លោក Jim Walton គឺជាកូនប្រុសពៅរបស់លោក Sam Walton ដែលជាស្ថាបនិកក្រុមហ៊ុនលក់រាយដ៏ធំមួយមានឈ្មោះថា Walmart ដោយពេលបច្ចុប្បន្នលោកជានាយកប្រតិបត្តិនិងជាប្រធានរបស់ក្រុមហ៊ុន Arvest Bank Group, Inc។ សព្វថ្ងៃលោក Jim ជាមហាសេដ្ឋីមួយរបស់របស់ពិភពលោក ដោយលោកបានឈរនៅចំណាត់ថ្នាក់លេខ ៩ ជាមួយនឹងទ្រព្យសម្បត្តិ ៤០,៦ ពាន់លានដុល្លារនេះបើយោងតាមទស្សនាវដ្តី Forbes។ ដូច្នេះតើលោក Jim មានប្រវត្តិយ៉ាងដូចម្តេចខ្លះទើបធ្វើឲ្យលោកក្លាយជាមហាសេដ្ឋីកំពូលមួយរូបរបស់ពិភពលោក។
លោក Jim Walton កើតនៅថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ១៩៤៨ នៅក្នុងទីក្រុង Bentonville រដ្ឋ Aransas សហរដ្ឋអាមេរិក ដោយលោកជាកូនទីបីក្នុងគ្រួសារ។ លោក Jim បានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យពីសាលា Bentonville High School ក្នុងឆ្នាំ ១៩៦៥ ។ លោក Jim បានទទួលសញ្ញាប័ត្រថ្នាក់បរិញ្ញា ជំនាញគ្រប់គ្រងពាណិជ្ជកម្ម និងថ្នាក់បរិញ្ញាបត្រជំនាញទីផ្សារ ពីសាកលវិទ្យាល័យ University of Arkansas ក្នុងឆ្នាំ ១៩៧១។
មួយឆ្នាំក្រោយការបញ្ចប់ការសិក្សាលោក Jim បានចូលរួមជាមួយក្រុមហ៊ុនឪពុករបស់លោក Wal-Mart ដែលលោកទទួលបន្ទុកខាងកិច្ចការងារអចលនទ្រព្យអស់រយៈពេល៤ ឆ្នាំលោកក៏សម្រេចចិត្តចាក់ចេញពីក្រុមហ៊ុន ហើយបានបើកក្រុមហ៊ុនខ្លួនឯងមានឈ្មោះថា Walton Enterprises ដោយលោកជាប្រធាននៅក្នុងឆ្នាំ ១៩៧៥។ មកដល់ខែកញ្ញាឆ្នាំ ២០០៥ លោក Jim Walton បានទៅជំនួសដំណែងបងប្រុសរបស់លោក John Walton ក្នុងនាមជាគណៈគ្រប់គ្រងក្រុមហ៊ុន Wal-Mart ដែលនៅពេលនោះលោកជាអ្នករៀបចំផែនការយុទ្ធសាស្ត្រ និង ជាគណៈកម្មការហិរញ្ញវត្ថុ។
ក្នុងពេលដំណាលគ្នាជាគណៈគ្រប់គ្រងនៅ Wal-Mart លោក Jim Walton ក៏ជានាយកប្រតិបត្តិក្រុមហ៊ុនដែលជាកម្មសិទ្ធិលោកផ្ទាល់ផងដែរគឺ Arvest Bank ដែលមានទីតាំង ២៦០ កន្លែងនៅក្នុងសហគមន៍ចំនួន ១០០ នៅក្នុងរដ្ឋ Oklahoma, Missouri និង រដ្ឋ Arkansas។ មកដល់ឆ្នាំ២០១៣ លោក Jim ទទួលបានជោគជ័យមួយទៀតជាមួយនិងធនាគារ Bank of America ដោយបានទិញសាខាទី២៩ របស់ធនាគារមួយនេះមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន។
0 comments:
Post a Comment