប៉ុណ្ណោះ​ វា​ក៏​ធ្វើ​ឲ្យ​អ្នក​ខ្វះខាត​លុយ​ ​នៅពេល​ដែល​ត្រូវ​ការ​ចំណាយ​លើ​អ្វី​សំខាន់​ក្នុង​ពេល​ណា​មួយ​មិនខាន។ ដូច្នេះ​ហើយ គួរ​តែ​ព្យាយាម​គិតគូរ​សន្សំសំចៃ​ មុន​ពេល​បញ្ហា​ធ្ងន់ធ្ងរ​កើតឡើង​។

៦) រក​​ប្រាក់ចំណូល​​បន្ថែម​
បើ​ទោះ​បី​ជា នា​ពេល​បច្ចុប្បន្ន​នេះ​ ប្រាក់​ចំណូល​របស់​អ្នក​ច្រើន​គួរសម​ហើយ​ក៏​ដោយ តែ​ត្រូវតែ​ព្យាយាម​ធ្វើ​យ៉ាងណា​ឲ្យ​ប្រាក់​ចំណូល​ទាំងនោះ កើន​ឡើង​កាន់​តែ​ច្រើន​ថែមទៀត​។ បើ​អ្នក​មិន​ខិតខំ​រិះរក​វិធី ដើម្បី បង្កើត​ប្រាក់​ចំណូល​ឲ្យ​បាន​ច្រើន​នោះ​ទេ វា​ពិតជា​ពិបាក​សម្រាប់​ការ​ក្លាយ​ទៅ​ជា​អ្នក​មាន។ ដូច្នេះ ត្រូវ​ចាប់​ឱកាស ហើយ​ប្រសិន​បើ​មិន​មាន​ឱកាស គឺ​ត្រូវតែ​ចេះ​បង្កើត​ឱកាស​ដោយ​ខ្លួនឯង ដើម្បី អាច​មាន​ប្រាក់​ចំណូល​ច្រើន​ឡើងៗ។

៧) សងបំណុល​ឲ្យ​ទាន់​ពេល​វេលា
​​​​ការ​ជំពាក់​បំណុល​ គេ​មិនមែន​ជា​រឿង​ល្អ​ប៉ុន្មាន​នោះ​ទេ តែ​វា​ក៏​មិនអាច​ជៀស​រួច​នោះ​ទេ ក្នុង​ឆាកជីវិត​មនុស្ស​ម្នាក់ៗ ជាពិសេស​សម្រាប់​អ្នក​ដែល​ត្រូវការ​ធ្វើជំនួញ។ ​យ៉ាងណាក៏ដោយ​ ​ក្នុង​ស្ថានភាព​នេះ អ្នក​ត្រូវ​តែ​ខិតខំ​ឲ្យបាន​ខ្លាំង​បំផុត​ ដើម្បី​ធ្វើ​ឲ្យ​បំណុល​នេះ ផ្តល់​ផលប្រយោជន៍​លើ​មុខជំនាញ​ ហើយ​ដើម្បី​មានលទ្ធភាព​​សងបំណុល​វិញ​ទៅ​តាម​កាល​កំណត់​។ បញ្ហា​កាន់​តែ​ធ្ងន់ធ្ងរ​ ប្រសិនបើ​ អ្នក​គ្មាន​លទ្ធភាព​សងបំណុល​គេ​វិញ​ទៅតាម​ពេលវេលា​កំណត់​ ។

៨) ប្រើ​ពេល​វេលា​ឲ្យ​មាន​ប្រយោជន៍​បំផុត
ពេលវេលា គឺ​សំខាន់​ខ្លាំង​ណាស់​ ហើយ​ម្នាក់ៗ​សុទ្ធតែ​មាន​ ២៤ ម៉ោង​ដូចគ្នា​ដើម្បី​ធ្វើ​កិច្ច​ការ​ផ្សេងៗ​ក្នុង​មួយ​ថ្ងៃ​។ ដោយសារតែ ពេលវេលា​សំខាន់​បែប​នេះ​ហើយ អ្នក​ត្រូវតែ​ប្រើ​ពេលវេលា​ឲ្យ​មាន​ប្រយោជន៍​បំផុត ដើម្បី​ធ្វើអ្វី​ដែល​ចាំបាច់។ សូមកុំ​ទុក​ពេលវេលា​ឲ្យ កន្លង​ផុត​ទៅ​ដោយ​គ្មានន័យ​ឲ្យសោះ ព្រោះ​ថា ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ពេល​វេលា​ដើរ​ទៅ​មុខ​ជា​និច្ច ដូច្នេះ​បើ​អ្នក​មិន​ចេះ​ប្រើ​វា​ឲ្យ​មាន​ប្រយោជន៍​នោះ ទេ ប្រាកដ​ណាស់​ថា វិប្បដិសារី និង កើត​ឡើង​ជា​មិនខាន ហើយ​អ្នក​ពិត​ជា​គ្មាន​ថ្ងៃ​អាច​ក្លាយជា​​អ្នក​មាន​នា​​ពេល​អនាគត​បាន​ឡើយ។

