ចូលឆ្នាំថ្មី ប្រៀបដូចជាពេលវេលាមួយថ្មីមួយសម្រាប់ចាប់ផ្តើមអាជីវកម្មរបស់អ្នកឲ្យកាន់តែទទួលបានលទ្ធផលល្អជាងមុន។ ដូច្នេះហើយបានជានៅទីនេះ អ្នកត្រូវមានការងារធ្វើជាច្រើន ហើយក្នុងចំណោមការងារធ្វើទាំងនោះ អ្នកក៏ត្រូវជួយឲ្យបុគ្គលិកគ្រប់រូបបង្កើតគោលដៅមួយឲ្យស្របតាមបេសកកម្មក្រុមហ៊ុនរបស់អ្នកផងដែរ។
តើធ្វើដូចម្តេចដើម្បីឲ្យបុគ្គលិកអាចបង្កើតគោលដៅមួយស្របតាមបេសកកម្មក្រុមហ៊ុនរបស់អ្នក? មានគន្លឹះ៤ ខាងក្រោមនេះអាចជួយដោះស្រាយចម្ងល់ខាងលើបាន។
១) រំលឹកបេសកកម្មក្រុមហ៊ុនឡើងវិញ
បេសកកម្មរបស់ក្រុមហ៊ុនគឺជាអ្វីដែលអ្នកត្រូវធ្វើឲ្យវាស្ថិតស្ថេរនៅដក់ជាប់នឹងបុគ្គលិកក្រុមហ៊ុនជានិច្ច។ ប៉ុន្តែបើសិក្សាលើបរិបទជាក់ស្តែងនៅអាមេរិក ក្នុងចំណោមបុគ្គលិក ១០ នាក់ មានតែ ៤ នាក់ប៉ុណ្ណោះដែលគេឃើញថា បានដឹងពីបេសកកម្មក្រុមហ៊ុនរបស់ខ្លួន។ ដំណឹងនេះ អ្នកពិតជាមិនចង់បាននោះឡើយ។ តើត្រូវធ្វើដូចម្តេច?
ដើម្បីឲ្យបុគ្គលិកគ្រប់រូបអាចរៀបចំគោលដៅបានល្អស្របទៅតាមបេសកកម្មរបស់ក្រុមហ៊ុន អ្នកត្រូវតែធ្វើឲ្យពួកគេស្វែងយល់ឲ្យច្បាស់ពីបេសកកម្មក្រុមហ៊ុនរបស់អ្នកជាមុនសិន។ នេះទាមទារឲ្យអ្នករំលឹកបេសកកម្មឡើងវិញដល់ពួកគេ និង គូសវាសផែនទី រួមទាំងតម្រូវការនានាពីអ្វីដែលពួកគេត្រូវទៅឲ្យដល់គោលដៅ។
អ្នកត្រូវតែធ្វើឲ្យមានទំនាក់ទំនងកាន់តែច្បាស់ពីកម្មវត្ថុនៃអាជីវកម្ម និង ឧស្សាហ៍តាមដានជាប្រចាំលើសកម្មភាពអនុវត្តរបស់បុគ្គលិកទាំងនោះថា តើពួកគេបានដើរស្របទៅតាមអ្វីដែលអ្នកចង់បានហើយឬនៅ? បុគ្គលិកដែលយល់ច្បាស់ពីបេសកកម្មរបស់ក្រុមហ៊ុន និង គោលដៅរបស់បុគ្គលិកម្នាក់ៗ នឹងកាន់តែធ្វើឲ្យក្រុមហ៊ុនឆ្ពោះបន្តិចម្តងៗទៅរកភាពជោគជ័យ។
២) ធ្វើឲ្យមានកិច្ចសហប្រតិបត្តិការរួមលើការងារ
ការប្រតិបត្តិការការងារដែលជាគោលដៅរបស់បុគ្គលិកម្នាក់ៗ មិនគួរជាទំនូលខុសត្រូវរបស់បុគ្គលិកតែមួយគត់នោះឡើយ។ ផ្ទុយទៅវិញ វាគួរតែជាប្រតិបត្តិការការងាររួមគ្នារវាងអ្នក និង បុគ្គលិករបស់អ្នក។ ការអនុវត្តរួមលើគោលដៅការងារអាចធានាបានថា គោលដៅពិតជាដើរស្របទៅតាមបេសកកម្មរបស់ក្រុមហ៊ុន។ គោលដៅទាំងនោះត្រូវធ្វើឡើងដោយភាពច្បាស់លាស់ឆ្លើយតបទៅនឹងសំនួរ អ្នកណាខ្លះ? អ្វីទៅ? នៅពេលណា? នៅកន្លែងណា? ហេតុអ្វី? ជាដើម។
៣) ពិនិត្យឡើងវិញនូវគោលដៅដែលសម្រេចបានកន្លងមក
ដើម្បីរៀបចំគោលដៅដ៏ល្អមួយសម្រាប់អនាគត អ្នក និង បុគ្គលិករបស់អ្នកគួរតែ សម្លឹងមើលគោលដៅរបស់បុគ្គលិកនីមួយៗដែលសម្រេចបាននៅពេលកន្លងមក។ តើគោលដៅពីមុនជោគជ័យដោយរបៀបណា? តើគោលដៅនោះសម្រេចបានជោគជ័យដល់កម្រិតណា? នៅពេលដែលអ្នកបានដឹងពីគោលដៅអតីតកាល អ្នកនឹងអាចដឹងពីចំណុចខ្លាំង និង ចំណុចខ្សោយនៃគោលដៅនោះ ដើម្បីបំពេញចំណុចខ្វះខាត ហើយបង្កើតគោលដៅល្អមួយនាពេលខាងមុខ។
៤) បង្កើតផែនការជោគជ័យមួយឡើង
ការបង្កើតផែនការគោលដៅជោគជ័យ គឺជាផ្នែកមួយដ៏មានសារសំខាន់សម្រាប់ពិនិត្យមើលដំណើរការនៃការកំណត់គោលដៅនោះ។ ដើម្បីប្រាកដថា បុគ្គលិកបំពេញការងារយ៉ាងសកម្មឆ្ពោះទៅរកគោលដៅដែលបានកំណត់ អ្នកត្រូវកំណត់ពេលវេលាជាក់លាក់មួយអ្វីដែលពួកគេត្រូវធ្វើ ហើយបន្ទាប់មកបំបែកគោលដៅរយៈពេលវែងរបស់អ្នកឲ្យមកនូវជាបំណែកតូចៗ ព្រោះវាអាចធ្វើឲ្យបុគ្គលិកមិនស្មុគស្មាញច្រើនទៀតផង។ ឧទាហរណ៍ថា តើបុគ្គលិកនីមួយៗត្រូវធ្វើអ្វីនៅក្នុងខែនេះ? ត្រីមាសនេះ? ចុងឆ្នាំនេះ? ឬ ឆ្នាំក្រោយជាដើម? ទាំងនេះសុទ្ធតែជាវិធីសាស្ត្រដ៏ល្អ ធ្វើឲ្យបុគ្គលិកមានទំនូលខុសត្រូវរួមនៅក្នុងកិច្ចការអាជីវកម្មរបស់ក្រុមហ៊ុនទាំងមូល៕
0 comments:
Post a Comment