គ្រូដែលល្អឥតខ្ចោះ គ្មានឡើយនៅលោកយើងនេះ។ បើអ្នកមានគ្រូល្អ តែខ្លួនអ្នកប្រតិបត្តិមិនល្អ ជីវិតរបស់អ្នកក៏មិនល្អទៅតាមនោះដែរ។ ប៉ុន្តែអ្វីដែលសំខាន់នោះគឺខ្លួនអ្នកទេតើដែលត្រូវសួរខ្លួនឯងថា រាល់ថ្ងៃអ្នកបានធ្វើអ្វីខ្លះសម្រាប់ខ្លួនឯង?
នៅពេលដែលជីវិតរបស់អ្នកសាត់អណ្តែត ស្ថានភាពនេះហើយដែលទាមទារឲ្យអ្នកចេះគ្រប់គ្រងដំណើរជីវិតខ្លួនឯងឲ្យបានត្រឹមត្រូវ ជាពិសេសនោះគឺការធ្វើគ្រូដ៏ល្អសម្រាប់ខ្លួនឯង។ ហេតុផលនេះហើយដែលអ្នកត្រូវក្រើនរំលឹកខ្លួនឯងនូវចំណុចសំខាន់ៗចំនួន ៥ ខាងក្រោមនេះជារៀងរាល់ថ្ងៃ ដើម្បីសាបព្រោះជីវិតរបស់អ្នកឲ្យដុះពន្លកឡើងពោរពេញដោយការឲ្យតម្លៃ។
១) គិតថា ខ្លួនអ្នកពិតជាអស្ចារ្យ
ជាការពិតណាស់ អ្នកច្បាស់ជាធ្លាប់គិតយ៉ាងហោចណាស់ម្តងដែរពីភាពធុញទ្រាន់ក្នុងជីវិតរបស់អ្នក។ អ្នកអាចគិតថា មិនពេញចិត្តអ្វីដែលអ្នកមាននៅថ្ងៃនេះ ឬ ក៏មើលឃើញថា ជីវិតរបស់អ្នកនៅមិនទាន់ដល់គោលដៅអ្វីដែលអ្នកចង់បាន។ តែកុំប្រញាប់ពេក សាកសួរខ្លួនឯងបន្តិចសិនថា តើអ្នកជាមនុស្សអស្ចារ្យដែរឬទេ?
ការពិតទៅភាពអស្ចារ្យចំពោះអ្នកនៅទីនេះ មិនមានន័យថា អ្នកល្អជាងអ្នកដទៃ គ្រាន់បើជាងអ្នកដទៃនោះទេ តែវាជាការក្រើនរំលឹក និង ដាស់តឿនខ្លួនឯងឯង ដើម្បីឲ្យអ្នកសម្រេចបានភាពអស្ចារ្យជាច្រើនទៀតនៅក្នុងជីវិតរបស់អ្នក។
២) គិតថា ខ្លួនអ្នកអាចធ្វើអ្វីៗបាន
អ្នកច្បាស់ជាឆ្ងល់ហើយថា ហេតុអ្វីបានជាបុគ្គលមួយចំនួនជោគជ័យ ខណៈដែលបុគ្គលខ្លះទៀតបរាជ័យ? ពេលខ្លះ អ្នកថែមទាំងគិតថា ខ្លួនឯងមិនអាចធ្វើអ្វីបានតាមការចង់បានរបស់ខ្លួនទៀតផង នេះបានធ្វើឲ្យអ្នក អស់សង្ឃឹម និង តូចចិត្តនឹងឆាកជីវិតខ្លួនឯង។ ឈប់គិតពីបញ្ហានេះ ហើយចាប់ផ្តើមផ្លាស់ប្តូរខ្លួនអ្នក ងាកមកដាស់តឿនខ្លួនឯងវិញថា បើគេធ្វើបាន អ្នកក៏ត្រូវតែធ្វើឲ្យបានដែរ។
៣) គិតក្នុងផ្លូវវិជ្ជមានជានិច្ច
មិនខុសពីចំណុចទី២ ខាងលើ វាស្តាប់ទៅហាក់ដូចជាមិនសមទំនងសោះដែលអ្នកមិនទាន់បានធ្វើអ្វី មួយផង ស្រាប់តែទម្លាប់ទង់ជ័យចុះចាញ់ទៅហើយ។ តាមពិតទៅដូចព្រះពុទ្ឋទ្រង់បានមានបន្ទូលដូច្នេះថា៖« ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់»។
ហេតុដូច្នេះ ក្នុងកាលៈទេសៈណាក៏ដោយ បើអ្នកគិតក្នុងផ្លូវអវិជ្ជមាន លទ្ធផលនឹងអវិជ្ជមានទៅតាមនោះដែរ។ ម្ល៉ោះហើយនៅចាំអីទៀត កម្ចាត់ចោលទម្លាប់គិតដ៏ស្មុគស្មាញ ការខូចចិត្ត ភាពច្រណែនឈ្នានីស ភាពលោភលន់របស់អ្នកចេញទៅ ហើយងាកមកផ្លូវគំនិតជាវិជ្ជមានវិញទើបប្រសើរ។
៤) មោទនភាពនូវអ្វីដែលអ្នកមានក្នុងថ្ងៃនេះ
មានមនុស្សមួយចំនួនតូចចិត្តនឹងវាសនាដែលកើតមកជាអ្នកក្រ រស់នៅយ៉ាងវេទនា តែមិនខំរើបម្រាស់ចេញនោះឡើយ ខណៈមនុស្សមួយចំនួនទៀតរស់នៅយ៉ាងសុខសាន្តមិនសូវខ្វាយខ្វល់អ្វីនោះឡើយ។ មើលទៅឆាកជីវិតរបស់បុគ្គលទាំងពីរនេះខុសគ្នាដូចមេឃហើយនឹងដី។
លោក Bill Gates ធ្លាប់មានប្រសាសន៍ថា៖ « កើតមកក្រមិនមែនជាកំហុសរបស់អ្នកនោះទេ តែស្លាប់ទៅវិញហើយនៅតែក្រទើបជាកំហុសរបស់អ្នក»។
ផ្អែកលើសម្ដីរបស់មហាសេដ្ឋីរូបនេះ ទោះបីជាជីវិតរបស់អ្នកកើតមកក្នុងស្ថានភាពបែបណាក៏ដោយ អ្នកត្រូវតែទទួលយកវា និង មានមោទនភាពចំពោះវាជានិច្ច ហើយមានតែការខិតខំប្រឹងប្រែងតែប៉ុណ្ណោះដែលធ្វើឲ្យជីវិតរបស់អ្នកមានការផ្លាស់ប្ដូរ។ នេះនឹងធ្វើឲ្យអ្នកមានមោទនភាពជាងមុន និង យល់ថា ជីវិតរបស់អ្នកពិតជាមានតម្លៃពិតប្រាកដមែន។
៥) ត្រៀមខ្លួនដើម្បីឆក់យកភាពជោគជ័យឲ្យបាន
តើអ្នកបានត្រៀមខ្លួនរួចរាល់ហើយឬនៅ ដើម្បីចាប់យកភាពជោគជ័យក្នុងជីវិតរបស់អ្នក? បើនៅតើអ្វីខ្លះជាគោលដៅដែលអ្នកចង់ជោគជ័យ? ការងារ? ការសិក្សា? តំណែង? កេរ្តិ៍ឈ្មោះ? អ្នកជំនួញ? គ្រួសារដ៏មានសុភមង្គល?
ក្នុងចំណោមចំណុចទាំងនេះ អាចមានចំណុចមួយដែលអ្នកចង់បាន ហេតុដូច្នេះហើយ វាមិនមែនជាអ្វីដែលអ្នកត្រូវអែនអនដេករង់ចាំឱកាសចូលមកដល់នោះឡើយ ពោលគឺត្រូវចាប់ផ្តើមចេញពីខ្លួនអ្នក។ មានតែអ្នកប៉ុណ្ណោះដែលអាចស្រវាចាប់យកឱកាសឲ្យខ្លួនឯងបាន និង បង្កើតឱកាសឲ្យខ្លួនឯង ដើម្បីមានជ័យជំនះសម្រេចតាមបំណងប្រាថ្នារបស់អ្នកពិតប្រាកដ៕
0 comments:
Post a Comment