៩) បង្កើន​ទំនាក់ទំនង​ជា​មួយ​​​បុគ្គល​ជោគជ័យ​ហិរញ្ញវត្ថុ​​​​
បើ​ទោះបីជា អ្នក​មាន​ចំណេះដឹង​ច្រើន​ប៉ុណ្ណា​ក៏​ដោយ​ ប៉ុន្តែ​បើ​ខ្វះ​ការ​ប្រាស្រ័យ​ទាក់ទង​ក្នុង​សង្គម​ហើយ ពិត​ជា​មាន​ការ​លំបាក​ក្នុង​ការ​ធ្វើ​កិច្ច​ការ​ផ្សេង។ ការ​បង្កើត​បណ្ដាញ​ជា​មួយ​បុគ្គល​ជោគជ័យ​ហិរញ្ញវត្ថុ​ គឺ​ជា​ចំណុច​ដ៏​ល្អ​បំផុត​ក្នុង​សម័យ​បច្ចុប្បន្ន​ ព្រោះ​​ថា​អ្នក​អាច​ទទួល​បាន​ចំណេះដឹង​ថ្មីៗ​ពី​ការ​រក​លុយ​ និង​មាន​ឱកាស​ច្រើន​ក្នុង​ការ​បង្កើន​ប្រាក់ចំណូល ឬ រកលុយ​បាន​ច្រើនជាង​មុន​​។

១០) សន្សំ​ប្រាក់​ដើម្បី​វិនិយោគ
នេះ​ជា​​គុណ​សម្បត្តិ​ពិសេស​មួយ​ទៀត​បើ​អ្នក​ស្ថិត​នៅ​ក្នុង​ចំណោម​មនុស្ស​ ដែល​​ចូលចិត្ត​សន្សំប្រាក់​ ​ទុក សម្រាប់​ការ​ពារ​នៅ​ពេល​មាន​តម្រូវ​ការ​ចាំបាច់ ឬ យក​ទៅ​វិនិយោគ​ដើម្បី​បង្កើត​ចំណូល​បន្ថែម។ វា​ជា​វិធីសាស្ត្រ​ដ៏​ល្អ​មួយ​ដែល​ក្រុម​អ្នក​មាន​ប្រាក់ និង មហាសេដ្ឋី​បាន​ធ្វើ​គ្រប់ៗ​គ្នា​ដូច​អ្វី​ដែល​អ្នក​កំពុង​ធ្វើ​។​

១១) បង្កើត និង ដើរ​ទៅ​រក​គោលដៅ​​​ដែល​បាន​​កំណត់
នេះ​ជា​​ចំណុច​មួយ​ដែល​អ្នក​ត្រូវ​រៀន​អង្កេត​ពី​ខ្លួន​ឯង​ថា តើ​អ្នក​ជា​មនុស្ស​ម្នាក់​ដែល​បាន​បង្កើត​គោលដៅ​ពិតប្រាកដ​​មួយ​សម្រាប់​ ខ្លួន​​ឯង​ហើយ​ឬ​នៅ? តើ​អ្នក​​កំពុង​តែ​ធ្វើ​ដំណើរ​ទៅ​រក​គោលដៅ​នោះ​ដែរ​ឬទេ? បើ​ចម្លើយ​ជា​វិជ្ជមាន​នោះ មានន័យ​ថា អ្នក​​​​នឹង​មាន​ឱកាស​ក្លាយ​ជា​អ្នក​មាន​ ត្បិតអី​ក្រុម​មហាសេដ្ឋី​ក៏​​​ប្រកាន់​គោលការណ៍​បែប​នេះ​ដែរ៕
Share on Google Plus

About TDasany

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment